យ៉ាងហោចណាស់កីឡាករ និងអតីតកីឡាករ១៩រូបរបស់ក្លិប Leicester City មានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយលោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិប។ ក្រោយ Leicester City ឈ្នះពាន Premier League ជាប្រវត្តិសាស្ត្រនារដូវកាល ២០១៥-២០១៦ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលី Claudio Ranieri ម្ចាស់ក្លិបជនជាតិថៃរូបនេះ បានចំណាយថវិកាប្រមាណ២លានផោន (ជាង២,៥លានដុល្លារអាមេរិក) ដើម្បីទិញរថយន្តធ្វើជាកាដូលើកទឹកចិត្តក្រុមកីឡាករ។
ក្នុងចំណោមកីឡាករទាំង២៣រូប មានតែ៤រូបប៉ុណ្ណោះ ដែលខកខានមិនទទួលបានកាដូរថយន្ត BMW i8 តម្លៃប្រមាណ ១២៨០០០ដុល្លារអាមេរិកពីលោក Vichai ដែលក្នុងនោះមានខ្សែបម្រើ N’Golo Kante ដែលបានផ្ទេរចេញទៅក្លិប Chelsea និងកីឡាករ៣នាក់ទៀត Joe Dodoo, Andrej Kramaric និង Yohan Benalouane ដែលមិនបង្ហាញខ្លួនទៀងទាត់នៅក្នុងក្លិប។
កីឡាករ១៩រូបដែលទទួលបានកាដូរថយន្តពីលោក Vichai រួមមាន Marc Albrighton, Wes Morgan, Kasper Schmeichel, Robert Huth, Riyad Mahrez, Shinji Okazaki, Jamie Vardy, Daniel Drinkwater, Christian Fuchs, Danny Simpson, Leonardo Ulloa, Andy King, Jeff Schlupp, Ritchie de Laet, Nathan Dyer, Demarai Gray, Gokhan Inler, Daniel Amartey, Marcin Wasilewski។
ជារឿងដ៏គួរឲ្យសោកស្តាយបំផុត ដោយម្ចាស់ក្លិប Leicester City លោក Vichai Srivaddhanaprabha ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបជាមួយ West Ham ក្នុងក្របខណ្ឌ Premier League កាលពីល្ងាចថ្ងៃសៅរ៍ ទី២៧ ខែតុលា។ លោក Vichai ទទួលមរណភាពក្នុងអាយុ៦០ឆ្នាំ ។
កីឡាករទាំងអស់របស់ Leicester City សុទ្ធតែបង្ហាញនូវអារម្មណ៍សោកសៅ ចំពោះការបាត់បង់ម្ចាស់ក្លិបរបស់ខ្លួន។ Wes Morgan បានលើកឡើងថា លោក Vichai ទទួលបាននូវការគោរពស្រឡាញ់មនុស្សគ្រប់ៗគ្នា។ ចំណែក Kasper Schmeichel ថាខ្លួនស្ទើរតែមិនជឿនៅអ្វីដែលគេបានឃើញផ្ទាល់ភ្នែក ដោយអ្នកចាំទីរូបនេះ ចាត់ទុកលោក Vichai ជាបុគ្គលសប្បុរសដ៏កម្រម្នាក់។
កីឡាករបច្ចុប្បន្ន ដូចជា Jamie Vardy និង Riyad Mahrez ដែលបានផ្ទេរទៅ Manchester City និងកីឡាករជាច្រើននាក់ទៀត សុទ្ធតែបានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់លោក Vichai ក្នុងវិស័យបាល់ទាត់ ជាពិសេសការបង្កើតប្រវត្តិសាស្ត្រនៅក្នុងក្លិប Leicester City ផ្ទាល់តែម្តង៕