Lewis Hamilton បានឈ្នះជើងឯកលើកទី៥នៃព្រឹត្តិការណ៍ប្រណាំងរថយន្តដណ្តើមជើងឯកពិភពលោក F1។ ជ័យជម្នះនេះ នាំឲ្យ Hamilton មានកំណត់ត្រាស្មើវីរបុរសអាហ្សង់ទីន Juan Manuel Fangio និង២លើកតិចជាងម្ចាស់កំណត់ត្រាពិភពលោក Michael Schumacher។
នាការប្រកួតប្រជែងនៅម៉ិកស៊ិក Mexican Grand Prix កីឡាករអង់គ្លេស Lewis Hamilton វ័យ៣៣ឆ្នាំ ដែលបើកបរឲ្យ Mercedes បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីកីឡាករហូឡង់ Max Verstappen នៃក្រុម Red Bull, កីឡាករអាល្លឺម៉ង់ Sebastian Vettel និងកីឡាករហ្វាំងឡង់ Kimi Raikkonen នៃក្រុម Ferrari។
សរុបពិន្ទុពីការប្រកួតប្រជែង Formula One World Championship ឆ្នាំ២០១៨ ដ៏មមាញឹក បើគិតចាប់តាំងពីផ្តើមនៅអូស្ត្រាលីនៅថ្ងៃ២៥ ខែមិនា ហើយបន្តទៅប៉ារែន ចិន អាសែបៃហ្សង់ អេស្ប៉ាញ ម៉ូណាកូ កាណាដា បារាំង អូទ្រីស អង់គ្លេស អាល្លឺម៉ង់ ហុងគ្រី បែលហ្ស៊ិក អ៊ីតាលី សិង្ហបុរី រុស្ស៊ី ជប៉ុន សហរដ្ឋអាមេរិក និងម៉ិចស៊ិក កីឡាករ Hamilton មានពិន្ទុគ្រប់គ្រាន់ដើម្បីឈ្នះដំណែងជើងឯក ខណៈការប្រកួតនឹងត្រូវបន្តនៅថ្ងៃទី១១ ខែវិច្ឆិកា នៅប្រេស៊ីល និងបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
ក្នុងចំណោមការប្រកួត១៩លើកកន្លងមក Hamilton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១រហូតដល់ទៅ៩លើក។ ការទទួលបានពិន្ទុសរុប ៣៥៨ នាំឲ្យ Hamilton ឈ្នះជើងឯក Formula One ជាលើកទី៥ក្នុងអាជីពរបស់ខ្លួន ខណៈ Sebastian Vettel ឈរលំដាប់លេខ២ ដោយមាន២៩៤ពិន្ទុ Kimi Räikkönen មាន ២៣៦ពិន្ទុ Valtteri Bottas មាន២២៧ពិន្ទុ Max Verstappen មាន ២១៦ពិន្ទុ Daniel Ricciardo មាន១៤៦ពិន្ទុ Nico Hülkenberg មាន៦៩ពិន្ទុ Sergio Pérez មាន៥៧ពិន្ទុ Kevin Magnussen មាន៥៣ពិន្ទុ Fernando Alonso មាន៥០ពិន្ទុ។
ក្រុម Mercedes ស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមាន៥៨៥ពិន្ទុ ដែលប្រដេញតាមដោយ Ferrari (៥៣០ពិន្ទុ) ។ ក្រុមដែលឈរនៅលេខរៀងបន្តបន្ទាប់រួមមាន Red Bull TAG Heuer (៣៦២ពិន្ទុ) Renault (១១៤ពិន្ទុ) Haas Ferrari (៨៤ពិន្ទុ), McLaren Renault (៦២ពិន្ទុ), Force India Mercedes (៤៧ពិន្ទុ), Sauber Ferrari (៣៦ពិន្ទុ), Toro Rosso Honda (៣៣ពិន្ទុ), Williams Mercedes (៧ពិន្ទុ)។
បច្ចុប្បន្ន កីឡាករអាល្លឺម៉ង់ Michael Schumacher ឈ្នះជើងឯកច្រើនជាងគេ ដែលមានរហូតដល់ទៅ៧លើក (ឆ្នាំ១៩៩៤, ១៩៩៥, ២០០០, ២០០១, ២០០២, ២០០៣, ២០០៤)។ Lewis Hamilton តាមស្មើវីរបុរសអាហ្សង់ទីន Juan Manuel Fangio (១៩៥១, ១៩៥៤, ១៩៥៥, ១៩៥៦, ១៩៥៧)។ ជើងឯកដែល Hamilton បានឈ្នះកាលពី៤លើកមុនរួមមាននៅឆ្នាំ២០០៨, ២០១៤, ២០១៥ និង២០១៧ ។
Sebastian Vettel និង Alain Prost ធ្លាប់ឈ្នះជើងឯក៤លើក ខណៈ Ayrton Senna, Nelson Piquet, Niki Lauda, Jackie Stewart និង Jack Brabham ឈ្នះជើងឯកម្នាក់ៗចំនួន៣លើកផងដែរ៕