ជាតិ
សៀមរាប៖ ផ្លូវ៦០ ម៉ែត្រ ត្រូវបានដាក់ឈ្មោះផ្លូវការថា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»
× សៀមរាប៖ ផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានដូរឈ្មោះជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប តាមសំណើររបស់អាជ្ញាធរជាតិអប្សរា មូលហេតុនៃការដូរឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។
វិថីសម្ដេចវិបុលបញ្ញា សុខ អាន ដែលកន្លងមកពលរដ្ឋនិយមហៅផ្លូវ ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវនេះដែលមានទទឹងប្រវែង ៦០ម៉ែត្រ តែឈ្មោះនេះមិនទាន់ផ្លូវការទេ ទើបតែថ្មីៗនេះអាជ្ញាធរជាតិអប្សរា បានដាក់សំណើរទៅរដ្ឋបាលខេត្តសៀមរាប សុំឱ្យដាក់ឈ្មោះផ្លូវនេះជា វិថីសម្ដេចវិបុលបញ្ញា សុខ អាន។
គួររម្លឹកថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនានេះ ចំនួន ៩,៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលវិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com