អន្តរជាតិ
អាមេរិក​បាត់បង់​ការងារ​ជាង​៣​លាន​កន្លែង ចាប់តាំងពី​ចិន​ក្លាយជា​សមាជិក​WTO
15, Apr 2019 , 10:00 am        
រូបភាព
ដោយ:
​ក្រោយពី​សហរដ្ឋអាមេរិក​បានសម្រេច​ឲ្យ​ចិន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​កាលពី​ឆ្នាំ​២០០១​មក ឱនភាព​ពាណិជ្ជកម្មរ​បស់​អាមេរិក​ជាមួយ​ចិន បាន​ក្លាយជា​មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​ការងារ​រាប់លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​បាន​បាត់បង់​។ នេះ​បើតាម​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែតុលា​។

 
​ការងារ​ច្រើនជាង​៣,៤​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​បាត់បង់ គិត​ចាប់ពី​ក្រុង​ប៉េកាំង​បាន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​១៧​ឆ្នាំមុន​។ ក្នុងចំណោម​នោះ ការងារ​ចំនួន ២,៥​លាន​កន្លែង ដែល​ជាង​៧០​ភាគរយ គឺ​ស្ថិតក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត ជាពិសេស ផលិតផល​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើប​ជាដើម​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សហរដ្ឋអាមេរិក​ក៏​បាត់បង់​កាលានុវត្តភាព (​ឱកាស​) ក្នុងការ​បង្កើត​ការងារ​បន្ថែម​ក្នុង​វិស័យ​ខាងលើនេះ ក្នុងនោះ​រួមមាន ឧបករណ៍​សម្រាប់​ការដឹក​ជ​ញ្ជួ​ន  កុំព្យូទ័រ គ្រឿងបន្លាស់​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​ជាដើម​។ នេះ​បើតាម​របាយការណ៍​រប​ស់​វិទ្យាស្ថាន​គោលនយោបាយ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៨​។ 
 
​បើតាម​របាយការណ៍​ដ​ដែល​នេះ ទឹកប្រាក់​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ ត្រូវបាន​ចាក់​បញ្ចូល​បន្ថែម​ទៅក្នុង​ជញ្ជីង​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ជាមួយ​ចិន ចាប់តាំងពី​ឆ្នាំ​២០០៨ ដែលជា​ពេល​សហរដ្ឋអាមេរិក បាន​ជួបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ឬ​គេ​ស្គាល់​ថា  Great Recession​។ សម្រាប់​ឱនភាព​ពាណិជ្ជ​កម្មនេះ របាយការណ៍​បាន​បង្ហាញថា ការងារ​ចំនួន​១,៣​លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​បាត់បង់ គិត​ត្រឹម​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ជារួម​ទៅ ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​អាមេរិក​ជាមួយ​ចិន បាន​កើនឡើង​ពី​៨៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០១ ទៅដល់​៣៧២,២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ពោលគឺ​កើនឡើង​ចំនួន ២៩២,២​ពាន់​លាន​ដុល្លារ គិត​ត្រឹម​រយៈពេល​១៧​ឆ្នាំ​ប៉ុណ្ណោះ​។ 
 
​ជា​លទ្ធផល​នៃ​កំណើន​ឱនភាព​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ សហរដ្ឋអាមេរិក​កំពុង​បង្កើន​បំណុល​បរទេស​, បាត់បង់​សមត្ថភាព​នាំចេញ និង​ប្រឈមមុខ​នឹង​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​ប្រេះឆា​ជាខ្លាំង​។ យោងតាម​របាយការណ៍​ខាងលើនេះ ដែល​ដឹកនាំ​ការស្រាវជ្រាវ​ដោយ Robert Scott និង Zane Mokhiber​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​កត់សម្គាល់​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចិន​ផងដែរ ដែលជា​យូរ​មកហើយ​បង្កក្តី​បារម្ភ​ទៅដល់​អ្នកឃ្លាំមើល​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​នេះ​។ 
 
«​ការអនុវត្ត​ពាណិជ្ជកម្ម​ខុស​ប្រក្រតី​របស់​ចិន ដែល​គាំទ្រ​ដោយ​ការកំណត់​តម្លៃ​លុយ​ដោយ​ខុសច្បាប់ ( currency manipulation) និង​ការគាប់សង្កត់​លើ​ប្រាក់​បៀរ​វត្សរ៍ និង​សិទ្ធិ​ពលកម្ម​របស់​ចិន បាន​បង្កើត​ជំនួយ​ដ៏​ច្រើន​លើសលប់​ដល់​ការនាំចេញ​របស់​ក្រុង​ប៉េកាំង​។ ការណ៍​នេះហើយ​ទើប​ធ្វើ​ឲ្យ​ការនាំចេញ​របស់​ចិន មាន​ទំហំ​ច្រើនជាង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក​»​។ របាយការណ៍​ដដែល​បាន​បកស្រាយ​បែបនេះ​។​
 
​គួរ​ឲ្យ​កត់សម្គាល់ថា ការសិក្សា​របស់​វិទ្យាស្ថាន​អាមេរិក​ថ្មី​នេះ​បានចេញ​ផ្សាយ​ចំពេល​ដែល ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅតែ​បន្ត​ឆាបឆេះ ដោយ​ភាគី​ទាំង​ពីរបាន​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ កន្លងទៅ​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ  បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន ដែល​ខ្លួន​បានចាត់ទុក​ថា​ជា ការអនុវត្ត​យ៉ាង​អយុត្តិធម៌​បំផុត​។ លើសពីនេះ​ខ្លួន​ក៏បាន​ទាមទារ​ឲ្យ​ចិន​កែប្រែ​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផងដែរ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សេដ្ឋកិច្ច​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com