ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ទីធ្លា​មុខផ្ទះ​ល្វែង​អ្នកស្រី ណា​រ៉ុ​ន ក្លាយជា​សួន​បន្លែ​ធម្មជាតិ ដែល​អាច​រកចំណូលបាន​ច្រើន​
24, Oct 2018 , 3:27 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ម្លិះ ណា​រ៉ុ​ន បាន​ដាំ​បន្លែ​នៅមុខ​ផ្ទះ​សម្រាប់​ហូប និង​លក់​។ អ្នកស្រី ណា​រ៉ុ​ន បាន​ពង្រីក​ការដាំ​ដំណាំ​កាន់តែច្រើន ដោយសារ​តែមាន​អតិថិជន​ចាប់អារម្មណ៍ និង​បញ្ជា​ទិញ​បន្លែ​ដែល​គ្មាន​ជាតិគីមី​ពី​អ្នកស្រី​កាន់តែច្រើន​។ ក្នុង​១​ខែ អ្នកស្រី​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ ១០០​ដុល្លារ​។​



​នៅមុខ​ផ្ទះ​២​ល្វែង ដែល​ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​ក្លាយជា​កន្លែង​ដាំ​បន្លែ​ធម្មជាតិ​របស់​អ្នកស្រី ម្លិះ ណា​រ៉ុ​ន​។ មាន​វ័យ ៦០​ឆ្នាំ អ្នកស្រី ណា​រ៉ុ​ន បានចាប់ផ្ដើម​ដាំ​បន្លែ​សម្រាប់​ហូប​ប៉ុណ្ណោះ ប៉ុន្តែ អ្នកធ្វើដំណើរ​តាមផ្លូវ​កាត់មុខ​ផ្ទះ​រប​ស់​អ្នកស្រី ចាប់អារម្មណ៍​នឹង​បន្លែ​ទាំងនោះ​កាន់តែច្រើន ទើប​ធ្វើ​ឲ្យ​អ្នកស្រី​មានគំនិត​ពង្រីក​ការដាំ​កាន់តែច្រើន​សម្រាប់​លក់​។

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចខាងក្រោម​៖ 



បន្លែ​ដែល​អ្នកស្រី​ដាំ​ជារួម​មាន​៖ សាឡាត​, ខាត់ណា​, ស្ពៃខៀវ​, ស្ពៃចង្កឹះ​, ត្រកួន​ចិន​, ពោត​បារាំង​, គល់​ស្លឹកគ្រៃ និង​ផ្ទី​ជាដើម​។ ក្រៅពី​ទុក​សម្រាប់​ទទួលទាននៅក្នុង​គ្រួសារ អ្នកស្រី​អាច​រកចំណូលបាន ១០០​ដុល្លារ​ក្នុង​មួយខែ ពី​របរ​ដាំ​បន្លែ​ធម្មជាតិ​នេះ​។​
 
​អ្នកស្រី ណា​រ៉ុ​ន បាន​ប្រាប់ ThmeyThmey25 ឲ្យ​ដឹង​ពី​មូល​ហេតុដែល​អ្នកស្រី​ដាំ​បន្លែ​នៅ​ទីធ្លា​មុខផ្ទះ​ល្វែង​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​តាមពិតទៅ​មកពី​ការស្រលាញ់ ហើយ​ទំនេរ​ផង​។ ម្យ៉ាងទៀត ដោយសារ​បន្លែ​នៅ​ផ្សារ​មាន​ជាតិគីមី ទើប​ខ្ញុំ​សម្រេចចិត្ត​ដាំ​បន្លែ​ទាំងនេះ​ដើម្បី​ហូប​។ ក្រៅពី​ដាំ​ហូប ខ្ញុំ​ក៏​អាច​លក់​បន្លែ​ដែល​បាន​ដាំ​នេះ​ផងដែរ​»​។ សួន​បន្លែ​ធម្មជាតិ​នៅមុខ​ផ្ទះ​២​ល្វែង​នា​រាជធានី​ភ្នំពេញ​របស់​ស្ត្រី​វ័យ​៦០​ឆ្នាំ​រូបនេះ ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​អតិថិជន​របស់​អ្នកស្រី​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​ធូរធារ​។​
 
​ស្ត្រី​មេម៉ាយ​រូបនេះ បញ្ជាក់ថា មិន​ហត់នឿយ​ក្នុង​ការដាំ​បន្លែ​នេះ​ទេ ហើយ​វា​ជួយ​ដល់​សុខភាព​ផងដែរ​។ ក្រៅពី​លក់​បន្លែ អ្នកស្រី ម្លិះ ណា​រ៉ុ​ន ក៏មាន​លក់​គ្រាប់ពូជ​ផងដែរ​។ ការប្រកប​របរ​បែបនេះ បានធ្វើឱ្យ​ជីវភាព​របស់​អ្នកស្រី​កាន់តែ​ប្រើ​សើរ​ជាង​មុន​។ 

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

© រក្សាសិទ្ធិដោយ thmeythmey.com