ជាតិ
សិក្ខាសាលា​ស្តីពី Fake News ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ ប្រព្រឹត្តទៅ​នៅ​ព្រឹក​នេះ​
25, Oct 2018 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​ការទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​។ សិក្ខ​សាលា​នេះ កំពុងតែ​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ​។

 
​អ្នកជំនាញ​ជនជាតិ​អាមេរិក អ្នកកាសែត​បរទេស និង​អ្នកកាសែត​កម្ពុជា​ចំនួន​៤០​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ ដោយមាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​
 


​អ្នកកាសែត​កម្ពុជា​ដែល​ធ្លាប់បាន​ចូលរួម​វេទិកា​អន្តរជាតិ​ក្នុង​តំបន់ និង​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន បាន​ចូលរួម​ចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​។ លើសពីនេះ​ទៀត​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​អាមេរិក លោកស្រី Maggie Farley នឹងធ្វើ​បទឧទ្ទេសនាម​មួយ​ស្តីអំពី​បច្ច័យ​អវិជ្ជមាន​ពិតប្រាកដ​ដែល​បង្កដោយ​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។



បន្ទាប់មក អ្នកសារព័ត៌មាន​បរ​ទេស​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​បារាំង​ពីររូប​ក៏​នឹង​ពន្យល់​លំអិត​អំពី​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​នេះ​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ប្រទេស​អភិវឌ្ឍ​ផងដែរ​។​
 
​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​ពន្យល់ថា ក្នុងនាម​ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​តួនាទី​សំខាន់​នៅក្នុង​ប្រទេសមួយ សារព័ត៌មាន​ថ្មីៗ​បាន​មើលឃើញ​ពី​ភាពចាំបាច់​ដែល​អ្នកកាសែត​ត្រូវមាន​ចំណេះដឹង និង​ពិសោធន៍​កាន់តែច្រើន​ទាក់ទង​នឹង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​បាតុភូត​ព័ត៌មាន​ក្លែងបន្លំ​ដែល​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គមមនុស្ស​។

លោក​បន្តថា ហេតុដូច្នេះ​ហើយ​បានជា សារព័ត៌មាន​ថ្មីៗ​ខិតខំ​ស្វែង​ការគាំទ្រ​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ស្វែងរក​លទ្ធភាព​រៀបចំ​ធ្វើ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្ន​ក​សារព័ត៌មាន​ស្តីអំពី​ព័ត៌មាន​ក្លែងបន្លំ​នេះ​។​
 
​លោក លាង ដឺ​លុច បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​បំណង​របស់​សារព័ត៌មាន​ថ្មីៗ ដែល​ចង់​រៀបចំ​សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ស្តីពី​ប្រធានបទ​ព័ត៌មាន​ក្លែងបន្លំ​នេះ បាន​កើតឡើង​ចំពេល​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ឧបត្ថម្ភ​អ្នកកាសែត​ខ្មែរ​យើង​មួយចំនួន​ឲ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​នានា​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​នេះ ហើយ​ដែល​ស្ថានទូត​ក៏​ចង់​ឲ្យ​មានការ​ចែករំលែក​នូវ​អ្វីដែល​អ្នកកាសែត​យើង​បានឮ​ពី​ចំណេះដឹង និង​ពិសោធន៍​នានា​ពី​ប្រទេស​នានា​នោះ​។

ម្យ៉ាងវិញទៀត វា​ក៏​កើតឡើង​ចំពេល​ដែល​សាស្ត្រាចារ្យ​ជំនាញ​ជនជាតិ​អាមេរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែតុលា​នេះ ទើប​យើង​សម្រេច​ឈានដល់​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​»​។​


 
​ទោះ​យ៉ាងនេះ​ក្តី អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​អះអាងថា សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​នេះ មិនអាច​កើត​មានតែ​មួយដង នៅពេល​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​កំពុង​វិ​វត្ត និង​អាច​កើតឡើង​រៀងរាល់​ពេល និង​រាល់​ថ្ងៃនោះ​។ លោក​បញ្ជាក់ថា សារព័ត៌មាន​ថ្មីៗ មាន​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អប់រំ​បែបនេះ​ឲ្យ​បាន​ច្រើន​ជាពិសេស​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​។​
 
​វាគ្មិន​កិត្តិយស​ផ្សេងៗ​រួមមាន លោក ង៉ែត ម៉ូ​សេ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល ដែល​នឹងធ្វើ​បទ​បង្ហាញ​ស្តីពី «​សុវត្ថិភាព​អន​ឡាញ​សម្រាប់​អ្នកសារព័ត៌មាន​»​។ លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា និពន្ធ​នាយក​កាសែត Khmer Times លោក គុណ ចិន្តា ការី​និពន្ធ​ព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង​លោក ផាក់ ស៊ា​ង​លី អនុប្រធាន​ក្រុម​អ្នកសារព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចូលរួម​ពិភាក្សា​ស្តីពី «​តួនាទី​របស់​អ្នកកាសែត និង​ការី​និពន្ធ​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ដើម្បី​បង្កើន​ភាពជឿជាក់​ដល់​អ្ន​ក​អាន​»​។​


 
​ជាមួយគ្នានេះ​ផងដែរ លោក Pierre Gillette អគ្គលេខាធិការ​ក្រុមហ៊ុន Confirel និង PPM និង​ជា​អតីត​និពន្ធ​នាយក​កាសែត​បារាំង​កាំបូ​ដ​ស័​រ នឹង​ពិភាក្សា​វែកញែក​ពី​មូលហេតុ​ផ្សេងៗ​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម និង​ខ្វល់ខ្វាយ​ពី​លំហូរ​ព័ត៌មាន​ក្លែងបន្លំ ដោយមាន​ការសម្របសម្រួល​ដោយ​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ​៕

© រក្សាសិទ្ធិដោយ thmeythmey.com