កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho មិន​ចាប់អារម្មណ៍ Real Madrid ព្រោះ​ចង់​បន្ត​កិច្ចសន្យា​នៅ Man Utd
24, Oct 2018 , 7:59 am        
រូបភាព
​លោក Jose Mourinho បាន​ច្រានចោល​ព័ត៌មាន​ដែលថា​ខ្លួន​កំពុង​ពិចារណា​វិលត្រឡប់​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid វិញ កាលពី​ទី ២២ ខែតុលា ។ អម​នឹង​ការបដិសេធ​ព័ត៌មាន​នេះ លោក Mourinho បាន​បញ្ជាក់ថា លោក​ចង់​បន្ត​កិច្ចសន្យា​បន្ថែមទៀត ដើម្បី​ដឹកនាំ​ក្រុម Manchester United ឲ្យ​បានយូរ​អង្វែង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​


 
​អ្នកចាត់ការ​ទូទៅ Real Madrid បច្ចុប្បន្ន​លោក Julen Lopetegui កំពុងស្ថិត​ក្រោម​សម្ពាធ​ធ្ងន់ធ្ងរ​បន្ទាប់ពី​ដឹកនាំ​ក្រុម​បរាជ័យ​ជាច្រើនលើក ដោយ​ទទួលបាន​១៤​ពិន្ទុ ក្នុងចំណោម​៩​ប្រកួត ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៧ នៅ La Liga​។ លទ្ធផល​មិន​គាប់ប្រសើរ​នេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា លោក Mourinho ដែល​កំពុង​យ៉ាប់យ៉ឺន​ក្នុងការ​ដឹកនាំ Man Utd បាន​ចាប់អារម្មណ៍​ការងារ​នេះ ប្រសិនបើ​លោក Lopetegui ពិតជា​ត្រូវ​បញ្ចប់​តំណែង​មែន​នោះ​។
​កិច្ចសន្យា​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ទឹកដី Old Trafford នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ក៏​កំពុងស្ថិត​ក្រោម​សម្ពាធ​ផងដែរ បន្ទាប់ពី​ដឹកនាំ​បិសាច​ក្រហម បាន​ត្រឹម​ចំណាត់ថ្នាក់​ទី ១០ នៅក្នុង​តារាង Premier League ក្រោយពី​ការប្រកួត​ចំនួន​៩​លើក មាន​១៤​ពិន្ទុ​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី លោក Mourinho បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​ពានរង្វាន់ UEFA Champions League រវាង Man Utd និង Juventus នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​ថា​៖«​អនាគត​របស់ខ្ញុំ​គឺ​នៅទីនេះ​។ ខ្ញុំ​នៅមាន​កិច្ចសន្យា​នៅទីនេះ ហើយ​ខ្ញុំ​គិតតែ​ពី​ក្រុម Manchester United តែមួយ​មុខ​ប៉ុណ្ណោះ​។ ខ្ញុំ​សប្បាយរីករាយ​នឹង​ស្នាក់​នៅទីនេះ​បន្តទៀត​បន្ទាប់ពី​កិច្ចសន្យា​របស់ខ្ញុំ​បញ្ចប់​»​។ 


 លោក Mourinho កាលនៅដឹកនាំ Real Madrid
 
​អ្នកចាត់ការ​រហស្សនាម Special One ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ស្តេច​ស​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​២០១៣ ក៏បាន​បញ្ចាក់​ប្រាប់​ផងដែរ​ថា ក្រុម​របស់លោក នឹង​បាត់បង់​កីឡាករ​សំខាន់​៦​រូប​សម្រាប់​ការប្រកួត​នៅ​ទឹកដី Old Trafford យប់​នេះ ដោយ​ក្នុងនោះ​រួមមាន Alexis Sanchez, Marouane Fellaini, Jesse Lingard, Diogo Dalot, Scott McTominay និង Phil Jones​។​
 
Man United ដែល​ស្ថិតក្នុង​ពូ​ល H ជាមួយ Juventus Valencia និង Young Boys រកបាន​៤​ពិន្ទុ​ពី​ការប្រកួត​២​លើក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ តាម​ពីក្រោយ Juventus ដែលមាន​៩​ពិន្ទុ​ពេញ​៕
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com