CATA រៀបចំ​ដំណើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​លើកដំបូង​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​
ជាតិ
CATA រៀបចំ​ដំណើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​លើកដំបូង​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​
28, Oct 2018 , 8:39 am        
រូបភាព
​សៀមរាប​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA នឹង​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។ ក្នុង​កម្មវិធី​នេះដែរ ក៏មាន​ការដាំ​កូនឈើ​នៅ​គោលដៅ​មួយចំនួន​ក្នុង​ឧទ្យាន​អង្គរ ផ្ញើ​សារ​ដល់​យុវជន​ឱ្យចូល​រួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​។​

 
​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ប្រចាំខេត្ត​សៀមរាប លោក ផាវ ព្រឿ​ន បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ខាង​សមាគម​របស់លោក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​បែបនេះ​។ គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ ធ្វើឡើង​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ ទី​ពីរ ចង់​ធ្វើការ​ពង្រីក​ខ្សែ​ទស្សនា​របស់​ភ្ញៀវទេសចរ មានន័យថា នៅ​ខេត្តសៀមរាប​ក្រៅពី​ប្រាសាទ ក្នុងនោះ​ភ្ញៀវទេសចរ​ក៏​អាច​ធ្វើដំណើរ​កម្សាន្ត​ក្នុងព្រៃ​ជុំវិញ​ប្រាសាទបុរាណ​បាន​ផងដែរ និង​គោលបំណង​ទី​បី គឺ​ការចូលរួម​ដាំ​កូនឈើ​នៅ​ទីតាំង​ចំនួន​៧​កន្លែង បំណង​ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ផាវ ព្រឿ​ន ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី ២៤ តុលា​។​
 
​កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរ​ធ​ម៌​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ វិច្ឆិកា ចាប់ពី​វេលា​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៤​រសៀល​។ អ្នកចូលរួម ត្រូវ​បង់​វិភាគទាន​ម្នាក់​ចំនួន ១២​ដុល្លារ ដោយ​ពួកគេ​ទទួលបាន​មកវិញ​នូវ​ភេសជ្ជៈ និង​អាហារ​ថ្ងៃត្រង់ រួម​និង​មធ្យោបាយ​ដឹកជញ្ជូន​។​ល​។ តាម​គម្រោង​របស់​សមា​គម អាច​នឹងមាន​អ្នកចូលរួម​ចន្លោះ​ពី ២៥០ ទៅ​៥០០​នាក់​។ អ្នកចូលរួម​នឹងធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ចាប់ពី​ខ្លោងទ្វារ​ទន្លេ​អុំ រហូតដល់​ចំណុច​ចុងក្រោយ​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ១២​គីឡូម៉ែត្រ​។ យ៉ាងណា តាម​ការបញ្ជាក់​របស់ លោក ផាវ ព្រឿ​ន កម្មវិធី​នឹងមាន​រៀបចំ​កន្លែង​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់ នៅ​សួន​បណ្ដុះ​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា មុន​បន្តដំណើរ​ទៅ​គោលដៅ​ចុងក្រោយ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា កម្មវិធី​ដំណើរ​កម្សាន្ត​ក្នុងព្រៃ​ឧទ្យាន​អង្គរ​រៀបចំ​ដោយ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ថវិកា​ដែល​បាន​ពី​កម្មវិធី​នេះ នឹង​ប្រគល់ជូន​ទាំង​ស្រុក​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com