កីឡាអន្តរជាតិ
អន្តរជាតិ
ជីវប្រវត្តិ លោក Vichai មហាសេដ្ឋី​ថៃ ដែល​បាត់​បង់ជីវិត​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​
29, Oct 2018 , 11:56 am        
រូបភាព
​ម្ចាស់​ក្លិប Leicester City លោក Vichai Srivaddhanaprabha បានទទួល​មរណភាព​ក្នុងចំណោម​មនុស្ស​៥​នាក់​ផ្សេងទៀត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន  King Power Stadium ក្រោយ​ជំនួប​ទល់នឹង West Ham នៃ​ក្របខណ្ឌ Premier League កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​


 
អត្ថបទទាក់ទង
 

​លោក Vichai Srivaddhanaprabha ដែលមាន​ឈ្មោះ​ដើម Vichai Raksriaksorn ជា​អ្នកជំនួញ និង​ជា​មហាសេដ្ឋី​លំដាប់​ទី​៥​នៅក្នុង​ប្រទេស​ថៃ បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប Leicester City ក្នុង​ឆ្នាំ​២០១០​។​


 
​លោក Vichai មាន​វ័យ​៦០​ឆ្នាំ បានកើត​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៥៨​។ បើតាម​ទស្សនា​វ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិរ​ហូត​ដល់ ៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រាក់​ទាំងនេះ​រកបាន​ពី​ការបើក​ក្រុមហ៊ុន​លក់ទំនិញ​ដំបូង និង​ធំជាងគេ​នៅតាម​បណ្តា​ប្រ​លាន​យន្ត​យោះ​ក្នុង​ប្រ​ទេ​ថៃ​ចាប់តាំងពី​ឆ្នាំ​១៩៨៩ ដែលមាន​ស្លាក​យីហោ King Power ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ King Power International Group ។​


 
​ទំនាក់ទំនង​របស់លោក Vichai ជាមួយ​ក្លិប Leicester បានចាប់ផ្តើម​ដំបូង​តាមរយៈ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​នៅលើ​អាវ មុនពេល​ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ភាគហ៊ុន​ធំ​របស់​ក្លិប​នេះ​ពី​លោក Milan Mandaric ក្នុងតម្លៃ ៣៩ លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០១០​។​


 
​ក្រោម​ការកាន់កាប់​រប​ស់​ក្រុមហ៊ុន King Power រយៈពេល​៤​ឆ្នាំ ក្លិប​រហស្សនាម​កញ្ជ្រោង​អាចឈាន​ឡើងទៅ​កាន់​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស បន្ទាប់ពី​ឈ្នះ​ជើង​ឯង Championship ក្នុង​រដូវ​កាល ២០១៣-២០១៤​។ ក្នុង​រដូវ​កាល ២០១៥-២០១៦ ពួកគេ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​អាច​ក្លាយជា​ម្ចាស់​ពាន Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ទៀតផង​។​


 
​ដើម្បី​ជាការ​អបអរ​ក្រោយ​ជួយ​ក្រុម​ឈ្នះ​ពាន​ក្នុងស្រុក​ជា​លើកដំបូង​ក្រោម​ការដឹកនាំ​របស់លោក Claudio Ranieri នោះ មហាសេដ្ឋី​រូបនេះ​បានផ្តល់​កាដូ​ជា​រថយន្ត BMW i8s ម្នាក់​១​គ្រឿង សរុប​អស់​ចំនួន ១៩ គ្រឿង ដែល​ក្នុង​មួយគ្រឿង​តម្លៃ ជាង​១២៨០០០​ដុល្លារ​អាមេរិក​។ លោក​ក៏​តែងតែ​បរិច្ចាគ និង​បង្កើត​កម្ម​វី​ធី​សប្បុរសធម៌​ជាច្រើន​។​


 
​ក្រៅពីនេះ លោក Vichai ក៏​ជា​ម្ចាស់​ក្លិប Oud-Heverlee Leuven ដែល​នៅ​ក្របខណ្ឌ Belgian First Division B របស់​បែលហ្ស៊ិក ផងដែរ​។​
 
​លោក Vichai មាន​ភរិយា​ឈ្មោះ Aimon និង​មានកូន​៤​នាក់ Voramas, Apicht, Arunroong និង Aiyawatt​។ លោក Aiyawatt ត្រូវបាន​គេ​ស្គាល់​ថា ជា​អនុប្រធាន​ក្លិប Leicester ចាប់តាំងពី​ឆ្នាំ​២០១១​មក​។​
 
​លោក Vichai Srivaddhanaprabha ដែលមាន​ឈ្មោះ​ដើម Vichai Raksriaksorn ត្រូវបាន​អតីត​មហាក្សត្រ​ថៃ Bhumibol ប្តូរ​នាមត្រកូល Srivaddhanaprabha ឲ្យ​វិញ​ដែល​មានន័យថា «​ពន្លឺ​នៃ​ភាពរុងរឿង និង​រីកចម្រើន​» នៅក្នុង​ឆ្នាំ​២០១៣​។ លោក​បាន​បង្កើត​ការងារ​ក៏ដូចជា​ការគិតគូ​លើ ការអប់រំ បញ្ហា​សុខភាព​កុមារ និង​ជាពិសេស​កម្មវិធី​កីឡា​នៅក្នុង​ប្រទេស​កំណើត​រប​ស់លោក​។​


 
​ជា​អកុសល លោក Vichai ត្រូវបាន​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន  King Power Stadium ជាមួយ​មនុស្ស​៤​នាក់​ផ្សេងទៀត​ដែល​សុទ្ធតែជា​មនុស្ស​ជំនិត​របស់លោក ដែល​រួមមាន ឈ្មោះ Nursara Suknamai និង Kaveporn Punpare ជា​បុគ្គលិក​ផ្ទាល់ ពី​ឡុ​តម្នាក់​ឈ្មោះ Eric Swaffer និង អ្នក​អមដំណើរ​ម្នាក់​ជនជាតិ​ប៉ូឡូញ Izabela Roza Lechowicz៕
 

Tag:
 Leicester
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com