ក្រុមហ៊ុន​មួយ គ្រោង​បោះទុន​៥០​លាន​ដុល្លារ សាងសង់​ព្រលានយន្តហោះ​នៅ​ក្រុង​ប៉ោយប៉ែត​ឆ្នាំ​២០២០
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​មួយ គ្រោង​បោះទុន​៥០​លាន​ដុល្លារ សាងសង់​ព្រលានយន្តហោះ​នៅ​ក្រុង​ប៉ោយប៉ែត​ឆ្នាំ​២០២០
23, Oct 2018 , 8:19 pm        
រូបភាព
​បន្ទាយមានជ័យ​៖ គម្រោង​ព្រលានយន្តហោះ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ផ្អាក​កាលពី​ឆ្នាំ​២០០៨ នឹង​អាច ដំណើរការ​ឡើងវិញ ខណៈ​តំបន់​នេះ​កាន់តែ​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​។​

 
​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក PoiPet Airport Investment ជា​អ្នកវិនិយោគ​គម្រោង​សាងសង់​បន្ត​មួយ​នេះ ដែល​នឹង​បោះទុន​ប្រហែល ៥០​លាន​ដុល្លារ​អាមេរិក​។ លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា  គម្រោង​នេះ​បច្ចុប្បន្ន កំពុងស្ថិត​ក្នុងការ​សិក្សា​ឡើងវិញ ហើយ​គ្រោង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០២០ និង​បញ្ចប់​ក្នុងអំឡុង​៣​ទៅ​៥​ឆ្នាំ​។ 
 
​រដ្ឋាភិបាល​គ្មាន​ទិសដៅ​ស្ថាបនា​ព្រលាន​យន្ត​នៅ​បន្ទាយមានជ័យ​នេះឡើយ តែ​នេះ​ជាការ​សម្លឹង​ឃើញ​ឱកាស​របស់​វិស័យ​ឯកជន​ដោយផ្ទាល់​។ លោក ចាន់​សេរី​វុត្ថា​ថ្លែង​ដូច្នេះ​ថ​៖«​រដ្ឋាភិបាល​គ្មាន​ផែនការ​សាងសង់​អាកាស​យានដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត​ទេ ប៉ុន្តែ​ដោយសារ​វិស័យ​ឯកជន​មើលឃើញ​ពី​សក្ដានុពល ហើយ​គេ​មកសុំ​ច្បាប់​សាងសង់ យើង​ក៏​យល់ព្រម​»​។​
 
​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​អះអាងថា​នឹង​សាងសង់​លើ​ផ្ទៃដី​ជាង ១០០​ហិកតា​។ បើតាម​អ្នកនាំពាក្យ SSCA ខាងលើនេះ ព្រលាន​នេះ​អាច​ទទួល​ការ​ចុះចត​តែ​សម្រាប់​យន្តហោះ​ក្នុងស្រុក​ប៉ុណ្ណោះ​។ 
 
​ការប្រកាស​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ ធ្វើឡើង​ខណៈ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ និង​វិនិយោគិន ពិសេស​ជនជាតិ​ចិន​។ លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា វត្តមាន​ជនជាតិ​ចិន​កំពុង​ប្រែក្លាយ​ប៉ោយប៉ែត​ទៅជា​តំបន់​សក្ដានុពល​មួយ​បន្ទាប់ពី​ក្រុងព្រះសីហនុ​។ លោក​ថា ជនជាតិ​ដែល​ដើរ​ទេសចរ និង​រកស៊ី​នៅ​ប៉ោយប៉ែត​មាន​ចំនួន​សរុប​ជាង ២​ម៉ឺន​នាក់​៕
 

Tag:
 ព្រលានយន្តហោះ​
  ប៉ោយប៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com