បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី នឹងធ្វើ​ឲ្យ​គណៈកម្មការ​ទី​៧​រដ្ឋសភា​ក្លាយជា​វេទិកា​កៀងគរ​មតិ​
28, Oct 2018 , 3:24 pm        
រូបភាព
​នៅ​ថ្ងៃទី​៦​ខែកញ្ញា សមាជិក​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​។ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ក៏បាន​ក្លាយជា​សមាជិក​ក្មេង​ជាងគេ​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ តាមរយៈ​ការដឹកនាំ​គណៈកម្មការ​ទី​៧​។ លោក ហ៊ុន ម៉ា​នី បាន​ប្តេជ្ញាចិត្ត​ដឹកនាំ​គណៈកម្មការ​ជំនាញ​នេះ​ឲ្យ​រស់​រវើក និង​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ថាប័ន​នីតិបញ្ញត្តិ​ដែល​លោក​បាន​បម្រើ​៥​ឆ្នាំ​រួចមកហើយ​។ មាន ការងារ​សំខាន់​បី ដែល​លោក ហ៊ុន ម៉ា​នី នឹង​អនុវត្ត​នៅក្នុង​គណៈកម្មការ​ជំនាញ​ដែល​ត្រូវ​តាមដាន​ក្រសួង​ចំនួន​៤​គឺ ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​វប្បធម៌​, ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួងទេសចរណ៍​។​

 
 
​ខាងក្រោម​នេះ​គឺជា​បទ​សម្ភាស​ដែល​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ផ្តល់​ឲ្យ​លោក លាង ដឺ​លុច ជា​នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​ថ្មីៗ​៖

 
​លោក លាង ដឺ​លុច​៖ កាលពី​៥​ឆ្នាំមុន ក្នុង​នីតិកាល​ទី​៥ លោក​បាន​ក្លាយជា​អ្នកតំណាងរាស្ត្រ​វ័យក្មេង​ជាងគេ​។ ក្នុង​នីតិកាល​នេះ លោក​មិន​ត្រឹមតែ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​សារជាថ្មី​ទេ តែ​លោក​បានទទួល​តួនាទី​ថ្មី​ថែមទៀត គឺ​ដឹកនាំ​គណៈកម្មការ​ជំនាញ​ទី​៧​។ តើ​អ្វី​ជា​ចំណាប់​របស់លោក​ចំពោះ​តួនាទី​ថ្មី​នេះ​?
 
​លោក ហ៊ុន ម៉ា​នី​៖ ៥​ឆ្នាំមុន​មានការ​ភ្ញាក់ផ្អើល​ម្តង ដោយ​គណបក្ស​បានផ្តល់​ឱកាស​ឲ្យ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​។ ៥​ឆ្នាំក្រោយ មានការ​ភ្ញាក់ផ្អើល​ម្តងទៀត តែ​ពោរពេញ​ដោ​យក​ត្តិ​យស ដោយ​គណបក្ស​បានផ្តល់ ឱកាស​ជាថ្មី​ម្តងទៀត ហើយក៏​មានការ​អនុម័ត​ដោយ​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ខ្ញុំ​ក្លាយជា ប្រធាន គណៈកម្មាធិការ​ទី​៧​នៃ​រដ្ឋសភាជាតិ​របស់​យើង​។ នេះ​កិត្តិយស​ដ៏​ធំធេង តែ​អ្វីដែល​សំខាន់​នោះ គឺ​តួនាទី​ភារកិច្ច​ដែល​សំខាន់​។ ទោះ​មានការ​លំបាក ការងារ​មាន​វិសាលភាព​ធំ​យ៉ាងណាក៏ដោយ ខ្ញុំ​ត្រូវខិតខំ​ប្រឹងប្រែង​បំពេញ ដើម្បី​ប្រជាជន និង​សង្គមជាតិ​។ 
 
​លោក លាង ដឺ​លុច​៖ តើ​លោក​ដឹង​ដែរឬទេ​ថា ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​គណបក្ស និង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រគល់​តួនាទី​នេះ​ជូន​លោក ?
 
​លោក ហ៊ុន ម៉ា​នី​៖ ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែងតែមាន​ការវាយតម្លៃ​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ថា​តើ​ឥស្សរជន​ណា​មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​នូវ​តួនាទី​នីមួយៗ​។ វា​ជាការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅក្នុង​គណបក្ស​។ សម្រាប់​ករណី​ខ្ញុំ ខ្ញុំ​គិតថា រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.)​ផង និង​ក្នុងនាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ផង ខ្ញុំ​បាន​បំពេញភារកិច្ច​របស់ខ្ញុំ​ទៅតាម​អ្វីដែល​ត្រូវ​បានចែង​ឲ្យ​បម្រើប្រជាជន និង​សង្គមជាតិ​យើង​។ មិន​ថា​ខ្ញុំ មិន​ថា​ឥស្សរជន​ដទៃ​ទេ គឺ​មិនអាច​ទទួលជោគជ័យ​ទេ បើសិនជា​គ្មាន​ការលះបង់ ការតស៊ូ ការធ្វើការងារ​ជា​ក្រុម​នោះទេ​។ ដូច្នេះ​អ្វីដែល​មាននៅ​ថ្ងៃនេះ មិនអាច​ត្រូវ​កាត់ផ្តាច់​បាន​ពីអ្វី ដែល យើង ខំ អនុវត្ត​ក្នុងនាម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​នោះទេ​។​
 
​លោក លាង ដឺ​លុច​៖ ៥​ឆ្នាំ​ហើយ​ដែល​លោក​បាន​ធ្វើជា​អ្នកតំណាងរាស្ត្រ​។ នៅ​នីតិកាល​ថ្មី​នេះ លោក​នៅតែ​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ ហើយ​ទទួលបាន​តួនាទី​ដឹកនាំ​គណៈកម្មាធិការ​ជំនាញ​ទី​៧​ទៀត​។ តើ​លោក​គិតថា លោក​កំពុង​ទទួលបាន​ជោគជ័យ​នៅក្នុង​អាជីព​ជា​អ្នកនយោបាយ​ដែរឬទេ ?
 
​លោក ហ៊ុន ម៉ា​នី​៖ ពី​ជំ​ហ៊ាន​មួយ ទៅ​ជំ​ហ៊ាន​មួយ បើ​និយាយ​អំពី​ភាពជោគជ័យ មិនគួរណា​ខ្ញុំ​ជា​អ្នកវាយតម្លៃ​ទេ​។ ជោគជ័យ ឬ​មិន​ជោគជ័យ វា​ជា​រឿង​មួយ តែ​អ្វីដែល​សំខាន់ គឺ​ការបំពេញភារកិច្ច​ទៅមុខ​ថែមទៀត​។ កម្មវិធី​នីមួយៗ​ដែល​យើង​បានធ្វើ​កន្លងមក​ក្នុង​រយៈពេល​៥​ឆ្នាំ មិន​ថា​ក្នុង​ក្របខណ្ឌ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ​ក្នុងនាម​ជា​តំណាងរាស្ត្រ​កំពង់ស្ពឺ​ទេ តែងមាន​ការស្វាគមន៍​ច្រើន​ពី​ប្រជាពលរដ្ឋ​។ ទៅខាង​មុខ​ទៀត យើង​មាន​ការងារ​ច្រើន​ដែល​យើង​ប្រឹង​រៀនសូត្រ​បន្ថែម​។ យើង​ដឹង​ច្បាស់​ថា​អ្វី ដែលជា តួនាទី​ប្រធាន​គណៈកម្មការ​ទី​៧​នេះ​។ យើង​ត្រូវ​រៀបចំ​ផែនការ​ច្បាស់លាស់ ដើម្បី​អាច​សម្រេច​ការងារ​ជោគ​ជ័យ​។ អ្វីៗ​ទាំងអស់​មិនអាច​សម្រេច​ដោយ​ខ្លួនឯង​នោះទេ គឺ​ត្រូវការ​ធ្វើការ​ជា​ក្រុម​ជាមួយ​ឯកឧត្តម​លោកជំទាវ​ជា​សមាជិក​របស់​គណៈកម្មាកា​រ​ទី​៧ ហើយ​ខ្ញុំ​សង្ឃឹមថា អាចមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​។​
 
​លោក លាង ដឺ​លុច​៖ លោក ហ៊ុន ម៉ា​នី តើ​ការងារ​ស្នូល​របស់​គណៈកម្មការ​ទី​៧​មាន​អ្វីខ្លះ ?
 
​លោក ហ៊ុន ម៉ា​នី​៖ គឺ​ការស្រាវជ្រាវ និង​តាក់តែង​សេចក្តីស្នើច្បាប់​ទៅលើ​វិស័យ​នីមួយៗ បើសិន​ជាមាន​តម្រូវការ​។ ម្យ៉ាងទៀត គឺ​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​ទាំង​៤​ដែល​នៅក្រោម​ឆ័​ត្រ​នៃ​គណៈកម្មការ​ទី​៧ ដែល​យើង​ត្រូវ​ពិគ្រោះ​យោបល់ វាយតម្លៃ និង​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​។ លើសពីនោះ យើង​ត្រូវ​ពន្យល់​ពលរដ្ឋ​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគេ​ដឹង​ច្បាស់​ថា ការតាក់តែង​ច្បាប់​នីមួយៗ កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ផ្នែក​នីមួយៗ មាន​អត្ថប្រយោជន៍​យ៉ាងណា​ជូន​ដល់​ប្រជាពលរដ្ឋ​។ ដូចគ្នា​ដែរ គឺ​យើង​យក​ការព្រួយបារម្ភ​របស់​ព​ល​រដ្ឋ​មូលដ្ឋាន មក​ជូន​រដ្ឋាភិបាល​។​
 
​លោក លាង ដឺ​លុច​៖ និយាយ​អំពី​វិស័យ​ទាំង​៤​នៅក្នុង​គណៈកម្មការ​ទី​៧ ខ្ញុំ​គិតថា លោក​ប្រហែលជា​មិនមាន​បញ្ហា​ច្រើន​ទេ​នៅក្នុង​វិស័យ អប់រំ យុវជន កីឡា វប្បធម៌ ព្រោះ​លោក​បានសម្រេច​សមិទ្ធផល​ច្រើន​ក្នុងពេល​កន្លងមក​។ ប៉ុន្តែ​វិស័យ​សាសនា និង​ទេសចរណ៍ លោក​ហាក់​មិនទាន់មាន​ពិសោធន៍​ច្រើន​នៅឡើយ​ទេ​។ តើ​វិស័យ​ពីរ​ចុង​ក្រោយនេះ ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​ឬទេ ?
 
​លោក ហ៊ុន ម៉ា​នី​៖ ទោះ​នៅក្នុង​ក្របខណ្ឌ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​យើង​បាន​ប្រឡូក​ច្រើន​ក្នុង​ការកៀងគរ និង​ផ្តល់ឱកាស​ឲ្យ​យុវជន​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា​ក្តី ក្នុង​វិស័យ​វប្បធម៌​ក្តី ខ្ញុំ​គិតថា វិស័យ​ទាំង​៤​នៅក្នុង​គណៈកម្មការ​ជំនាញ​ទី​៧​នេះ សុទ្ធតែជា​វិស័យ​សំខាន់​ចំពោះ​សង្គមជាតិ​របស់​យើង​ទៅ​ថ្ងៃ​អនាគត​។ ទោះបី​យើង​បាន​ប្រឡូក​ច្រើន តែ​ក៏មាន​ការងារ​ច្រើន​ដែល​ត្រូវ​សិក្សា​បន្ថែម ហើយ​ធ្វើ​បច្ចុប្បន្នភាព ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​យន្តការ​របស់​យើង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។ នេះ​ខ្ញុំ​សំដៅលើ​អប់រំ យុវជន និង​កីឡា និង​វប្បធម៌​មុន​។ ចំពោះ​ទេសចរណ៍ និង​សាសនា ដូចគ្នា​ដែរ គឺ​ទាមទារ​ឲ្យ​យើង​សិក្សា​បន្ថែម​ពី​កម្មវិធី​នយោបាយ អំពី​ច្បាប់ ពិសេស​លើ​វិស័យនេះ​ផ្ទាល់​តែម្តង​។ គឺ​មិនត្រូវ​គិតថា ត្រឹម​បច្ចុប្បន្នភាព​មាន​អ្វី​នោះទេ តែ​ត្រូវ​គិតថា​៥​ឆ្នាំ ឬ​២០​ឆ្នាំ​ទៅមុខទៀត តើ​វិស័យ​ទេសចរណ៍ និង​វិស័យ​សាសនា នឹង​ដើរតួ​យ៉ាងណា​សម្រាប់​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ផង និង​ការអប់រំ​ឲ្យ​មាន​មេត្តាធម៌ ជួយ​គ្នា​ទៅវិញទៅមក​នេះ ទាមទារ​ឲ្យ​យើង​សិក្សា​បន្ថែម​អ្វី​ដែលមាន​ក្នុង​ដៃ និង​ឆ្ពោះទៅ​អនាគត​។ 
 
​លោក លាង ដឺ​លុច​៖ តើ​លោក​អាច​បញ្ជាក់​លម្អិត​ជាង​នេះ​បានទេ ថា​លោក​នឹងធ្វើ​អ្វីខ្លះ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ទី​៧ ? លោក​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​មក​សួរដេញដោល​អំពី​ការងារ​របស់​ពួកគាត់​ឬទេ ?
 
​លោក ហ៊ុន ម៉ា​នី​៖ ទោះបី​ខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​នីតិកាល​ទី​៦​នេះ​ក្តី យើង​ត្រូវ​ដឹងថា​អ្វីដែល​រដ្ឋធម្មនុញ្ញ​អនុញ្ញាត និង​ត្រូវ​អនុវត្តតាម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ក្នុង​គណៈកម្មការ​ទី​៧ យើង​បាន​ពិភាក្សា​ពីរ​បី​ដង​ហើយ ហើយ​យើង​គិតថា ក្នុង​នីតិកាល​នេះ យើង​ចង់​សម្រេច​ការងារ​បី​ចំណុច​។ ទីមួយ យើង​នឹង​បន្ត​បទពិសោធន៍​វិជ្ជមាន គណៈកម្មការ​បានធ្វើ​ក្នុង​នីតិកាល​មុនៗ​។ យើង​នឹង​បន្ត​ទំនៀមទម្លាប់ និង​បំពេញការងារ​បន្ថែ​មជូ​ន​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ទី​ពីរ អ្វីដែល​យើង​ចង់ឃើញ​នៅក្នុង​នីតិកាល​ទី​៦​នេះ គឺ​ការសហការ ពិគ្រោះ​យោបល់ និង​ធ្វើ​ការងារ​ជាមួយ​នីតិប្រតិបត្តិ ពិសេស​ក្រសួង​នីមួយៗ​ដែល​ស្ថិតនៅក្រោម​ឆ័​ត្រ​នៃ​គណៈកម្មការ​ទី​៧​នេះ ឲ្យ​បានជា​ផ្លែផ្កា​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​យើង​ឲ្យ​បានច្បាស់លាស់​។ ទី​បី យើង​សង្ឃឹមថា គណៈកម្មការ​ទី​៧ នឹង​ក្លាយជា​វេទិកា​មួយ​ដែល​អាច​កៀងគរ​ឥស្សរជន​ផ្សេងៗ មិន​ថា​ដៃគូ​អភិវឌ្ឍ​ក្នុងប្រទេស ក្រៅប្រទេស អង្គការ​សមាគម ដែល​ធ្វើ​ការងារ​លើ​វិស័យ​ទាំង​៤​ក្នុង​គណៈកម្មការ​នេះ ដើម្បី​ពួកគេ​អាច​ចូលរួម​មតិ​វិជ្ជមាន​បន្ថែម ហើយ​យើង​នឹង​ផ្តល់​ទៅខាង​នីតិប្រតិបត្តិ​។​
 
​លោក លាង ដឺ​លុច​៖ ខ្ញុំ​ងាក​ចេញពី​ភារកិច្ច​របស់​គណៈកម្មកា​រ​ទី​៧​របស់លោក ដោយ​ត្រូវ​មក​និយាយ​អំពី​ការងារ​របស់​រដ្ឋសភា​ទាំងមូល​វិញ​។ តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ទទួលបាន​អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា ពលរដ្ឋ​បាន​បារម្ភ​អំពី​ការពិភាក្សា​សេចក្តីព្រាងច្បាប់ ដែល​អាច​មិន​ផុលផុស​ដូច​កាលពីពេល​ដែលមាន​គណបក្ស​ទំ​ទាស់ ឬ​មាន​គណបក្ស​ច្រើន​នៅក្នុង​រដ្ឋសភា​ដូច​នីតិកាល​មុនៗ​។ តើ​លោក​ពន្យល់​យ៉ាងណាដែរ ?
 
​លោក ហ៊ុន ម៉ា​នី​៖ មុន​ឆ្លើយ​សំណួរ​លោក ខ្ញុំ​សូម​អរគុណ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​ដឹកនាំ​។ ដូច្នេះ​ពី​ពេលនេះ​ទៅមុខ គឺ​ការ​តបស្នង​សងគុណ​។ តាមពិត ជាការ​យល់ដឹង​របស់​ខ្ញុំ​តាំងពី​នីតិកាល​ទី​៥ អ្វី​ដែលជា​ប្រពៃណី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ចេញពី​ប្រជាជន ធ្វើការ​ដើម្បី​ប្រជាជន និង​សម្រាប់​ប្រជាជន​។ ក្នុងនាម​ជា​តំណាងរាស្ត្រ​ទូទាំងប្រទេស គឺ​យើង​ត្រូវ​លើកយក​យោបល់​របស់​ប្រជាជន​ចូលមកក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​។ និយាយ​អំពី​សេចក្តីព្រាងច្បាប់​វិញ ដោយ​ផ្អែកលើ​យើង​ជា​អ្នកតំណាង​ឲ្យ​ប្រជាជន ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល គឺ​មិន​ខុសគ្នា​ពី​នីតិកាល​មុនៗ​នោះទេ​។ គណបក្ស​ច្រើន ឬ​គណបក្ស​តែមួយ​នៅក្នុង​រដ្ឋសភា តួនាទី​យើង​មិន​ប្រែប្រួល​នោះទេ​។ 
 
​លោក លាង ដឺ​លុច​៖ លោក​ជឿជាក់ថា អ្នកតំណាងរាស្ត្រ​ទាំង​១២៥​រូប​នឹង​អនុវត្ត​តួនាទី​របស់ខ្លួន ទោះបីជា​សេចក្តីព្រាងច្បាប់​របស់រ​ដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចគ្នា ?
 
​លោក ហ៊ុន ម៉ា​នី​៖ ខ្ញុំ​មិន​និយាយ​ជំនួសមុខ​អ្នកតំណាងរាស្ត្រ​១២៤​រូប​ទៀត​ទេ​។ តែ​ចំពោះ​ខ្ញុំ ខ្ញុំ​អាចនិយាយបាន​ច្បាស់លាស់ និង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ គឺ​ខ្ញុំ​នឹង​នាំយក​មតិ​យោ​បស់​របស់​ពលរដ្ឋ​មក​ក្នុង​រដ្ឋសភា តាមរយៈ​ខ្ញុំ​ជា​តំណាង​។ និយាយ​អំពី​សេចក្តីព្រាងច្បាប់ វា​មិនមែន​ថា​អ្វីៗ​ទាំងអស់​ត្រូវតែ​ជំទាស់​នោះទេ​។ សេចក្តីព្រាងច្បាប់​ណា​ដែលមាន​ភាពច្បាស់លាស់ ហើយ​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​ហើយ គួរតែ​គាំទ្រ​។ តែបើ​មាន​ចំណុច​ព្រួយបារម្ភ មិន​ច្បាស់លាស់ យើង​អាច​ស្នើ​ឲ្យ​តំណាង​រដ្ឋាភិបាល​បំភ្លឺ​បន្ថែម​។ វា​ត្រូវតែ​ជាការ​ពិភាក្សា​មួយ ក្រោយពី​អនុម័ត​សេចក្តីព្រាងច្បាប់ ការអនុវត្ត​ច្បាប់​នោះ​នឹងមាន​ប្រសិទ្ធភាព​។ 
 
​លោក លាង ដឺ​លុច​៖ មាន​សំណួរ​មួយ​ដែល​ខ្ញុំ​ត្រូវតែ​សួរ​លោក​។ លើសពី​ការដឹកនាំ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា លោក​នៅ​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទៀត​។ លោក​នៅ​អាច​រែកពន់​ការងារ​ទាំងពីរ​នេះ​បាន ?
 
​លោក ហ៊ុន ម៉ា​នី​៖ អាច​សម្រេចបាន​ការងា​រទាំង​អស់នេះ គឺ​មិនមែន​ខ្ញុំ​ម្នាក់ឯង​ទេ​។ គឺ​ដោយសារ​ក្រុមការងារ និង​គ្រួសារ សម្រាប់​ការងារ​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ រីឯ​នៅក្នុង​គណៈកម្មការ​រដ្ឋ​សភា គឺ​យើង​មាន​ឯកឧត្តម លោកជំទាវ​ជា​សមាជិក និង​ជំនួយការ​ថែមទៀត​។ មិន​ថា​បច្ចុប្បន្ននេះ​ទេ ទៅ​ថ្ងៃ​អនាគត​ក៏ដោយ យើង​ត្រូវ​សម្រេច​ការងារ​ជា​ក្រុម​។ ទោះបី​ការងារ​មាន​ច្រើនជាង​មុន​ក៏ដោយ តែ​អ្វីដែល​ច្បាស់លាស់ គឺ​យើង​មាន​ទឹកចិត្ត និង​ឆន្ទៈ​។ ដូច្នេះ មិន​ថា សស​យក មិន​ថា​គណៈកម្មការ​ទី​៧​ទេ គឺ​យើង​ត្រូវការ​ប្តេជ្ញាចិត្ត តស៊ូ​ថែមទៀត​ដើម្បី​បំពេញភារកិច្ច​ជូន​សង្គមជាតិ​របស់​យើង​។​
 
​លោក លាង ដឺ​លុច​៖ តើ​លោក​រំពឹង​ទទួល​ទ្ធ​ផល​បែបណា​នៅក្នុងពេល​៥​ឆ្នាំក្រោយ នៅក្នុង​គណៈកម្មការ​រ​ដ្ឋ​សភា​នេះ​?
 
​លោក ហ៊ុន ម៉ា​នី​៖ យើង​នឹងចូលរួម​ជាមួយ​រដ្ឋាភិបាល ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​ផ្លែផ្កា​ជាក់លាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តែម្តង​។ ទោះយ៉ាងណា​ក៏ដោយ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់​មើល​ការងារ​ទាំងឡាយ គ្រាន់តែ​សម្រាប់​មួយ​អាណត្តិ ទៅមួយ​អាណត្តិ​នោះទេ​។ ការអភិវឌ្ឍ និង​ការវិវត្ត​របស់​ប្រទេសជាតិ គឺ​វែងឆ្ងាយ​។ អ្វីដែល​យើង​បានធ្វើ​៥​ឆ្នាំកន្លងមក ទោះ​ក្នុងនាម​ជា​ប្រធាន ស​.​ស​.​យ​.​ក​. ក្តី ឬ​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​ក្តី វា​បានដាក់​គ្រឹះ​ជា​មូលដ្ឋាន​មកដល់​នីតិកាល​ទី​៦​នេះ​។ ហើយ​អ្វីដែល​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ក្នុង​នីតិកាល​នេះ វា​ក៏​នឹង​ជា​ថ្នាល​បន្តបន្ទាប់​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​ប្រទេសជាតិ​។ បើ​យើង​និយាយ​ត្រឹមតែ​អាណត្តិ វា​គ្រាន់តែ​ជា​វដ្ដ​នៃ​ការបោះឆ្នោត​តែប៉ុណ្ណោះ ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស យើង​មិនអាច​មើល​ត្រឹមតែ​៥​ឆ្នាំ​ម្តងនេះ​ទេ​។​ មិន​ថា​ក្នុងនាម​គណៈកម្មការ​ទី​៧ មិន​ថា ស​.​ស​.​យ​.​ក​. ខ្ញុំ​បានទទួល​ពិសោធន៍​ពី​ថ្នាក់ដឹកនាំ​មួយចំនួន​។ ហើយ​ខ្ញុំ​អាច​និយាយ​តាម​ត្រង់​បាន​ថា ខ្ញុំ​បានទទួល​ឥទ្ធិពល​នៃ​ភាពជា​អ្នកដឹកនាំ​ពី​ឪពុក​ខ្ញុំ​ច្រើន​។ មិនមែន​ក្នុងនាម​គាត់​ជា​ឪពុក​ទេ តែ​ក្នុងនាម​គាត់​ជា​អ្នកដឹកនាំ​មួយ​។ ជា​ពិសោធន៍​នៃ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន ក្នុង​ក្របខណ្ឌ​តំណាងរាស្ត្រ និង​ជាមួយ​យុវជន យុវនារី ក្នុង​ក្របខណ្ឌ ស​.​ស​.​យ​.​ក​. ។ យើង​នឹងចូលរួម​ជាមួយ​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ដើម្បី​ចក្ខុវិស័យ​២០៣០ និង​២០៥០ តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​យើង​ឃើញ​អនាគត​កម្ពុ​ជាមួយ​វែងឆ្ងាយ​លើស​ត្រឹម​តែមួយ​អាណត្តិ​។ ខ្ញុំ​ជឿជាក់​លើ​អនាគត​របស់​កម្ពុ​ជាមួយ​។ ខ្ញុំ​ជួប​ជាមួយ​យុវជន​យុវនារី​កម្ពុជា​ច្រើន ខ្ញុំ​ឃើញ​គំនិត​ច្នៃប្រឌិត ការតស៊ូ ការលះបង់ ការចូលរួមចំណែករ​បស់​ពួកគេ​សម្រាប់​កម្ពុជា​៕
 

Tag:
 ហ៊ុន ម៉ា​នី រដ្ឋសភា អប់រំ យុវជន វប្បធម៌ សាសនា ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com