កីឡាជាតិ
ជាតិ
​បឹងកេត និង​ភ្នំពេញ​ក្រោ​ន រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​ម្ចាស់​ក្លិប Leicester City
29, Oct 2018 , 4:31 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​កម្ពុជា​ចំនួន​ពីរ ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​របស់លោក Vichai Srivaddhanaprabha ម្ចាស់​ក្លិប​បាល់ទាត់ Leicester City ដែល​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power Stadium កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។​

 
​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្លិប Leicester City បាន​អះអាងថា ម្ចាស់​ក្លិប​ជនជាតិ​ថៃ​របស់ខ្លួន គឺ​លោក Vichai Srivaddhanaprabha និង​មនុស្ស​៤​នាក់​ផ្សេងទៀត បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​។ ការបាត់​បង់ជីវិត​ម​នុស្ស​ទាំង​៥​នេះ កើតឡើង​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power Stadium ក្រោយ​ជំនួប​រវាង Leicester City យក​ស្មើ ១-១ ជាមួយ West Ham កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១៨​។​
 
​ក្រោយ​ទទួលបាន​ដំណឹង​ពី​មរណភាព​ខាងលើ ក្លិប​បាល់ទាត់​កម្ពុជា​ចំនួន​ពីរ​រួមមាន​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​បាន​សរសេរ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​ខាងលើ ពិសេស​ប្រធាន​ក្លិប Leicester City ដើម្បី​បង្ហាញ​ពី​ក្តី​គោរព និង​ភាព​អាណិតអាសូរ​ក្នុងនាម​អ្នក​ប្រកួត​អាជីព​លើ​វិស័យនេះ​ដូចគ្នា​។​
 
«​យើង​សូម​សម្ដែង​ការសោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​សោកនាដកម្ម​នៃ​ក្លិប Leicester City Football Club»​។ នេះ​ជា​សារ​រំលែក​ទុក​របស់​ក្លិប​បឹងកេត ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​ក្លិប Leicester City ប្រកាស​ពី​មរណភាព​ខាងលើ​។ 

 
 
​ជាមួយគ្នានេះ ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ដូច្នេះ​ថា​៖«​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សូម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្លិប​បាល់ទាត់ Leicester City ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ពិភព​បាល់ទាត់​សកលលោក​ដែល​បាន​បាត់បង់​ប្រធាន​ក្លិប​របស់ខ្លួន គឺ​លោក Vichai Srivaddhanaprabha ដោយ​គ្រោះថ្នាក់​អកុសល​កាលពីពេល​ថ្មីៗ​នេះ​»​។ 

 
 
​ទន្ទឹមនឹងនេះ ក្លិប Leicester City បើកឱកាស​ដល់​អ្នកគាំទ្រ​ចូលរួម​សរសេរ​សារ​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោក Vichai ដែល​គេ​ចាត់ទុកជា​មនុស្ស​ដ៏​អស្ចារ្យ បុគ្គល​សប្បុរស និង​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ នៅ​កីឡដ្ឋាន King Power Stadium ផ្ទាល់​នា​ថ្ងៃទី​៣០ ខែតុលា ឬ​តាមរយៈ​អន​ឡាញ lcfc.com ថែម​ទៀតផង​៕  
 

Tag:
 ​បាល់ទាត់​
  Leicester City
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com