កម្ពុជា​ត្រូវ​ពង្រឹង SME របស់ខ្លួន ៤​ចំណុច ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ត្រូវ​ពង្រឹង SME របស់ខ្លួន ៤​ចំណុច ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​
23, Oct 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងប្រទេស​កម្ពុជា ត្រូវ​ពង្រឹង​លើ​ចំណុច​ចំនួន ៤​សំខាន់ៗ ដើម្បី​ពង្រីក​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។ កត្តា​ទាំង​៤​នោះ រួមមាន ការពង្រឹង​សមត្ថភាព គុណភាព ការផ្ដល់​ប្រភព​ទុន និង​មាន​ទីផ្សារ​ច្បាស់លាស់​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២២​ខែតុលា​នៅ​ប្រទេស​ស្វី​ស​។

 
​អ្នកស្រី អា​រ៉ា​ន់​ឆា ហ្គ្យុ​ង​ហ្សា​ឡែ​ស (Arancha Gongalez) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បានលើកឡើង​ថា ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ឲ្យ​កាន់តែ​រឹងមាំ កម្ពុជា​ត្រូវ​គិតដល់​កត្តា​ចំនួន​៤​ចម្បង​។  អ្នកស្រី​ថ្លែងថា កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ឲ្យ SME មាន​សមត្ថភាព​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន  ផលិត​ទំនិញ​មាន​គុណភាព​ដើម្បី​នាំចេញ  និង​ទទួលបាន​ប្រភព​ទុន ព្រមទាំង​ត្រូវមាន​ទីផ្សារ​ពិតប្រាកដ​សម្រាប់ SME ។​


 
​កម្ពុជា​ពិត​ជាមាន​សមត្ថភាព​ច្រើន ក្នុង​ការកសាង និង​ពង្រីក​នូវ​សក្តានុពល​របស់ខ្លួន ដើម្បី​ពង្រីង​សមត្ថភាព​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ប្រកបដោយ​ភាពរឹងមាំ ពិសេស​ការជួយ​ដល់ SME ដែលជា​ចលករ​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ក្លា​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី​អា​រ៉ា​ន់​ឆា ហ្គ្យុ​ង​ហ្សា​ឡែ​ស​។ អ្នកស្រី​បន្ថែមថា នៅ​ខែវិច្ឆិកា​ខាងមុខនេះ អ្នកស្រី​នឹងធ្វើ​អង្កេត​ពី​កា​ប្រឈម​របស់ SME ក្នុងប្រទេស​កម្ពុជា ដើម្បី​រិះរក​វិធីសាស្ត្រ​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​។​
 
​ជាមួយគ្នានេះ សម្ដេចនាយក​រដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល​កំពុងតែ​ធ្វើ​គ្រប់​វិធី​ក្នុងការ​ជំរុញ​ដំណើរការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឲ្យ​កាន់តែ​រីកចម្រើន និង​មានលទ្ធភាព​ច្រើនជាង​មុន ពិសេស​លើ​ផ្នែក​ទីផ្សារ និង​ប្រភព​ទុន​។  សម្ដេច ហ៊ុន សែន លើកឡើង​ដូចនេះ​ថា​៖«​កន្លងមក​សម្តេច​បាន​ចូលរួម​ដល់​ការលើកកម្ពស់​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម​នេះ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ធ្វើយ៉ាងណា​ជំរុញ​កំណើន​ក្នុង​វិស័យ​នោះ​ឲ្យ​កាន់តែ​រឹងមាំ​»​។​
 
​លោក តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា  ធ្លាប់​លើកឡើងថា  SME របស់​កម្ពុជា អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រប់គ្រាន់ ខណៈ​សហគ្រាស​មួយចំនួន កំពុង​ចុះបញ្ជី​ទទួលស្គាល់​កម្រិតស្ដង់ដា​រ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។ លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​បរទេស​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា និង​ជួយ​រក​ទីផ្សារ​បន្ថែមទៀត​ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានការ​រីកចម្រើន​៕
 
​ 

Tag:
 SME
© រក្សាសិទ្ធិដោយ thmeythmey.com