កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សារភាពថា Man Utd មាន​កម្រិត​ទាប​ជាង​ក្រុម​កំពូល​នៅ​អឺរ៉ុប​ឆ្ងាយ​ណាស់​
24, Oct 2018 , 2:20 pm        
រូបភាព
Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United ទទួលស្គាល់ថា សម្ថ​ភាព​ក្រុម​របស់លោក​នៅមានកម្រិត​ទាប​ណាស់​បើ​ធៀប​នឹង​ក្រុម​កំពូល​នៅ​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​។ លោក​លើកឡើង​បែបនេះ​បន្ទាប់ពី Man Utd បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង Juventus ក្នុង​លទ្ធផល ១-០ ពានរង្វាន់ Champions League​។​


 
​បើតាម​ការផ្សាយ​របស់ DailyMail អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លើកឡើងថា​ក្លិប Man United ត្រូវតែ​ផ្តល់ប្រាក់​បន្ថែមទៀត​ដើម្បី​នាំយក​កីឡាករ​ដែលមាន​ទេពកោសល្យ​មក​ពង្រឹង​ក្រុម ប្រសិនបើ​ចង់​ប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា Manchester City, Juventus, Real Madrid និង Barcelona ជាដើម​នោះ​។​


 
«​យើង​នឹងត្រូវ​តទល់​នឹង​គូប្រជែង​ដ៏​ធំ​ជាច្រើន​ដើម្បី​ឈ្នះ​ពាន Champions League ហើយ​យើង​បានធ្វើ​ល្អ​បំផុត​ហើយ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ចាប់តាំងពី​ការចាប់​ឆ្នោត​រើស​ពូ​លម​ក យើង​ដឹងថា​យើង​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ Valencia ដើម្បី​ដណ្តើម​តំណែង​ចំណាត់ថ្នាក់​ទី ២​ប៉ុណ្ណោះ​ក្នុង​ពូ​ល​នេះ​។ យើង​នៅមានកម្រិត​ឆ្ងាយ​បន្តិច​ជាមួយនឹង Juventus»​។ Mourinho បាន​សារភាព​ដូច្នេះ មានន័យថា​លោក​បានដឹង​ពីស​ម្ថ​ភាព​របស់​កូនក្រុម​ដែល​មិនអាច​ប្រជែង​យក​ចំណាត់​លេខ​១​ក្នុង​ពូ​ល H ជាមួយ Juventus រួចទៅហើយ​។​
 
Special One បន្ថែមទៀតថា Juventus បានឈ្នះ​ពានរង្វាន់​ក្របខណ្ឌ Serie A ៧​រដូវ​កាល​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១១​មក និង​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដល់​ទៅ ២​ដង​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ តែ​ពួកគេ​នៅតែ​មិន​សប្បាយ​ចិត្តនឹង​អ្វីដែល​ពួកគេ​មាន​។​
 
«​ពួកគេ​ចង់បាន​ច្រើនជាង​នេះ​។ ពួកគេ​ចង់បាន​កីឡាករ Cristiano Ronaldo ពួកគេ​អាចយ​កបាន ចង់បាន​កីឡាករ Leonardo Bonucci ដែល​សុទ្ធតែជា​កីឡាករ​ល្អ​បំផុត​លើ​លោក​។ ពួកគេ​ជា​ក្លិប​ដ៏​ធំ ហើយ​ដើម្បី​បំពេញ​បំណងប្រាថ្នា ពួកគេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​មិន​ត្រឹមតែ​ឈ្នះ Champions League នោះទេ គឺ​ពួកគេ​ចង់បាន​ពាន​ដល់​ទៅ​៣​ក្នុង​១​រដូវ​កាល​»​។ 
 
​សូមបញ្ជាក់ថា Mourinho បាន​ចំណាយ​ប្រាក់​លើសពី ៥៥០​លាន​ផោន (៧១៤​លាន​ដុល្លារ​អាមេរិក​) រួចទៅហើយ ចាប់តាំងពី​ឡើង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ក្នុង​ឆ្នាំ​២០១៦​មក​។​
 
​សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ Man Utd ទទួលលទ្ធផល​មិន​គាប់ប្រសើរ​នោះទេ ដោយ​រក​បានតែ​១៤​ពិន្ទុ​ប៉ុណ្ណោះ ក្នុងចំណោម​៩​ប្រកួត ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១០​បណ្តោះអាសន្ន ក្នុង​តារាង Premier League៕

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com