អន្តរជាតិ
ឥណ្ឌូណេស៊ី៖យន្តហោះក្រុមហ៊ុន Lion Air ដែលធ្លាក់មានមនុស្សទាំងអស់ ១៨៨នាក់
29, Oct 2018 , 9:41 am        
រូបភាព
ដោយ: ថ្មីៗ
 យន្តហោះ​ដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី Lion Air ​បានធ្លាក់នៅ​ថ្ងៃចន្ទទី ២៩ ខែតុលានេះ ពេលចាកចេញពី​រដ្ឋធានីហ្សាការតាទៅ​កាន់កោះ Bangka Balitung។ ក្រុម​ស្វែងរក និងសង្គ្រោះឥណ្ឌូណេស៊ី​កំពុងចេញប្រតិ​បត្តិការ ប៉ុន្តែមូលហេតុ​នៃការធ្លាក់មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ 


ទីភ្នាក់ងារ​រុករកនិងសង្គ្រោះឥណ្ឌូណេស៊ី បានបញ្ជាក់​ថា យន្តហោះដែលមានជើងហោះហើរ JT-610 បានបាត់ពីប្រព័ន្ធទំនាក់ទំនងរយៈពេល​ត្រឹមតែ ១៣ នាទីប៉ុណ្ណោះក្រោយហោះចេញពីក្រុង​ហ្សាការតានៅម៉ោង ៦និង២០នាទីព្រឹកថ្ងៃចន្ទនេះ។ 

យោងតាមសារព័ត៌មាន BBC លោក Yusuf Latif ប្រធានទីភ្នាក់ងារនេះបានថ្លែងប្រាប់​អ្នកសារព័ត៌មានដូច្នេះ៖ «យន្តហោះ JT-610 ពិតជាបានធ្លាក់​ពិតមែន»។ មន្ត្រីរូបនេះបន្ថែមថា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងសមុទ្រពេលបាត់​ចេញពិប្រព័ន្ធទំនាក់ទំនងនោះ។  

ចំណែកយន្តហោះក្រុមហ៊ុន Lion Air ដែលធ្លាក់​នេះមានម៉ាក់ប៊ូអ៊ីង 737 ដែលអាច​ដឹកអ្នកដំណើរបានរហូតដល់ ២០០នាក់ឯណោះ។  ភ្លាមៗនោះ ខាងអាជ្ញាធរមិនអាចបញ្ជាក់ច្បាស់ពីចំនួន​អ្នកដំណើរនៅលើយន្តហោះឡើយ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្រសួងដឹក​ជញ្ជូនឥណ្ឌូណេស៊ីបានចេញមុខប្រកាស​ថា អ្នកដំណើរ និងអ្នកបម្រើការងារនៅលើយន្តហោះមានរហូតដល់ ១៨៨នាក់ឯណោះ។

លោក Sindu Rahayu អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន និងអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីបានបញ្ជាក់ដូច្នេះថា៖«យន្តហោះដឹកអ្នកដំណើរ ១៧៨ ក្មេងតូចម្នាក់ ទារកពីរ រួមជាមួយអ្នកបើកបរពីរនាក់ និងអ្នកបម្រើប្រាំនាក់ផង។ សរុបទាំងអស់ ១៨៨នាក់»។

ឥណ្ឌូណេស៊ីពឹងផ្អែកសំខាន់​លើការធ្វើដំណើរតាមផ្លូវអាកាសដើម្បីភ្ជាប់ទៅកាន់កោះផ្សេងទៀតរាប់ពាន់ទូទាំងប្រទេស។ ប៉ុន្តែទោះជាបែបនេះក្តី សុវត្ថិភាពអាកាសចរណ៍​ឥណ្ឌូណេស៊ីស្ថិតនៅកម្រិត​ទាបណាស់ ហើយកន្លងមកប្រទេសនេះរងគ្រោះច្រើនដងដោយសារ​ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com