ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​វាយ​ក្នុង​ទ្រុង​នី​ហ្សេ​រី​យ៉ា Onyedikachi បណ្តុះ​សុបិន​របស់ខ្លួន​នៅ​ទឹកដី​កម្ពុជា​
29, Oct 2018 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
Emmanuel Onyedikachi អ្នក​ប្រដាល់​គុន​ខ្មែរ​ប្រចាំ One Championship ដែល​ធ្វើដំណើរ​ពី​ទឹកដី​នី​ហ្សេ​រី​យ៉ា​មក​រស់នៅ​កម្ពុជា​បានទទួល​រហស្សនាម​ថា អ្នក​ប្រយុទ្ធ​ប៊ី​អា​ហ្វ្រូ «The Biafran Warrior» បន្ទាប់ពី​មាន​ប្រវត្តិ​ប្រកួត ៣​ដង ឈ្នះ​ទាំង ៣​ដង​។​

 
​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​មកនេះ Onyedikachi បាន​ពុះពារ​ឧបសគ្គ​ជាច្រើន​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់គេ​ដើម្បី​ក្លាយជា​អ្នក​ប្រដាល់​អាជីព​ម្នាក់​នៅ​កម្ពុជា​។ 
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែតុលា កន្លងទៅ រូបគេ​បាន​ច​ម្រេច​ក្តី​បំណង​ដ៏​ធំ​ហើយ​។ នា​ព្រឹត្តិការណ៍ ONE Warrior Series 3 ក៏ដូចជា​ការប្រកួត​ធំៗ​ចំនួន​ពីរលើក​កន្លងមក Onyedikachi បាន​យកជ័យ​ជម្នះ​មក​ឲ្យ​កម្ពុជា​។ រូបគេ​បានឈ្នះ​ដោយ​ពិន្ទុ ដែល​អ្នកណាៗ​ក៏​ដឹងថា​មិន​ងាយ​ទទួលបាន​ពី​គណកម្មាធិកា​ឡើយ ប៉ុន្តែ Emmanuel Onyedikachi នៅតែ​ទទួលបាន​តាមរយៈ​ការបញ្ចេញ​សមត្ថភាព​ដ៏​ពិសេស​ខាង​ស្នៀត​វាយ​ឈរ និង​ស្នៀត​គ្រប​សង្កត់​ទៅលើ​គូប្រកួត​។ 
 
​ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​ស្រាល​លើក​នេះ Onyedikachi មិនសូវ​ស្គា​ល់ពី​ដៃគូ​ប្រកួត​របស់គេ គឺ Xie Xiaoxiang នោះទេ ប៉ុន្តែ​រូបគេ​មាន​ទំនុក​ចិត្តខ្លាំង​រួចទៅហើយ​ដោយបាន​ហ្វឹកហាត់​ត្រៀមខ្លួន​ជាស្រេច​នៅ​រាជធានី​ភ្នំពេញ​។​
 
​អ្នក​វាយ​ក្នុង​ទ្រុង វ័យ ៣១​ឆ្នាំ​រូបនេះ បាន​និយាយថា​៖ «​ខ្ញុំ​មិន​ទុក​ការប្រយុទ្ធ​ណាមួយ ជាការ​ប្រយុទ្ធ​ងាយៗ​នោះឡើយ មិន​ថា​គូប្រកួត​ខ្ញុំ​មានបទពិសោធន៍ ឬ​មិនមាន​បទពិសោធន៍​ច្រើនជាង​ខ្ញុំ​ក៏ដោយ​»​។ «​ខ្ញុំ​នឹង​ត្រៀមខ្លួន ឲ្យ​ដូច​ខ្ញុំ​ត្រៀម​វាយ​ជាមួយ​តោ​អញ្ចឹង​»​។​
 
​ដំណើរ​ជីវិត​របស់ Onyedikachi ដើម្បី​បំពេញ​ក្តី​ស្រមៃ​ជា​អ្នក​ប្រដាល់​លំដាប់​ពិភពលោក​មិន​ងាយស្រួល​ដូច​អ្វីដែល​យើង​គិត​ទេ​។​
 
​ពេល​គាត់​ធំ​ដឹងក្តី​ឡើង គ្រួសារ​របស់គាត់​ដែល​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ចង់ឱ្យ​គាត់​មាន​អាជីព​ផ្ទុយ​ពីនេះ​។​
 
​គាត់​រំលឹកថា​៖ «​ឪពុកម្តាយ​ខ្ញុំ​ចង់ឱ្យ​ខ្ញុំ​ក្លាយជា​គ្រូអាចារ្យ  - ហើយ​អាចារ្យ​កាតូលិក​ទៀត​»​។​
 
​អាច​និយាយបានថា គាត់​មិនបាន​ធ្វើតាម​ផែនការ​គ្រួសារ​គាត់​ទេ តែ​ទោះ​យ៉ាងណាក្តី​ក៏​អ្នក​ប្រដាល់​ដ៏​អង់អាច​ម្នាក់នេះ ដើរ​តាម​ទំនៀម​ទំលាប់​គ្រួសារ​ខ្លួន​តាមរបៀប​ខុសគ្នា​បន្តិច​ទៅវិញ​។​
 
​គាត់​លើកឡើងថា​៖ «​ឪពុក​ខ្ញុំ​ជា​អ្នក​ប្រដាល់​អាជីព រីឯ​ពូ​របស់ខ្ញុំ​វិញ ជា​អ្នក​ប្រដាល់​អាជីព​ដូចគ្នា​។ អញ្ចឹង​នៅពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ពួកគាត់​ចាប់ផ្តើម​បង្រៀន​ខ្ញុំ​ពី​ក្បាច់គុន​ប្រដាល់​»​។​
 
​ក្រោយពី​បាន​ហា​ត់រៀត​ជាមួយ​គ្រួសារ​គាត់​មក គាត់​ក៏​ចាប់យក​កីឡារ​ចំបាប់​សេ​ណេ​ហ្គា​ល់ ហើយ​បាន​ចូលរួម​ការប្រកួត​កីឡារ​នោះ​ចំនួន ១០​ដង​នៅ​ប្រទេស​កំណើត​ខ្លួន​។ គាត់​នៅតែ​ហ្វឹកហាត់​កីឡារ​ប្រចាំត្រកូល​របស់គាត់​ជា​រៀងមក រហូត​ដល់ពេល​គាត់​មក​ស្រុក​ខ្មែរ​ប្រហែល ៣​ឆ្នាំមុន គាត់​ក៏​ធ្វើការ​សំរេច​ចិត្តធំ​មួយ ដែល​ផ្លាស់​ប្តូរជីវិត​របស់គាត់​ទាំងស្រុង​។​
 
​គាត់​ចាំបាន​ថា​៖ «​កាលពី​បី​ឆ្នាំមុន​ខ្ញុំ​បានសម្រេច​ចិត្ត​ដ៏​មុតមាំ​មួយ​។ កាលនោះ​ខ្ញុំ​ធ្វើជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ហើយ​ខ្ញុំ​ក៏​សំរេចចិត្តថា​ខ្ញុំ​ចង់​ក្លាយជា​អ្នក​ប្រដាល់ អញ្ចឹង​ខ្ញុំ​ក៏​លាឈប់​ពី​ការងារ​តែម្តងទៅ​»​។ «​នេះ​គឺជា​រឿង​សម្ងាត់​របស់ខ្ញុំ​៖ ខ្ញុំ​ឈប់​ពី​ការងារ​ដើម្បី​ធ្វើជា​អ្នក​ប្រដាល់​» ។​
 
​បច្ចុប្បន្ន​លោក Onyedikachi កំពុង​ហាត់រៀន​ពង្រឹង​ស្នៀត​វៃ​ឈរ​របស់ខ្លួន​ជាមួយ​លោកគ្រូ​គុន​ខ្មែរ ហើយ​ជា​កីឡាករ​ប្រចាំ One Championship លោក ចាន់​រតនា នៅ​ក្លឹប​ហ្វឹកហាត់​កីឡា​ដែល​ហៅថា ក្លឹប​សិល្បៈ ដែល​កំពុង​បោះ​ឈ្មោះ​ល្បីល្បាញ​នៅ​ភ្នំពេញ​។​
 
​ឆ្នាំនេះ អ្នក​ប្រយុទ្ធ​ប៊ី​អា​ហ្វ្រូ​“The Biafran Warrior” បានទទួល​ជោគជ័យ​លើក​ពាន​ជា​ហូ​ហែរ ដោយសារ​ភាពជឿជាក់រ​បស់​គាត់​។ គាត់​បាន​ចូលរួម​ជាមួយ​ក្រុម​ប្រយុទ្ធ ONE Franklin របស់លោក Rich Franklin ក្នុង​ព្រឹត្តិការ​ណ័ ONE Warrior Series ហើយ​បានទទួល​ជ័យជម្នះ​ជាទី​គាប់ចិត្ត​ចំនួន ៣​លើក ដោយបាន​ប្រើ​ទាំង​ស្នៀត​វៃ​ឈរ និង​ស្នៀត​គ្រប​សង្កត់​។​
 
​គាត់​និយាយថា​៖ «​ត្រូវតែ​ឈឺ​បន្តិច​ហើយ បើ​ចង់​ឲ្យ​ខ្លួនឯង​ខ្លាំង​។ នេះ​ជា​ឱកាស​មួយ​អោយ​ខ្ញុំ​អាច​ឡើងដល់​កំរិត​មួយទៀត​»​។​
 
​ថ្វីបើ​គាត់​បាន​លះបង់​ជាច្រើន​មក​ក៏ដោយ ដើម្បី​ព្យាយាម​បំពេញ​សុ​បិ​ន្ត​របស់គាត់​ឥឡូវនេះ​
​ក៏​គាត់​ជឿជាក់ថា​ខ្លួន​បានសម្រេច​ចិ​ត្ដ​យ៉ាង​ត្រឹមត្រូវ​។​
 
«​នេះ​ជា​អ្វីដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ស្រឡាញ់​ការ​ប្រដាល់ វា​ជា​ជីវិត​ដែល​ខ្ញុំ​ចង់​រស់នៅ ហើយ​នេះ​គឺជា​សុ​បិ​ន្ត​របស់ខ្ញុំ​»​។​
 

​អត្ថបទ​៖ Matias Andres

© រក្សាសិទ្ធិដោយ thmeythmey.com