លោក Leonardo Vitorino ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​
កីឡាជាតិ
ជាតិ
លោក Leonardo Vitorino ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​
24, Oct 2018 , 2:43 pm        
រូបភាព
​លោក Leonardo Vitorino ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជំនួស​គ្រូបង្វឹក​អង់គ្លេស​លោក Sean Sainbury ដែល​បាន​ចែកផ្លូវ​គ្នា​កាលពីដើម​ខែតុលា កន្លងទៅ​។ សម្រាប់​តួនាទី​នេះ លោក Leonardo ត្រូវ​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។​

 
​ក្រោយ​ចប់​កិច្ចសន្យា​ជា​នាយក​បច្ចេកទេស​ជាមួយ​ក្លិប Ceará Sporting Club របស់​ប្រេ​ស៊ី​ល អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino ត្រូវ​បានតែ​តាំង​ឲ្យ​ដឹកនាំ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក្រោម​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​២​របស់លោក Leonardo នៅ​កម្ពុជា​។​ ចំណែកលោក ស៊ុម វណ្ណា ជាគ្រូជំនួយក្លិបភ្នំពេញក្រោននេះ។
 
​លោក Leonardo ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នៅ​ខែមីនា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ប្រមាណ​៨​ខែ លោក ត្រូវបាន​សហព័ន្ធ​សម្រេច​បញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់​នៅ​ខែតុលា ឆ្នាំ​២០១៧ ក្រោយ​ដឹកនាំ​ក្រុម​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​។ ក្រោយ​ចប់​កិច្ចសន្យា​នៅ​កម្ពុជា​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយក​បច្ចេកទេស​នៅ​ក្លិប Ceará Sporting Club របស់​ប្រេ​ស៊ី​ល​នៅ​ឆ្នាំ​២០១៨​។​
 
​មុន​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំ​រូបនេះ ធ្លាប់​ដឹកនាំ​ក្លិប Lanexang United របស់​ឡាវ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ដឹកនាំ​ក្រុម Buriram United B នៅ​ឆ្នាំ​២០១៥​។ ក្រៅពីនេះ គ្រូបង្វឹក​ដែល​ជោគជាំ​ដោយ​បទពិសោធ​ដឹកនាំ​រូបនេះ ធ្លាប់​ដឹកនាំ​ក្លិប​នៅ​ប្រេ​ស៊ី​ល សហរដ្ឋអាមេរិក ហ្គា​តា និង​អង់​ហ្គោ​ឡា​ជាដើម​។ 
 
​គួររំលឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ​ក្រោយ​ចប់​កិច្ចសន្យា​ជា​នាយក​បច្ចេកទេស​ជាមួយ​ក្លិប Ceará Sporting Club របស់​ប្រេ​ស៊ី​ល លោក Leonardo Vitorino បានប្រកាសថា លោក​នឹង​មក​ប្រកប​អាជីព​នៅ​តំបន់​អាស៊ី​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ក្លិប ដែល​លោក នឹងត្រូវ​មក​ដឹកនាំ​នោះទេ​៕

Tag:
 ​បាល់ទាត់​
  Leonardo Vitorino
  ភ្នំពេញ​ក្រោ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com