ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«ជីកំប៉ុស្តទឹក» សម្បូរមីក្រូសរីរាង្គដែលដេញសត្វល្អិត និងធ្វើឱ្យដំណាំលូតលាស់លឿន
26, Oct 2018 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការដាំដុះដំណាំ តែងតែប្រើប្រាស់ជីផ្សេងៗ ដើម្បីការពាររុក្ខជាតិ មិនឲ្យសត្វល្អិតមកបំផ្លាញ។ ចំពោះជីកំប៉ុស្តទឹកវិញ ជាជីដែលបានមកពីការត្រាំសារធាតុសរីរាង្គផ្សេងៗដូចជា លាមកសត្វ និងរុក្ខជាតិផ្សេងៗ ដែលផ្តល់ជីជាតិច្រើនមុខ និងធ្វើឲ្យដីមានជីជាតិ រួមទាំងជួយការពារដំណាំបានផងដែរ។ តើជីកំប៉ុស្ត មានរបៀបធ្វើដូចម្ដេច? ហេតុអ្វីបានជាចាំបាច់ធ្វើ និងប្រើជីទឹកនេះ?


ក. អ្វីជាជីកំប៉ុស្តទឹក?
ជីកំប៉ុស្តទឹក ជាជីរាវដែលបានមកពីការត្រាំសារធាតុសរីរាង្គ ជាពិសេសលាមកសត្វមាន់,ទា និងស្លឹកឈើផ្សេងៗ។
 
ខ. ហេតុអ្វីបានជាចាំបាច់ធ្វើ និងប្រើជីទឹកនេះ?
ជីទឹក ប្រសិនបើយើងធ្វើឲ្យបានស្រួលបួល វាសម្បូរទៅដោយ មីក្រូសរីរាង្គ (សត្វតូចៗ ដែលមិនអាចមើលនឹងភ្នែកបាន) ដែលមានសារៈប្រយោជន៍ដល់ជីជាតិរបស់ដី។ ជីទឹក ក៏មាននូវសារធាតុចិញ្ចឹម (ជី) ដែលរលាយរួចស្រេច សម្រាប់ងាយស្រួលដល់ដំណាំស្រូបយក។ ប្រសិនបើយើងត្រាំរុក្ខជាតិដែលមានក្លិនខ្លាំង ជីនេះ ក៏អាចជួយដេញសត្វល្អិតដែលបំផ្លាញ រុក្ខជាតិកុំឲ្យមកជិតផងដែរ។
 
គ. តើវត្ថុធាតុដើមអ្វីខ្លះ ដែលសមស្របសម្រាប់ធ្វើជីទឹក?
សារធាតុសំខាន់ៗ ដែលប្រើសម្រាប់ធ្វើជីទឹក មានលាមកសត្វមាន់, ទា, ប្រចៀវ, ស្លឹករុក្ខជាតិដែលមានឫសជ្រៅៗ ជាពិសេសរុក្ខជាតិដុះឯង ហើយមានក្លិនខ្លាំងដូចជា ទន្ទ្រានខែត្រ កន្ទ្រោបព្រៃ ។ល។ ចំពោះស្លឹកពពួកកួរ ឧទាហរណ៍៖ ស្លឹកអង្កាញ់ អង្គារដី ក៏អាចយកមកធ្វើជា ជីទឹកបានល្អដែរ វាសម្បូរសារធាតុអាសូត។
 
ឃ. តើគេធ្វើជីទឹកយ៉ាងដូចម្តេច?
សម្ភារៈ
គេ ត្រូវការពាងមួយ (អាចជាកូនពាងស្ករ ពាងទឹក ឬធុងសាំង)
គេត្រូវការបាវធ្វើពីក្រចៅមួយ សម្រាប់ច្រក
ដុំថ្មមួយដុំ សម្រាប់សង្កត់ឲ្យបាវលិច។
 
របៀបធ្វើ
ច្រកវត្ថុធាតុដើម (ស្លឹកឈើ លាមកសត្វ) ចូលក្នុងបាវ ដោយវាស់បរិមាណឲ្យបានច្បាស់លាស់
ដាក់បាវ ដែលច្រកជី ហើយដាក់ចូលក្នុងពាង រួចដាក់ដុំថ្មសង្កត់ពីលើ
ចាក់ទឹកចូលក្នុងពាង ដោយចំណុះទឹកស្មើនិង ២០ដងនៃចំណុះជី (ឧទាហរណ៍ ប្រសិនបើយើង ច្រកជីមួយប៉ោតចូលក្នុងបាវ យើងត្រូវចាក់ទឹក២០ប៉ោតចូលក្នុងពាង)
បិទពាង ដោយប្រើគម្របធ្វើពីឈើ
 
របៀបថែទាំ
យើងត្រូវគ្របពាងជីឲ្យបានល្អ ដើម្បីការពារកុំឲ្យរុយមកពងដាក់ និងជះក្លិនស្អុយចេញ មកខាងក្រៅ
ដាច់ខាត ត្រូវកូរជីរៀងរាល់ថ្ងៃ ដោយមួយថ្ងៃត្រូវកូរ ២ដង។
នៅពេលកូរម្តងៗ យើងត្រូវកូរឲ្យបានប្រហែល៥នាទី ហើយរបៀបកូរ គឺ កូរបង្វិលទៅបង្វិលមក។ ការកូរមានសារៈសំខាន់ណាស់ ពីព្រោះវានាំខ្យល់ (អុកស៊ីសែន) ចូលក្នុងទឹក ហើយបង្កលក្ខខណ្ឌ ឲ្យពួកសត្វល្អិតតូចៗ ដែលរស់នៅត្រូវការអុកស៊ីសែនមានសកម្មភាពខ្លាំង។ ផ្ទុយទៅវិញ បើ យើងមិនកូរ នោះជីរបស់យើងនឹងសម្បូរទៅដោយ ពពួកមេរោគ ដែលមិនត្រូវការខ្យល់។
 
ង. តើគេប្រើជីទឹកយ៉ាងដូចម្តេច?
៣អាទិត្យក្រោយមក យើងដួសទឹកជីយកទៅប្រើបាន។ យើងអាចដឹងថា ជីរួចរាល់សម្រាប់ប្រើ បាននៅពេលដែលវាលែងមានក្លិនស្អុយ។ ជីដែលរួចរាល់ អាចរក្សាទុកបានប្រហែលរយៈពេល១ខែទៀត តែត្រូវទុកវាក្រោមម្លប់។ នៅពេលជី ដែលរួចរាល់ហើយសម្រាប់ប្រើ យើងចៀសវាង  កុំបោះវត្ថុធាតុដើមចូលបន្ថែមទៀត គឺប្រើឲ្យអស់សិន រួចចាំធ្វើថ្មីតែម្តង។
 
របៀបស្រោច
គេស្រោចជីទឹក ១លីត្រ លើផ្ទៃដី១ម៉ែត្រការ៉េ (១ម៉ែត្របួនជ្រុង) តែបើស្រោចលើស្លឹកដំណាំផ្ទាល់ គេត្រូវលាយជីជាមួយទឹកធម្មតាមួយទល់មួយ។ យើង គួរស្រោចមួយសប្តាហ៍ម្តង តែបើដំណាំ ជួបបញ្ហាខ្វះជីជាតិខ្លាំង យើងអាចស្រោចពី ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍។
ដំណាក់កាលសំខាន់ៗ សម្រាប់ប្រើជីទឹកមាន
ពេលកូនដំណាំកំពុងលូតលាស់
មុនពេលចេញផ្កា
ពេលដំណាំជួបរោគសញ្ញាប្លែក ឧទាហរណ៍ស្លឹកមានការប្តូរពណ៌ ឬដំណាំបង្ហាញនូវរោគខ្វះជីជាតិ។
 
ច. តើការប្រើជីទឹកមានគុណសម្បត្តិ និងគុណវិបត្តិយាងណាខ្លះ?
គុណសម្បត្តិ
ងាយធ្វើ ប្រើធនធានតិច
ឆាប់បានប្រើ ហើយបានលទ្ធផលលឿន
ផ្តល់ជីជាតិច្រើនមុខ និងធ្វើឲ្យដីមានជីជាតិ
ជួយការពារដំណាំបានខ្លះៗ។
 
គុណវិបត្តិ
មានក្លិនមិនសូវល្អ ជាពិសេសពេលត្រាំដំបូង
ទាមទារឲ្យកូររាល់ថ្ងៃ
បើមិនបានកូរទៀងទាត់ នាំឲ្យមានមេរោគកើតឡើង
ត្រូវធ្វើ ២ទៅ៣ពាង ប្រសិនចង់ប្រើច្រើន ឬប្រើជាប់គ្នា។

ដើម្បីទទួលបាន ព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv។ 
ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ៕
 

Tag:
 កសិកម្ម
 ជីកំប៉ុស្តទឹក
 ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com