ជាតិ
ក្រសួង ហាមបរិភោគត្រីក្រពត ក្រោយមានមនុស្សពុលស្លាប់នៅព្រះសីហនុនិងកោះកុង រូបភាពបានពីCDC
× ភ្នំពេញ៖ ពលរដ្ឋសរុប១១នាក់ នៅខេត្តព្រះសីហនុ និងកោះកុង បានពុលត្រីក្រពត ដោយក្នុងនោះ មាន២នាក់ បានស្លាប់។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល។
ក្រោយមានករណីមនុស្សស្លាប់ខាងលើ CDC បានក្រើនរម្លឹកជាថ្មី ចំពោះការបរិភោគត្រីក្រពតនេះ។ CDC បានប្រាប់យ៉ាងដូច្នេះថា៖«សូមប្រជាពលរដ្ឋទាំងឡាយ កុំបរិភោគត្រីក្រពត ព្រោះវាជាប្រភេទត្រីដែលមានជាតិពុល។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ គឺមិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិនក្នុងកម្តៅខ្ពស់ ឬដាក់ក្នុងកម្រិតកកយ៉ាងណាក៏ដោយ»។
កម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ។ ក្នុងនោះ មាន៥ប្រភេទ មានជាតិពុល។ ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់ ដែលអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុល បានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ក្រោយពីបានបរិភោគរួច។ នេះជាពន្យល់របស់ CDC។
កន្លងមក CDC តែងតែណែនាំ និងរម្លឹកចំពោះវិធានការការពារលើករណីពុលចំណីអាហារផ្សេងៗ។ ក្នុងនោះ ក៏មានការពុលអាហារ បណ្តាលមកពីការបរិភោគត្រីក្រពតនេះផងដែរ៕
Tag:
ត្រី
ពុល
ព្រះសីហនុ
កោះកុង
CDC
© រក្សាសិទ្ធិដោយ thmeythmey.com