ជាតិ
កុមារីអាយុ៦ឆ្នាំចេះច្រៀង៤០បទ មានមហិច្ឆតាចង់ក្លាយជាតារាល្បី
× ភ្នំពេញ៖ដោយសារទេពកោសល្យសិល្បៈពីកំណើត ដែលកុមារី នរោត្តម ចេណា ចូលចិត្ត រាំរបាំបុរាណ ច្រៀងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ ព្រះបាទនរោត្តម សីហនុ ច្រៀងបទពីដើម បទសម័យបច្ចុប្បន្ន និងលេងឧបករណ៍ព្យាណូ។ ព្រោះតែស្រឡាញ់សិល្បៈខ្លាំង ក្នុងអាយុ៦ឆ្នាំនេះ ចេណា មានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងល្បី។
មានឧបនិស្ស័យផ្នែកសិល្បៈតាំងពីតូចនេះ ចេណា មានក្ដីប្រាថ្នាចង់ក្លាយជាតារាចម្រៀងល្បីនៅថ្ងៃខាងមុខ ។ កុមារី ចេណា មានសម្ថភាពច្រៀង និងរៀនភ្លេងមិនចេះហត់ ថែមទាំងរៀនសិល្បៈចេះលឿនជាងមនុស្សធម្មតា។ បទចម្រៀងប្រមាណ៤០បទ មានទាំងចម្រៀងជាព្រះរាជនិពន្ធរបស់ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បទពីសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យបច្ចុប្បន្ន ចេណា អាចច្រៀងបានយ៉ាងស្ទាត់។ កុមារី ចេណា បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំចូលចិត្តច្រៀង ខ្ញុំច្រៀងបាន៤០បទ។ ខ្ញុំចង់ក្លាយជាតារាល្បី»។
លោក ផា សុធា ជានាយកសាលាសិល្បៈតន្ត្រី បាននិយាយថា ចេណា មានសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈ។ ក្នុងមួយថ្ងៃ កុមារីរូបនេះរៀនចម្រៀងចេះមួយបទ ដែលលោក សុធា ថា កម្រមានមនុស្សអាចធ្វើបែបនេះបាន។ ដោយមើលឃើញពីទេពកោសល្យដ៏កម្រនេះ សាលាសិល្បៈតន្ត្រី មានគម្រោងយកបទចម្រៀងដែលមានស្រាប់ពីមុនៗ យកមកផលិតជាថ្មីឱ្យ ចេណា ច្រៀងឡើងវិញ និងបទបង្កើតថ្មីផង។ លោក សុធា ថាសាលាចង់បណ្ដុះកុមារីរូបនេះ ឱ្យក្លាយទៅជាគំរូសម្រាប់ក្មេងដទៃទៀត ក្នុងការដើរទៅរកក្ដីសុបិន។
នេះជាការបញ្ជាក់របស់លោក សុធា ៖«គាត់ក្មេងតែគាត់ចូលចិត្តអ្វីដែលជាមនុស្សធំ។ ដូចជា គាត់ច្រៀងបទរបស់សម្ដេចតា ច្រៀងបទសម័យមុន ដែលមនុស្សធំខ្លះគាត់មិនសូវចូលចិត្តច្រៀង។ ខ្ញុំឃើញគាត់ពិតជាមានសក្ដានុពលខ្លាំងមែនទែន គាត់រៀនដូចមិនហត់ គាត់តែងតែអនុវត្តច្រៀងរហូត។ មួយថ្ងៃគាត់អាចរៀនចេះមួយបទ ដែលមនុស្សធំខ្លះមិនអាចធ្វើបានទេ»។
បច្ចុប្បន្នកុមារី ចេណា សិក្សាពីបច្ចេកទេសច្រៀង និងរៀនព្យាណូ នៅក្នុងសាលាសិល្បៈតន្ត្រី។ ក្រៅពីសិល្បៈកុមារីរូបនេះចេះនិយាយភាសាខ្មែរ បារាំង អង់គ្លេស និងចិន៕
Tag:
នរោត្តម ចេណា
សិល្បៈ
តន្ត្រី
ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com