ជាតិ
លោក ហ៊ុន ម៉ានី ក៏ទៅគោរព​វិញ្ញាណក្ខន្ធ​លោក ជាម ច័ន្ទនី​ ដែរ
26, Oct 2018 , 9:16 pm        
រូបភាព
លោក ហ៊ុន ម៉ានី គោរព​សព​លោក ជាម ច័ន្ទនី
លោក ហ៊ុន ម៉ានី គោរព​សព​លោក ជាម ច័ន្ទនី
ដោយ: ថ្មីៗ
នាល្ងាច​ថ្ងៃសុក្រ​ទី​២៦​ខែ​តុលានេះ លោក ហ៊ុន ម៉ានី​ បាន​បង្ហាញ​ខ្លួន​​នៅក្នុង​រោងបុណ្យសពរបស់​លោក ជាម ច័ន្ទនី ដែលជាអតីត​អ្នកតំណាងរាស្ត្រ​នៃគណបក្ស​សង្គ្រោះជាតិ។



លោក ជាម ច័ន្ទនី បានទទួលមរណភាព​កាលពីថ្ងៃទី​២៥ ខែតុលា ក្នុង​អាយុ៥៧ឆ្នាំ ដោយសារតែ​ជំងឺ​ឈាមកក​ក្នុង​បេះដូង និង ដុះ​សាច់​ក្នុង​ខួរក្បាល​។ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ​មណ្ឌលកំពង់ស្ពឺ​ បានដឹកនាំក្រុមការងារ​របស់ចូលរួមគោរពវិញ្ញាណក្ខន្ធ​នៃសព​លោក​ ជាម ច័ន្ទនី​ បន្ទាប់ពីលោក កឹម សុខា បានផ្ញើសាររំលែកទុក្ខ​ជាមួយក្រុមគ្រួសារ​លោក ជាម ច័ន្ទនី ដែលលោក កឹម សុខា ហៅថា​អ្នកស្នេហាជាតិ ដ៏ក្លាហាន​ អង់អាចម្នាក់។
នៅពេលដែលលោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារ​គោរព​វិញ្ញាណក្ខន្ធ​ អតីតតំណាងរាស្ត្រ​នៃគណបក្ស​សង្គ្រោះជាតិ ពីព្រោះលោក ហ៊ុន ម៉ានី យល់ឃើញថា «មិនមែនអ្វីៗទាំងអស់ សុទ្ធតែជារឿងនយោបាយនោះឡើយ»។ លោក ហ៊ុន ម៉ានី បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗ​តាម​ទូរសព្ទ​យ៉ាង​ដូច្នេះ​ថា៖«ក្នុងពេលនេះ ការ​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុមគ្រួសារឯកឧត្តម ជាម ច័ន្ទនី គឺជារឿង​មនុស្សធម៌ និង​សីលធម៌​របស់​សង្គម​កម្ពុជា។ នេះគឺ​ជាអ្វីដែលពុកនិងម៉ែ បានបង្រៀនខ្ញុំ​តាំងពីក្មេងមក»។ 

​ចំណែកឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកក៏បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា​៖«​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​ពី​ចម្ងាយ ព្រោះ​ជា​អ្នក​រាប់អាន​គ្នា​ដោយស្មោះ​ត្រង់​»​។ 

សព​លោក ជាម ច័ន្ទនី ត្រូវបានតម្កល់​នៅ​គេហដ្ឋាន​របស់លោក ដែល​ស្ថិតនៅ​ភូម​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ​។ ​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ កើត​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​១៩៦១ នៅ​ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​៕ 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com