កីឡាជាតិ
ជាតិ
ប្រធាន​សហព័ន្ធ​រំពឹង​ល្បុក្កតោ​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត​កីឡា​យុទ្ធសិល្ប៍​នៅ​កូរ៉េ​
24, Oct 2018 , 8:39 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នឹង​បញ្ជូន​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​ចំនួន​៨​រូប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ (International Martial Art) នៅ​សាធារណរដ្ឋ​កូរ៉េ នា​ចុងខែ​តុលា​នេះ​។ លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ ដែល​បានផ្តល់​ថវិកា​៥​ពាន់​ដុល្លារ​ក្នុងការ​ចំណាយ​លើ​ថ្ងៃ​សំបុត្រ​យន្តហោះ​និង​ប្រាក់​ហោប៉ៅ​កីឡាករ​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ព្រឹត្តិការណ៍ ដែលមាន​ប្រទេស​ជាង​២០​ចូលរួម​មួយ​នេះ​។​

 
​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​រំពឹងថា អត្ត​ព​លិ​ក​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នៅ​លើក​នេះ​។ ការរំពឹង​បែបនេះ ដោយសារ លោក ជឿជាក់ថា អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់​នឹង​ទទួលបាន​ការការពារ និង​ផ្តល់​កម្លាំងចិត្ត​ពី​ដូនតា ព្រោះ​ក្បាច់គុន​នេះ​ជា​ក្បាច់គុន​របស់​ដូនតា​ខ្មែរ​។ 


 
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ កាលពី​ថ្ងៃទី​២២ ខែតុលា លោក ច័ន្ទ សារុន បាន​រៀបរាប់ថា​៖«​គុន​ល្បុក្កតោ​ជា​ក្បាច់​របស់​ដូនតា ដូច្នេះ​កីឡាករ​យើង​កុំ​មាន​ភ័យខ្លាច​ឲ្យ​សោះ ព្រោះ​យើង​មាន​ដូនតា​ចាំ​ជួយ​ថែរក្សា និង​ការពារ​យើង​។ ខ្ញុំ​រំពឹង​កីឡាករ​ទាំងអស់​នឹង​ទទួលបាន​លទ្ធផល​នៅ​លើក​នេះ​»​។​
 
​ទោះបី​យ៉ាងនេះ​ក្តី​ប្រធាន​សហព័ន្ធ​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់ និង​ផ្តោតអារម្មណ៍​លើ​ការប្រកួត​ឲ្យ​បានល្អ ពិសេស​តាំងចិត្ត​ឲ្យ​មុតមាំ កុំ​ភ័យខ្លាច និង​គិត​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។ បន្ថែម​លើ​នេះ ត្រូវ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អ​ណាមួយ ដើម្បី​លើកមុខ​មាត់ និង​កិត្តិយស​ជាតិ​។    
 
​សម្រាប់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ ការចូលរួម​ព្រឹត្តិការណ៍​នេះ មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ ព្រោះ​មាន​កីឡាករ​មកពី​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ចូលរួម​។ ម្យ៉ាងទៀត វា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ពី​កីឡា អត្តសញ្ញាណ​ជាតិ​មួយ​នេះ ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​។ មួយវិញទៀត វា​ការបើកផ្លូវ​សម្រាប់​គុន​ល្បុក្កតោ ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្គូ​។   
 
«​កម្មវិធី​នឹង​ពិសេស​មែនទែន​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​យើង កាលណា​យើង​បាន​ចូលរួម គឺ​ទទួលបាន​ផលប្រយោជន៍​ច្រើន គឺ​យើង​បានបង្ហាញ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​ឲ្យ​ពិភពលោក​ស្គាល់ ព្រោះ​ទាំង​ប្រជាជន​កូរ៉េ និង​ប្រទេស​ជាច្រើន​ដែលមាន​ក្បាច់គុន​អត្តសញ្ញាណ នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ួ តារា ដែល​បាន​បន្ថែមថា លោក​រំ​ពឺ​ង​លើ​វិញ្ញាសា​សមយុទ្ធ​គូ​បុរស គូ​នារី និង​ក្រុម​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​នៅ​លើក​នេះ​។  


 
​សម្រាប់​ការប្រកួត​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​ចំនួន​៨​រូប​ឲ្យ​ចូលរួម រួមមាន​លោក អ៊ួ តារា​(​ប្រធាន​ប្រតិភូ​), លោក អ៊ុង ដា​រិ​ទ្ធ​(​គ្រូបង្វឹក​), កីឡាករ វិ តារា​, សយ ផាន់​និ​ច​, ឌឹ​ម ង៉ែត​, គឹម ទិ​ត្យ​សុ​វឌ្ឍនៈ​, កីឡាការិនី យស់ សញ្ច​ណា និង ស៊ិន សៀវ​សៀន​។ ពួកគេ​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​៦​វិញ្ញាសា​។ 
 
​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​ចំណាយ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ប្រាក់​ហោប៉ៅ​របស់​កីឡាករ​។ លោក អ៊ួ តារា ជឿជាក់ថា បើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​ប្រធាន​សហព័ន្ធ ការចូលរួម​លើក​នេះ​ក៏​មិនអាច​ដំណើរការបាន​នោះដែរ​។  
 
​កម្ពុជា​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​៣​លើក​រួចមកហើយ​នៅ​ឆ្នាំ​២០១៣, ២០១៥ និង​២០១៦ និង​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ចំនួន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៣ និង​២០១៦​។  ប៉ុន្តែ​ដោយសារ​បញ្ហា​ខ្វះខាត​ថវិកា ធ្វើ​ឲ្យ​កម្ពុជា​អវត្តមាន​ពីរលើក​នៅ​ឆ្នាំ​២០១៧ និង​២០១៤ សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ​។​
 
​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នេះ រៀបចំ​ដោយ​សហភាព​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ពិភពលោក World Martial Art Union ដែលមាន​ប្រទេស​ជាង​២០​ជា​សមាជិក​ចូលរួម​។ ការប្រកួត​នេះ ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៦-២៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ិន​ឆន ប្រទេស​កូរ៉េខាងត្បូង​។ ប្រតិភូ​កីឡា​កម្ពុជា​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨៕   





Tag:
 គុន​ល្បុក្កតោ​
  ច័ន្ទ សារុន​
  International Martial Art
© រក្សាសិទ្ធិដោយ thmeythmey.com