អន្តរជាតិ
អង្គការ​លើកលែងទោស​អន្តរជាតិ ស្នើ​ឲ្យ​បារាំង​ផ្អាក​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បន្ត​រំលោភសិទ្ធិ​មនុស្ស​
24, Oct 2018 , 9:19 pm        
រូបភាព
​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ទទូច​ឲ្យ​បារាំង​ផ្អាក​ការលក់​សព្វាវុធ​ឲ្យ​សេដ្ឋី​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត ជុំវិញ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​យេ​ម៉ែន និង​ពាក់ព័ន្ធ​ការសម្លាប់​អ្នកសារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​លោក Jamal Khashoggi​។ 


 
​ប្រធាន​កម្មវិធី​សម្រាប់​ការទទួលខុសត្រូវ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​ប្រទេស​បារាំង​លោក Yves Prigent បាន​អំពាវនាវ​ជាថ្មី​នៅ​ថ្ងៃ​អង្គារ​ទី ២៣​ខែតុលា​ថា ឲ្យ​រដ្ឋាភិបាល​បារាំង​ពិចារណា​ឡើងវិញ​ពី​ការបន្ត​លក់​សព្វាវុធ​ឲ្យ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​មន្ត្រី​អង្គការ​អន្តរជាតិ​រូបនេះ​បាន​អះអាងថា អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ច្រើនណាស់​ដែល​រួមបញ្ចូល​ទាំង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​យេ​ម៉ែន​តាំងពី​ឆ្នាំ ២០១៥ និង​ការធ្វើឃាត​អ្នកកាសែត​ល្បីឈ្មោះ​លោក Khashoggi នៅ​ដើម​ខែតុលា​កន្លងទៅ​ផង​។  
 
​ការអំពាវនាវ​របស់​លោក Yves កើតឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បានចេញ​បកស្រាយ​ជា​សាធារណៈ​ថា ករណី​សម្លាប់​លោក Khashoggi ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​រៀបចំ​គម្រោង​ទុកជាមុន​ច្រើន​ថ្ងៃ​មកហើយ​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​នៅតែ​ទាមទារ​ឲ្យ​ក្រុង​រី​យ៉ា​ដ ផ្តល់​ចម្លើយ​ថា​តើ​សាកសព​លោក Khashoggi នៅទីណា ហើយ​អ្នកណា​នៅ​ពីក្រោយ​គម្រោង​ឃាតកម្ម​មាន​លក្ខណៈ​នយោបាយ​នេះដែរ​។  
 
​ត្រឡប់មកវិញ រយៈពេល​ជា​យូរ​មកហើយ​ដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​នេះ​បាន​បន្ត​ទទូច​ឲ្យ​បារម្ភ​ព្យួរ​រាល់​ការលក់​អាវុធ​ទាំងនោះ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​។ នេះ​ក៏ដោយ​សារ​ក្រុងប៉ារីស​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​កិច្ច​ពាណិជ្ជកម្ម​អាវុធ​ដែលជា​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ​ដែល​គ្រប់គ្រង​រាល់​ការធ្វើ​ពាណិជ្ជកម្ម​អាវុធ​ក្របខណ្ឌ​អន្តរជាតិ​។​
 
​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly បាន​បកស្រាយ​ថា រដ្ឋាភិបាល​បារាំង​នាំចេញ​អាវុធ​ក្នុងតម្លៃ​ប្រហែល ១២,៦ ពាន់​លាន​ដុល្លារ​ឯណោះ​ទៅ​រដ្ឋ​អារ៉ាប់​មួយ​នេះ​ចាប់ពី​ឆ្នាំ ២០០៨ ដល់ ២០១៧ ដែល​វា​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​និង​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​បារាំង​។ 
 
​លោកស្រី​ក៏បាន​ពន្យល់​បន្ថែម​ដែរ​ថា ក្នុង​ការលក់​សព្វាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះដែរ ក៏​បារាំង​បានធ្វើ​ឡើង​ដោយ​ហ្មត់ចត់​និង​ប្រុងប្រយ័ត្ន​ជាទីបំផុត​តាម​នីតិវិធី និង​លក្ខខណ្ឌ​វាយតម្លៃ​ច្រើន​ដំណាក់កាល​ដែរ​។ រាល់​ការអនុញ្ញាត​នេះ​គឺធ្វើឡើង​ដោយ​គណៈកម្មការ​អន្តរក្រសួង និង​មានការ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី​ផង ដោយ​ផ្អែកលើ​ការវាយតម្លៃ​យ៉ាង​ប្រុងប្រយ័ត្ន​តាម​សំណុំរឿង​នីមួយៗ​។ ក្នុង​លក្ខខណ្ឌ​សម្រាប់​ការវាយតម្លៃ​ទាំងនោះ​មានដូចជា​ការគោរព​សិទ្ធិមនុស្ស និង​ចូលរួម​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ជាដើម​ដែរ​។​
 
​បារាំង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ប្រាំ​ដែល​ផ្គត់ផ្គង់​សព្វាវុធ​ច្រើនជាងគេ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ប្រទេស​នេះ​លក់​កាំភ្លើង គ្រឿងបន្លាស់ គ្រាប់ កាំភ្លើង​ធំ និង​ផ្តល់​សេវា​ជួសជុល​សព្វាវុធ​ជាដើម​។ កាលពី​ខែសីហា​កន្លងទៅ បារាំង​បាន​ចុះ​កិច្ចព្រមព្រៀង​ធំៗ​ចំនួន ២០ ជាមួយ​អា​រ៉​ប៊ី​សា​អូឌីត​ដែលមាន​តម្លៃ​ប្រហែល ១៨​ពាន់​លាន​ដុល្លារ​ឯណោះ​។ ព័ត៌មាន​នេះ​ត្រូវបាន​គេ​បង្ហើប​នៅក្រោយ​ទស្សនកិច្ច​របស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman មកកាន់​ក្រុងប៉ារីស​៕
 

Tag:
 ​បារាំង​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com