ជាតិ
សេដ្ឋកិច្ច
អ្នករកស៊ី ផ្តល់​អនុសាសន៍​ដល់​ផ្នែក​សណ្ឋាគារ​នៅ​សៀមរាប​ថា​«​គួរ​កុំ​ទាន់​សាងសង់​បន្ថែម​»
28, Oct 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប ដែល​ហៅ​កាត់​ថា STC បានរៀបចំ​កម្មវិធី​ជួបជុំ​លើក​ទី ៣៦ ដែល​រាល់​ការជួបជុំ​ទាំងនោះ ផ្តោតលើ​ការចែករំលែក បទពិសោធន៍ និង​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ទេសចរណ៍​។ ការជជែក​លើក​នេះ ក៏បាន​និយាយ​ដល់​ចំនួន​ភ្ញៀវទេសចរ និង​ផ្នែក​សណ្ឋាគារ​ផងដែរ​។ អ្នកធ្វើការ​ក្នុង​វិស័យនេះ​មើលឃើញ​ច្បាស់​ថា កំណើន​ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប​នៅមានកម្រិត​នៅឡើយ គឺ​កម្រិត​នេះ​សមល្មម​ទៅនឹង​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដែលមាន​សព្វថ្ងៃ​។ ពួកគេ​យល់ថា ការសាងសង់​សណ្ឋាគារ​បន្ថែម គួរ​បញ្ឈប់​សិន បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ជួប​ហានិភ័យ ដ្បិត​សណ្ឋាគារ​កើន​ខ្លាំង​ជាង​ចំនួន​ទេសចរ​។

 
​លោក ហ៊ុយ ភៀវ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧត្ដរមានជ័យ បានលើកឡើង​ក្នុង​កម្មវិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​២៧ តុលា ដោយបាន​កោតសរសើរ​ចំពោះ​ការជួបជុំ​ចែករំលែក​បទពិសោធន៍ បញ្ហា​ប្រឈម​របស់​អ្នករកស៊ី​ផ្នែក​វិស័យ​ទេសចរណ៍​នេះ​។ លោក ក៏បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ប្រាប់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​លើ​ការងារ​រកស៊ី​នេះ​ផងដែរ​។ សម្រាប់​លោក ហ៊ុយ ភៀវ អ្នករកស៊ី​ទាំងអស់​មិនត្រូវ​កុំ​រកស៊ី​តាម​គ្នា​ទេ ព្រោះ​វា​អាច​ប្រឈម​ហានិភ័យ​ខ្លាំង​។ ដូច​ករណី​សណ្ឋាគារ អ្នករកស៊ី​ជើងចាស់​មួយ​នេះ​មើលឃើញថា កំណើន​សណ្ឋាគារ​នៅ​ខេត្តសៀមរាប ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​ចំនួន​ទេសចរ តែ​ហេតុអ្វី​អ្នកខ្លះ​នៅ​បន្ត​សាងសង់​បន្ថែម​។​
 
​លោក ហ៊ុយ ភៀវ ពន្យល់ថា ការសាងសង់​សណ្ឋាគារ​នៅ​ខេត្តសៀមរាប ហាក់​ដល់​ចំណុច​មួយ​ដែល​មិនទាន់​ដល់ពេល​សង់​បន្ថែមទៀត ព្រោះថា កំណើន​ទេសចរ​បច្ចុប្បន្ន​សមរ​ម្យ​ល្មម​នឹង​ចំនួន​បន្ទប់​ស្នាក់នៅ តែ​អាច​នឹងមាន​ហានិភ័យ​ប្រសិនបើ​អ្នក​សាងសង់ បន្ត​សង់​បន្ថែមទៀត​។ លោក​បន្ថែមថា​៖ «​បើសិនជា​យើង​ចេះតែ​សាងសង់​បន្ថែមទៀត យើង​ឃើញ​គេ​សង់​ចេះតែ​ចង់​សង់ អ្នកខ្លះ​ជោគជ័យ​ខ្លះ​ក៏​បរាជ័យ ខ្លះ​គាត់​មាន​លុយ​តិច​ធ្វើ​តាមតិច បញ្ហា​ប្រឈម​គឺ​ចំណាយ​ធំ ចំណូល​តូច ចឹ​ង​វា​មិនអាច​ចំណេញ​ទេ​។ ចំណុច​នេះ ខ្ញុំ​សុំឱ្យ​គាត់​គិត​ឡើងវិញ រង់ចាំ​ពេលវេលា​បន្ដិច ចាំ​ដល់​ព្រលានយន្ដហោះ​ថ្មី​កើតឡើង គឺ​កំណើន​ទេសចរ​កាន់តែច្រើន ពេលនោះ​យើង​អាច​សង់​បន្ថែម​បាន​ហើយ​»​។ 


 
​ជាមួយគ្នានេះដែរ លោក ស្រ៊ន ហ៊ា​ត អគ្គនាយក Silk D’Angkor Group បានលើកឡើង​ក្នុងជំនួប​ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន អាត ស៊េ​ដូ នោះដែរ​ថា រយៈពេល​ចុងក្រោយ​នេះ លោក​សង្កេតឃើញថា អ្នក​សាងសង់​សណ្ឋាគារ​ខ្លះ​មាន​ភាព​រអា​ទៅនឹង​ការសង់​នេះ​។ លោក ស្រ៊ន ហ៊ា​ត មើលឃើញថា ភ្ញៀវទេសចរ​មានការ​កើនឡើង​តិចតួច តែ​ផ្នែក​សណ្ឋាគារ​មានការ​កើន​លឿន ដែល​ធ្វើឱ្យ​ពិបាក​ផ្នែក​ទីផ្សារ​។ លោក​ថា មុននឹង​អាច​សង់​សណ្ឋាគារ​បន្ថែម​មួយៗ គឺ​ត្រូវ​មើល​លើក​ត្ដា​មួយចំនួន ដូចជា​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​ជាដើម​។​
 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នៅក្នុង​ឆ្នាំ ២០១៧​កន្លងទៅ សណ្ឋាគារ​នៅក្នុង​ខេត្ត​នេះ​មាន​ចំនួន ២២០​កន្លែង ដែល​សរុប​មាន​ជាង ១៣​ពាន់​បន្ទប់ ក្នុងនោះ​មិន​រាប់បញ្ចូល​ផ្ទះសំណាក់​ដែលមាន​ជិត ៥​ពាន់​បន្ទប់ និង​កន្លែង​ស្នាក់នៅ​តូចៗ​នោះទេ​។ ចំណែក​ទេសចរ​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប​ក្នុង​ឆ្នាំ ២០១៧ មាន​ជាង ៥​លាន​នាក់ ក្នុងនោះ​អន្ដរជាតិ​មាន​ជាង ២​លាន​នាក់​។ 
 
​គួររម្លឹកថា ជំនួប​ប្រតិបត្តិ​ករ​ទេសចរណ៍​លើក​ទី​៣៦ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២៧ តុលា នៅ​ភោជនីយដ្ឋាន អាត ស៊េ​ដូ ដែលមាន​អ្នកចូលរួម​សរុប​ជាង ១០០​នាក់​។ អនុប្រធាន​ក្រុម​ប្រតិបត្តិ​ករ លោក ច័ន្ទ សុភា បង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង​នៅពេល​មាន​អ្នកចូលរួម​កម្មវិធី​នេះ​កាន់តែ​ច្រើនឡើងៗ ដ្បិត​វា​ជាស​ញ្ញា​វិជ្ជមាន​ផ្នែក​វិស័យ​ទេសចរណ៍ ដែល​ប្រតិបត្តិ​ករ​មកពី​ស្ថាប័ន​ផ្សេងៗ​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​បញ្ហា​ដែល​ពួកគេ​កំពុង​ជួបប្រទះ ដើម្បី​រក​ដំណោះស្រាយ​រួមមួយ​៕












 

Tag:
 សណ្ឋាគារ​
  សៀមរាប​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com