ជាតិ
នយោបាយជាតិ
លោក កឹម សុខា ចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ជាម ច័ន្ទនី កាលពីឆ្នាំ២០១៥ លោក កឹម សុខា និង លោក សម រង្ស៊ី ស្ថិតក្នុងពិធីរម្លឹកខួប១១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា
× ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមគ្រួសារ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ធំ។
ក្នុងសាររំលែកទុក្ខ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា៖«យើងខ្ញុំ ពិតជាសោកស្តាយឥតឧបមាចំពោះមរណភាពរបស់ឯកឧត្តម ជាម ច័ន្ទនី។ មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ដ៏ធំធេងនូវឪពុក និងសមាជិកគ្រួសារជាទីស្រឡាញ់ ហើយក៏ជាការបាត់បង់អ្នកស្នេហាជាតិដ៏ក្លាហាន និងស្មោះត្រង់ម្នាក់ផងដែរ។ យើងខ្ញុំ ពិតជាមានការកោតសរសើរ និងមិនអាចបំភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លារបស់ឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ»។
ក្រោយដំណឹងនៃការទទួលមរណភាពរបស់លោក ជាម ច័ន្ទនី ត្រូវបានផ្សព្វផ្សាយ អតីតតំណាងរាស្ត្រនិងមន្ត្រីនៃគណបក្សសង្គ្រោះជាតិនានា បានបង្ហោះសារលើបណ្តាញសង្គមដើម្បីសម្តែងការសោកស្តាយនិងចូលរួមរំលែកទុក្ខ។
លោក ជាម ច័ន្ទនី ទទួលមរណភាព នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដោយសារតែជំងឺឈាមកកក្នុងបេះដូង និង ដុះសាច់ក្នុងខួរក្បាល។ បច្ចុប្បន្នសពរបស់លោក កំពុងតម្កល់នៅក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅភូមភ្នំពេញថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕
Tag:
កឹម សុខា
ជាម ច័ន្ទនី
© រក្សាសិទ្ធិដោយ thmeythmey.com