ONE Championship
កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា បង្ហាញ​ផែនការ​ធំៗ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​
26, Oct 2018 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្បាច់គុន​ចម្រុះ​បាន​បោះជំហាន​ដើរទៅ​មុខ​ដ៏​មិនគួរ​ឲ្យ​ជឿ បន្ទាប់ពី​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បានចាប់ផ្តើម​ទទួលស្គាល់​ជា​ផ្លូវការ​។ សមិទ្ធផល​ទាំងអស់នេះ កើតមានឡើង​ដោយមាន​ការរួមចំណែក​ពី​សំណាក់ ស្ថាបនិក​ក្រុម Cambodian Top Team ផងដែរ​។ នេះ​បើតាម​ការលើកឡើង​ពី​ថ្នាក់ដឹកនាំ​សំខាន់ៗ នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​លើកទីមួយ​របស់​សហព័ន្ធ​ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី ២៣ ខែតុលា​។​

 
​ស្ថាបនិក​ក្រុម Cambodian Top Team លោក ហ៊ុន ចាន់​រាជ បាន​ចូលរួម​ជា​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរការ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គេ​សម្គាល់​ឃើញថា លោក​មានការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ដើម្បី​ធ្វើអោយ​កីឡា​ក្បាច់គុន​នៅ កម្ពុជា​បាន​ល្បី​សុះសាយ​។​
 
​បច្ចុប្បន្ន លោក ចាន់​រាជ ទទួលបាន​អាសនៈ​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។ ក្រោយ​ទទួលបាន​តំណែង​នេះ លោក​បានបង្ហាញ​អារម្មណ៍​រំភើប និង​មានសង្ឃឹម​ខ្ព​ល់​ទៅលើ​អនាគត​កីឡាករ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
«​នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​កីឡា​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​។ យើង​មាន​កីឡាករ​ជាច្រើន ប៉ុន្តែ​មិនមាន​ខ្សែបណ្តាញ​ណា​សម្រាប់​ពួកគាត់​បង្ហាញ​ទេពកោសល្យ​សមត្ថភាព​របស់គាត់​សោះ​»​។ «​តែ​ឥឡូវ​យើង​ចង់​បន្ថែម​មួយ​ជំហាន​ទៀត ដោយ​បង្កើតជា​សហព័ន្ធ​សិល្បៈ​យុទ្ធ​គុន​ចម្រុះ​ដើម្បី​ជួយ​ជ្រំ​ជ្រែង​ដល់​ក្លិប​ហ្វឹក​ហាត់គុន​ចម្រុះ​ទាំងអស់​នៅ​កម្ពុជា​»​។​នេះ​ការលើកឡើង​របស់​ស្ថាបនិក​ក្រុម Cambodian Top Team ។​


 
​ដោយឡែក លោក​អនុប្រធាន កែ​បិ​ន សូរ​ស្មី បាន​មានប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការប្រឹងប្រែង​រួមគ្នា​របស់​ប្រទេសមួយ​។​លោក​លើកឡើងថា​៖ « អ្វីដែល​ត្រូវធ្វើ​ដំបូង គឺ​វាយតម្លៃ​ស្ថានភាព​មុន​សិន​ថា តើ​មាន​ក្លិប​ប៉ុន្មាន​ដែល​យើង​អាច​ទុកចិត្តបាន ហើយ​មាន​កីឡាករ​ប៉ុន្មាន​នាក់​នៅក្នុង​ប្រទេស​និង​នៅក្រៅ​ប្រទេស ។​យើង​ត្រូវតែ​ប្រមូលផ្តុំ​កំលាំង​អោយអស់​ដើម្បី​ខិតខំ​លើក​ទង់ជាតិ​កម្ពុជា​រប​ស់​យើង​អោយ​ខ្ពស់ជាង​មុន​លើ​ឆាក​សិល្បៈ​ក្បាច់គុន​ចម្រុះ​របស់​យើង​។ មានរឿង​ច្រើន​ដែល​យើង​បាន​ឆ្លងកាត់​រួចមកហើយ ប៉ុន្តែ​ទាំងអស់គ្នា​អាចធ្វើ​បាន​។ យើង​នឹងធ្វើ​​ហើយ​ធ្វើ​ឲ្យ​កាន់តែ​ល្អ​»​។​
 
​លោក សូរ​ស្មី បានលើកឡើង​ទៀតថា​៖« តាំងពី​ប្រ​វ​ត្ដិ​សាស្ដ្រ​មក ប្រទេស​កម្ពុ​ជាមាន​សង្គ្រាម​ជាច្រើន​ហូ​ហែ ដូច្នោះ​ប្រជាជន​ខ្មែរ​យើង​ក៏បាន​បង្កើត​ក្បាច់គុន​ធំៗ និង​មាន​បែបបទ​ច្រើន​ខុសៗ​គ្នា​។ សិល្បៈ​ក្បាច់គុន​ចម្រុះ​គឺជា​ទំរង់​ក្បាច់​មួយ​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ពី​ប្រពៃណី​នៃ​ក្បាច់​ទាំងនោះ​»​។​
 
​ចាប់ពីពេលនេះ​ទៅ កីឡាករ​ប្រដាល់​ក្នុងស្រុក​នឹងមាន​គ្រឹះ​ដ៏​រឹងមាំ​មួយ ហើយ​សហព័ន្ធ​មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​របស់​កីឡាករ​យើង​នឹងមាន​ភាពភ្លឺស្វាង​និង​រីកចម្រើន​ជា​គ្រិះ​សម្រាប់​ក្បាច់គុន​ចម្រុះ​ទៅ​ថ្ងៃ​អនាគត​។​
 
​លោក សូរ​ស្មី បន្ថែមទៀតថា​៖ «​យើង​ចង់​ឲ្យ​កីឡាករ​ក្បាច់គុន​ចម្រុះ​ជំនាន់​មុន​និង​ជំនាន់​ក្រោយ ទទួលបាន​ភាពងាយស្រួល​ជាង​មុន ហើយ​ដូច្នោះ​គាត់​នឹង​អាច​ហ្វឹកហាត់​បានល្អ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​។​ឥឡូវ​ហ្នឹង​យើង​នៅ​តូច​ហើយ​ក្មេង​ណាស់ មិនគួរ​ប្រកួតប្រជែង ឬ​ប្រយុទ្ធ​គ្នា​ឡើយ​។ មានតែ​ត្រូវ​សាមគ្គី​គ្នា និង​ត្រូវតែ​រួមគ្នា​ដើម្បី​កសាង​សិល្បៈ​កីឡា​នេះ​ឲ្យ​បាន​ជោគជ័យ​ត្រឹមត្រូវ​»៕
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com