ជាតិ
ADB ផ្តល់​ថវិកា​ជិត​២៥០​លាន​ដុល្លារ ឲ្យ​កម្ពុជា​សម្រាប់​អភិវឌ្ឍ​គម្រោង​ចំនួន​៤
24, Oct 2018 , 9:39 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Sunniya Durrani-Jamal និយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (រូបភាពបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Sunniya Durrani-Jamal និយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (រូបភាពបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB)​នឹង​ផ្តល់​ហិរញ្ញប្បទាន​ជិត ២៥០​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​អនុវត្តន៍​លើ​គម្រោង និង​កម្មវិធី​អភិវឌ្ឍ​ចំនួន​៤  ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​។ ចំនួន​ទឹកប្រាក់​ទាំងនេះ​ត្រូវបាន​បែងចែក​យ៉ាងច្បាស់​លាស់ ទៅតាម​គម្រោង​អនុវត្ត​នីមួយៗ នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ នា​ថ្ងៃទី​២៤​តុលា​។

 
​គម្រោង និង​កម្មវិធី​ទាំង​៤​នោះ​មាន​៖

១. កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ជំហាន​ទី​២ គ្រោង​ចំណាយ ៥៣.៥០​លាន​ដុល្លារ សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៤-២០១៨ និង​ការព្យាករណ៍​តម្រូវការ អភិវឌ្ឍន៍​វិស័យ​អប់រំ​ឆ្នាំ​២០២០ ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​។​
 
២.  គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី​២ គ្រោង​ចំណាយ ៩៧.៧០​លាន​ដុល្លារ​។ គម្រោង​នេះ​សម្រាប់​ការអភិវឌ្ឍ និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ក្រុង​អាទិភាព​ចំនួន​៣ (​ក្រុង​ស្ទឹងសែន​, ក្រុង​សិរី​សោ​ភ័​ណ្ឌ និង​ក្រុង​បាត់ដំបង​) តាមរយៈ​ការសាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន​៣ ប្រព័ន្ធ​បណ្តាញ​លូ និង​សាងសង់​ទីលាន​ចាក់សំរាម​។ លើសពីនេះ ជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ផ្តល់​សេវា និង​កែលម្អ​គោលនយោបាយ​គ្រប់គ្រង​កាកសំណល់​រឹង ទឹក​កខ្វក់ បណ្តាញ​លូ​រំដោះ​ទឹកភ្លៀង​ក្រុង និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​
 
៣. គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របៀង នៃ​មហា​អនុតំបន់​មេគង្គ​ជំហាន​ទី​៤ គ្រោង​ចំណាយ​ថវិកា​វិនិយោគ ៨៨.៥០​លាន​ដុល្លារ សម្រាប់​ការពង្រីក​សេវាសាធារណៈ​នៅ​ទីប្រជុំជន ដែល​នឹង​ជួយ​លើកកម្ពស់ សមាហរណកម្ម​សេដ្ឋកិច្ច​។ តាមរយៈ​ការអភិវឌ្ឍ​ក្រុង​របៀង  បានផ្តល់​អាទិភាព ទៅ​ឲ្យ​ក្រុង​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​។ គម្រោង​នេះ នឹង​សាងសង់​ស្ថានីយ៍ ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ការតភ្ជាប់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ដល់​ប្រជាជន ការសាងសង់​ទីលាន​ចាក់សំរាម និង​ការសាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​។​
 
​ដោយឡែក ទឹកប្រាក់​៣០.៨៩​លាន​ដុល្លារ គ្រោង​ចំណាយ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ក្នុង​មហា​នុ​តំបន់​មេគង្គ​ជំហាន​ទី​២​។ គម្រោង​នេះ​អនុវត្ត​ឡើង ក្នុង​គោលបំណង​បង្កើន​ការទាក់ទាញ​ទេសចរណ៍​ក្នុង​ខេត្ត​គោលដៅ​ចំនួន​២​គឺ កែប ព្រះសីហនុ ដោយ​ផ្តោតលើ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កសាង​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​ចំនួន​២​។ 
 
​គម្រោង និង​កម្មវិធី​ទាំង​៤​ខាងលើ បានធ្វើ​ឡើង​ក្រោម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន រវាង​លោក  អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​។​


រូបភាពបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 
​ស្ថិតនៅក្នុង​ពិធី​នេះ​ផងដែរ លោក អូន ព័​ន្ឋ​មុនី​រ័ត្ន បាន​បញ្ជាក់ថា ទៅកាន់ លោកស្រី Sunniya Durrani-Jamal​ផងដែរ អំពី​កិច្ចសហប្រតិបត្តិការ ADB លើ​ការផ្តល់​ហិរញ្ញប្បទាន​ឲ្យ​កម្ពុជា​កន្លងមក រួមទាំង​គម្រោង​ទាំង​៤​ខាងលើនេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣,១៩​ពាន់​លាន​ដុល្លារ​។ ដោយឡែក ហិរញ្ញប្បទាន​ឥត​សំណង​មាន​ប្រមាណ ៤៩០​លាន​ដុល្លា​៕
 

Tag:
 សេដ្ឋកិច្ច​
  ហិរញ្ញប្បទាន​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com