កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប El Clasico ដែល​គ្មាន​ទាំង Messi ទាំង Ronaldo ជា​លើកដំបូង​នា​រយៈពេល​១០​ឆ្នាំ​
28, Oct 2018 , 7:59 am        
រូបភាព
El Clasico ជា​ជំនួប​ប្រកួត​កីឡាបាល់ទាត់​ដ៏​ធំ​មួយ​រវាង​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ពីរ​គឺ Bacelona និង Real Madrid ក្នុង​ក្របខណ្ឌ La Liga​។ ជំនួប El Clasico លើក​ទី​១​សម្រាប់​រដូវ​កាល ២០១៨-២០១៩ នេះ បាន​ត្រឡប់មក​សារជាថ្មី ដែល​ត្រូវធ្វើឡើង​នៅ​ទឹកដី Nou Camp នៅ​រាត្រី​ថ្ងៃទី​២៨ ខែតុលា វេលា​ម៉ោង ១០ និង​១៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ El Clasico ត្រូវបាន​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​សំខាន់​ជាងគេ​បំផុត​ក្នុងចំណោម​ការ​ប៉ះគ្នា​រវាង​ក្រុម​ខ្លាំង​ប្រចាំ​លី​គ​ដទៃទៀត​នៅ​តំបន់​អឺរ៉ុប ដ្បិត​មាន​តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo​។ ប៉ុន្តែ​សម្រាប់​ជំនួប​លើក​នេះ នឹង​មិនមាន​វត្តមាន​អ្នក​ទាំងពីរ​នេះឡើយ​។​
 
​ជាការ​ពិតណាស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo បាន​ចាក​ចេញពី Real Madrid ទៅ​ចូលរួម Juventus បន្ទាប់ពី​ស្នាក់នៅ ៩ ឆ្នាំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ដោយ​រួមចំណែក​ជួយ​ក្លិប​នេះ​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​១៥ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពាន Champions League ៤ លើក​ផងដែរ​។​
 
​ដោយឡែក Messi ឯណោះ​វិញ​ក៏​នឹងត្រូវ​អវត្តមាន​លើ​តារាង​មួយរយៈ​ផងដែរ បន្ទាប់ពី​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​របួស​ដៃ​ក្នុងជំនួប​ដែល Barca យកឈ្នះ Sevilla ៤-២ នៃ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​កាលពី​សប្តាហ៍​មុន​។​
 
​ដូច្នេះ Clasico នឹង​ក្លាយជា​ការប្រកួត​ដំបូង​បំផុត​ដែល​គ្មាន​វត្តមាន​ម្ចាស់​ពាន ballon d'or ៥​សម័យកាល​ទាំង​នាក់​នេះ ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០០៧ ដែល Real ជា​ក្រុម​ទទួល​ជ័យជម្នះ ១-០ ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ពី​ខ្សែប្រយុទ្ធ Julio Baptista​។ កាលនោះ​ក្រុម​ទាំងពីរ​មាន​កីឡាករ​ឆ្នើម​របស់​ពួកគេ​រៀងខ្លួន​ដូចជា Deco, Gianluca Zambrotta, Gabriel Heinze និង Ruud van Nistelrooy ជាដើម​។​
 
​តើ Barca នឹង​ដោះស្រាយ​បញ្ហា​អវត្តមាន​ភ្លាមៗ​របស់ Messi យ៉ាងដូចម្តេច​? តើ Real នឹង​ពុះពារ​បែបណា​ដើម្បី​ឈ្នះ​គូប្រជែង​ដោយ​គ្មាន Ronaldo យ៉ាងដូចម្តេច​? អវត្តមាន​របស់​គូបដិបក្ខ​ទាំងពីរ នឹង​ប៉ះពាល់​ដល់​ការប្រកួត​ដ៏​ធំ​នេះ​បែបណា​នោះ សូម​តាន​ដាន​ទាំងអស់គ្នា​៕

Tag:
 បាល់ទាត់​
  El Clasico
© រក្សាសិទ្ធិដោយ thmeythmey.com