ជាតិ
ពី​ខែមករា​ដល់​ខែតុលា មាន​ផ្សោត​៥​ងាប់ និង​កើត​៩
26, Oct 2018 , 9:39 pm        
រូបភាព
រូបពី អង្គការ WWF
រូបពី អង្គការ WWF
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៨ សត្វ​ផ្សោត​ចំនួន​៥ បាន​ងាប់ និង​ចំនួន​៩ បានកើត​។ ចំនួន​នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សត្វ​ផ្សោត​មេគង្គ ហើយ​ជា​លទ្ធផល​ជោគជ័យ​មួយ​សម្រាប់​ការខិតខំ​អភិរក្ស​របស់​ក្រុម​អង្គការ WWF និង​ដៃគូ​ពាក់ព័ន្ធ​។


 
​ជា​ជោគជ័យ​មួយ​សម្រាប់​អង្គការ WWF ដែល​បានធ្វើ​ឲ្យ​កំណត់ត្រា​ថ្មី​នៃ​អត្រាកំណើត និង​ងាប់​របស់​សត្វ​ផ្សោត​មានការ​ប្រែប្រួល​។ ជាក់ស្ដែង ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៨ មាន​សត្វ​ផ្សោត​ចំនួន​៥​បាន​ងាប់ តែមាន​សត្វ​ផ្សោត​កើត​ចំនួន​៩​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​ដូចគ្នានេះ​មាន​សត្វ​ផ្សោត​២​បាន​ស្លាប់ និង​មាន​សត្វ​ផ្សោត​៩ បានកើត​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ WWF ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែតុលា ក្នុងឱកាស​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​។​
 
​របាយការណ៍​ដដែល​បាន​បន្តថា ចំនួន​អត្រា​នៃ​ការ​ងាប់​របស់​សត្វ​ផ្សោត​មានការ​ថយចុះ ខណៈដែល​អត្រាកំណើត​បា​ន​កើតឡើង​។ ចំនួន​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​របស់​អង្គការ WWF និង​ដៃគូ​ពាក់ព័ន្ធ​។​
 
​បច្ចុប្បន្ន​សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ចំនួន​៩២​ក្បាល​។ ចំនួន​នេះ​ត្រូវបាន​អង្គការ​WWF ថា​នៅ​ជា​ចំនួន​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ទៅនឹង​មួយ​សតវត្សរ៍​មុន ដែល​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​អាចមាន​ប្រហែល ៣០០​ក្បាល ដែល​រស់នៅក្នុង​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។​
 
​បើតាម​របាយការណ៍រ​បស់​អង្គការ​WWF បញ្ហា​ប្រឈម​ដែល​គំរាមកំហែង​ចម្បង​លើស​ត្វ​ផ្សោត​មេគង្គ​គឺ ការនេសាទ​ខុសច្បាប់ ជាពិសេស​ការប្រើ​មង​ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត​។ ជាមួយគ្នានេះ​គម្រោង​វា​រី​អគ្គិសនី​ថ្មីៗ នៅតាម​បណ្ដោយ​ទន្លេមេគង្គ ក៏​ជាការ​ព្រួយបារម្ភ​ធំ​មួយ​ដែរ ចំពោះ​ភាព​រស់រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន នាពេល​អនាគត​។​
 
​នៅ​ឆ្នាំ​២០១៨​នេះ ចំនួន​កំណើន​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រភេទ​សត្វ​ផ្សោត Irrawaddy Dolphins លើកដំបូង​បង្អស់​ក្នុងប្រទេស​កម្ពុជា​៕
 

Tag:
 សត្វ​ផ្សោត​
 ​ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com