ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ កូនខ្ញុំ អាចធ្វើជាមេដឹកនាំកម្ពុជាឬក៏អត់នោះ ខ្ញុំមិនដឹងទេ រូបពី AFP
× ភ្នំពេញ៖ ការនិយាយតៗគ្នា និង ការចុះផ្សាយរបស់សារព័ត៌មាននានាថា លោក ហ៊ុន ម៉ាណែត អាចក្លាយជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្តេច ហ៊ុន សែន ដែលបានកាន់តំណែងនេះរាប់ទសវត្សរ៍មកហើយនោះ ត្រូវតែបង្ខំចិត្តចេញមកបំភ្លឺ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មេដឹកនាំកម្ពុជា បានសម្តែងការហួសចិត្តនឹងពាក្យចចាមអារ៉ាម និង ការចុះផ្សាយព័ត៌មានបែបនេះ ហើយក៏បកស្រាយថា បច្ចុប្បន្ន គ្មានសញ្ញាណាមួយ ដែលបង្ហាញពីការរុញកូនរបស់ខ្លួន ឲ្យធ្វើជានាយករដ្ឋមន្ត្រីឡើយ។ នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«បើឪ កំពុងតែធ្វើហើយ កូនមកដណ្តើមធ្វើអី។ និយាយមក អត់សមហេតុផល»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តទៀតថា លោក ហ៊ុន ម៉ាណែត អាចក្លាយនាយករដ្ឋមន្ត្រី ឬក៏អត់នោះ គឺពឹងផ្អែកលើសមត្ថភាពរបស់លោកផ្ទាល់ និង អាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋ ដ្បិតកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យ។ ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់បែបនេះថា៖«ខ្ញុំមិនដឹងថាភ័ព្វវាសនាកូនប្រុសរបស់ខ្ញុំ យ៉ាងម៉េចទេ។ ប្រទេសយើង គឺប្រជាធិបតេយ្យ បើគេមានលទ្ធភាពជាប់ឆ្នោត ឲ្យគេធ្វើទៅ»។
បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី កំពុងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក និងមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ លោក នៅមានតំណែងសំខាន់ៗផ្សេងទៀត ដូចជា តំណែងជាមេបញ្ជាការរងនៃកងអង្គរក្ស និងតំណែងជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាដើម។
បន្ទាប់ពីបកស្រាយពីរឿងលោក ហ៊ុន ម៉ាណែត រួចហើយ សម្តេច ហ៊ុន សែន ក៏ឆ្លៀតនិយាយបន្តិចពីវប្បធម៌នៅក្នុងគណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សកាន់អំណាចរូបនេះ ប្រាប់សាធារណជនថា នៅក្នុងគណបក្សរបស់ខ្លួន គ្មានការប្រជែងគ្នាយកតំណែងនាយករដ្ឋមន្ត្រីនោះទេ៕
Tag:
ហ៊ុន សែន
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com