មួយរយៈនេះ មានការលើកឡើងយ៉ាងផុសផុលពីភាពរកាំរកូសរវាងកម្ពុជា ជាមួយសហគមន៍អន្តរជាតិមួយចំនួន ជាពិសេសសហភាពអឺរ៉ុប និងស្ថាប័នអន្តរជាតិដ៏ធំមួយទៀត គឺសហភាពអន្តរសភា (IPU) ដែលមានស្ថាប័នផ្នែកនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា) ពីបណ្តាប្រទេសជិត២០០ ជាសមាជិក។
រឿងសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះ EBA ចេញពីកម្ពុជា ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ដើម្បីឆ្លើយតប។ ឥឡូវ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីបំភ្លឺមួយផ្សេងទៀត ដើម្បីពន្យល់សាធារណជនខ្លះ ដែលកំពុងបញ្ចេញមតិអំពីប្រតិកម្មរបស់សហភាពអន្តរសភា មកលើកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់មូលហេតុថា ការចេញសេចក្តីបំភ្លឺនេះ គឺដោយសារតែមានមជ្ឍដ្ឋានមួយចំនួន ភាន់ច្រឡំចំពោះករណីសហភាពអន្តរសភា។ ក្នុងសេចក្តីបំភ្លឺរបស់ខ្លួន ដែលចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អ្នកនាំពាក្យ បានលើកឡើងពីប្រជាធិបតេយ្យនៅកម្ពុជា ដោយពន្យល់ថា ប្រជាធិបតេយ្យ គឺជាកិច្ចធានានូវសិទិ្ធអំណាចនិងសេរីភាពរបស់មហាជន ដែលមិនស្ថិតនៅក្រោមបង្គាប់ឬបញ្ជាពីជនណា ក្រុមណា ឬអង្គភាពណានោះទេ មិនថានៅក្នុងឬនៅក្រៅប្រទេស។
អ្នកនាំពាក្យ បញ្ជាក់ថា ប្រជាធិបតេយ្យ ត្រូវតែក្តាប់ឲ្យជាប់ជាដាច់ខាតនូវសន្តិភាព ឯករាជ្យ និង អធិបតេយ្យ។ និយាយដល់ចំណុចនេះ អ្នកនាំពាក្យ ក៏ព្រមានថា កម្ពុជា អាចនឹងដកខ្លួនចេញពីស្ថាប័នអន្តរជាតិណាមួយ ដែលបំពានលើអធិបតេយ្យកម្ពុជា។
អ្នកនាំពាក្យ សង្កត់យ៉ាងដូច្នេះថា៖«កម្ពុជា រក្សាសិទ្ធិពេញលេញនិងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្តរជាតិណាមួយ បើមានការឈ្លានពាន ឬការជ្រៀតជ្រែកធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យនិងផលប្រយោជន៍កម្ពុជា» ។
ក្នុងអំឡុងខែតុលា ឆ្នាំ២០១៨នេះ សហភាពអន្តរសភា បានបើកកិច្ចប្រជុំលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ប្រតិភូសភាកម្ពុជា ដែលទៅចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី ឃួន សុដារី។
ក្នុងកិច្ចប្រជុំលើកនេះ សហភាពអន្តរសភា ចេញរបាយការណ៍មួយ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា។ ក្នុងរបាយការណ៍នោះ មានសរសេរពីបញ្ហាសិទ្ធិមនុស្ស និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលសហភាពអន្តរសភា យកទៅវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពត្រឹមត្រូវ ។
ក្រោយមក គណៈប្រតិភូសភាកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់សភាពអន្តរជាសភា។ គណៈប្រតិភូសភាកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖«គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា ពុំបានពិចារណាឲ្យបានម៉ត់ចត់សោះឡើយ។ ផ្ទុយទៅវិញ ដោយផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយពីភាគីម្ខាង គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា កំពុងលាបពណ៌កម្ពុជាឲ្យខ្មៅងងឹត....»៕