ជាតិ
កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​ត្រាប់​កម្ពុជា ២០១៨ បើកទទួល​ពាក្យ​សម្រាប់​និស្សិត​ចង់​ចូលរួម
28, Oct 2018 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី «​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​ត្រាប់​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស​ហៅថា Cambodia National Model ASEAN Meeting (CNMAM)»​ថ្នាក់ជាតិ​លើកដំបូង​នឹងត្រូវ​រៀបចំឡើង​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ​។ កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​និស្សិត​ពង្រីក​ចំណេះដឹង​ទាក់​ទំនង​នឹង​អាស៊ាន និង​ពង្រឹងសមត្ថភាព​ចរចា និង​តស៊ូ​មតិ​លើ​បញ្ហា​គោលនយោបាយ​របស់​អាស៊ាន​ផងដែរ​។


 
​បណ្ណាល័យ American Corner នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​សម្ព័ន្ធ​នៃ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ ( League of International Relations Affairs) នឹង​សហការគ្នា​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ត្រាប់​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៦​ធ្នូ​ខាងមុខនេះ​។ 
 
​កម្មវិធីសិក្សា​បែប​អនុវត្ត​ដោយ​ត្រាប់​ជាក់ស្ដែង   «​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​ត្រាប់​កម្ពុជា​» លើកដំបូង​នេះ​នឹង​ផ្ដល់ឱកាស​ឱ្យ​និស្សិត​កម្ពុជា​អាច​ចូលរួម​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការជជែក​ដេញដោល និង​តស៊ូ​មតិ​បែប​ការទូត​ផងដែរ​។ 
 
​កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឲ្យ​និស្សិត​អាច​ផ្តោតលើ​បញ្ហា​គោលនយោបាយ និង​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ក៏ដូចជា​ស្វែងយល់​ពី​ការកសាង​សុខដុម​រម​នីយកម្ម សន្តិភាព និរន្តរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​ថ្នាក់​តំបន់​។ លើសពីនេះទៅទៀត ពួកគេ​ក៏​អាច​ពង្រីក និង​ពង្រឹង​សក្កា​នុព​ល​ចំណេះដឹង​អំពី​អាស៊ាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមុន​ផងដែរ ។​
 
​តាមពិតទៅ​កម្មវិធី «​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​ត្រាប់​កម្ពុជា​»​នេះដែរ ត្រូវបាន​ផ្តួចផ្តើម​ស្ថាបនិក​វ័យក្មេង​ប្រកបដោយ​បទពិសោធន៍ និង​ចំណេះដឹង​អំពី​អាស៊ាន និង​ជា​អតីត​បេក្ខជន​ចូលរួម​កម្មវិធី​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​នៃ​មូលនិធិ​អាស៊ាន (AFMAM) នៅ​ប្រទេស​សិង្ហ​បុរី ឆ្នាំ​២០១៨ ផងដែរ​។​
 
 សូម​ជម្រាប​ផងដែរ​ថា «​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ាន​ត្រាប់​ថ្នាក់ជាតិ​» លើកដំបូង​នេះ​នឹង​ប្រើប្រាស់​ភាសា​អង់គ្លេស ហើយ​រាល់​បេក្ខជន​បេ​ក្ខ​នារី​ជា​និស្សិត​ដែល​ចាប់អារម្មណ៍ អាចដាក់​ពាក្យ​និង​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​នេះ​រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ៕
 
​ចុះឈ្មោះ​តាម​តំណរ​នេះ​៖ CNMAM

© រក្សាសិទ្ធិដោយ thmeythmey.com