ខណៈការបោះឆ្នោតនឹងមកដល់នៅឆ្នាំ ២០១៩ខាងមុខ ស្រីលង្កាចាប់ផ្តើមធ្លាក់ផុងខ្លួនជ្រៅក្នុងវិបត្តិនយោបាយក្រោយប្រធានាធិបតី Maithripala Sirisena បណ្តេញនាយករដ្ឋមន្ត្រី Ranil Wickramasinghe ពីតំណែង និងតែងតាំងអតីតមេដឹកនាំផ្តាច់ការនិងជាមនុស្សស្និទ្ធនឹងក្រុងប៉េកាំងលោក Mahinda Rajapaksa ឲ្យកាន់តំណែងវិញ។ ចិនត្រូវជាប់ចោទថា ជាអ្នកនៅពីក្រោយការផ្លាស់ប្តូរនយោបាយដែលនាំឲ្យមានវិបត្តិនៅពេលនេះថែមទៀតផង។ យ៉ាងណាក៏ដោយ ស្ថានការណ៍នយោបាយកាន់តែអាក្រក់ ព្រោះនាយករដ្ឋមន្ត្រី Wickramasinghe បដិសេធចុះចេញ ហើយវាក៏មានករណីហិង្សាផ្ទះឡើងរវាងអ្នកគាំទ្រអ្នកនយោបាយនីមួយៗថែមទៀតផង។
វិបត្តិនយោបាយស្រីលង្កាផ្ទុះឡើងកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីប្រធានាធិបតីស្រីលង្កា Maithripala Sirisena បណ្តេញនាយករដ្ឋមន្ត្រី Ranil Wickramasinghe ពីតំណែង។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រធានាធិបតីរូបនេះក៏បានតែងតាំងអតីតបុរសខ្លាំងដែលមានពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនិងពុករលួយលោក Mahinda Rajapaksa ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីភ្លាមទៀត។
១.ការដកហូតតំណែងនាយករដ្ឋមន្ត្រីបង្កឲ្យមានវិបត្តិធម្មនុញ្ញ
យ៉ាងណាក៏ដោយចុះ លោក Wickramasinghe នៅតែតាំងខ្លួនជានាយករដ្ឋមន្ត្រីស្របច្បាប់ និងចាត់ទុកថា ការបណ្តេញលោកពីតំណែងជារឿងខុសច្បាប់ និងអធម្មនុញ្ញ ព្រោះគ្មានការឯកភាពពីសភាក្នុងការដកហូតតំណែងរូបលោកឡើយ។
ប្រធានសភាស្រីលង្កា Karu Jayasuriya បានប្រកាសជាផ្លូវការដែរថា លោកនៅទទួលស្គាល់ថា លោក Wickramasinghe ប្រមុខរដ្ឋាភិបាលដដែល ព្រោះសកម្មភាពប្រធានាធិបតីប្រាសចាកពីរដ្ឋធម្មនុញ្ញ។ ខុសច្បាប់ត្រង់ថា អនុលោមតាមរដ្ឋធម្មនុញ្ញស្រីលង្កា ក្រោយវិសោធនកម្មឆ្នាំ ២០១៥ ប្រធានាធិបតីគ្មានឡើយអំណាចដកហូតតំណែងប្រមុខរដ្ឋាភិបាលនោះ។ វាអាចធ្វើទៅបាន ល្គឹកណាវាមានការសម្រេចពីសមាជិកសភាសិន។
យ៉ាងណាមិញ សភាមិនអាចប្រជុំសម្រេចភ្លាមៗបានឡើយ ដោយសារប្រធានាធិបតីរារាំង។ សភាអាចចាប់ ផ្តើមប្រជុំបានចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកាឯណោះ ហើយគេរិះគន់ថា ការសម្រេចនេះជាយុទ្ធសាស្ត្ររបស់លោក Sirisena ក្នុងការជួយឲ្យ Rajapaksa ប្រមែរប្រមូលរកអ្នកគាំទ្រឲ្យបានគ្រប់គ្រាន់សិន។ លោកបានបញ្ជាឲ្យគេដកកងកម្លាំងសន្តិសុខផ្ទាល់ និងរថយន្តរបស់លោក Wickramasinghe ដើម្បីផ្ទេរទៅឲ្យនាយករដ្ឋមន្ត្រីថ្មីរួចរាល់ហើយដែរ។
ប្រធានសភា Jayasuriya ក៏បានអំពាវនាវទៅកាន់ប្រធានាធិបតីឲ្យប្តូរការសម្រេចចិត្តរបស់ខ្លួន ព្រោះបើការអូសបន្លាយនៃកិច្ចប្រជុំសភានៅតែបន្តបែបនេះ វានឹងធ្វើឲ្យស្ថានការណ៍ជារួមដុនដាបខ្លាំងប្រាកដណាស់។
ថ្ងៃ ២៩ ខែតុលានេះ នាយករដ្ឋមន្ត្រីដែលត្រូវគេបណ្តេញចេញលោក Wickramasinghe ក៏បានបង្ហើបពីក្តីកង្វល់របស់ខ្លួនជុំវិញការវិវត្តនៃស្ថានការណ៍នយោបាយក្នុងស្រុកដែរ ដោយលោកសង្កត់ធ្ងន់ថា គ្មានអ្នកណាមានអំណាចពេញលេញគ្រប់គ្រងប្រទេសទេនៅពេលនេះ។
«នៅពេលនេះ វាជាពេលអន្តរកាលដែលគ្មានអ្នកណាម្នាក់មានអំណាចគ្រប់គ្រងប្រទេសពេញលេញឡើយ។ នេះជាមូលហេតុដែលយើងចង់ឲ្យសភាកោះប្រជុំបន្ទាន់ដើម្បីសម្រេចថាតើអ្នកណាមានការគាំទ្រលើសលុប។ ខ្ញុំនៅជានាយករដ្ឋមន្ត្រីដែលដឹកនាំសមាជិកសភាភាគច្រើនដដែល»។ លោក Wickramasinghe និយាយបែបនេះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការបែកបាក់គ្នារឿងនយោបាយនេះធ្វើឲ្យប្រទេសកោះអាស៊ីខាងត្បូងស្រីលង្កានេះ ប្រឈមនឹងអស្ថិរភាពធ្ងន់ធ្ងរ និងបញ្ហាហិង្សាកាន់តែខ្លាំងផងដែរ។ ថ្ងៃអាទិត្យទី ២៨ ម្សិលមិញ មនុស្សម្នាក់បានស្លាប់ដោយសារក្រុមអង្គរក្សរដ្ឋមន្ត្រីថាមពលលោក Arjuna Ranatunga ដែលត្រូវបានគេបណ្តេញចេញពីតំណែងនោះបានបាញ់រះទៅលើហ្វូងក្រុមបាតុករដែលព្យាយាមរារាំងលោកមិនឲ្យចូលការិយាល័យ។ មនុស្សពីរនាក់ផ្សេងទៀតបានរងរបួសដោយសារការបាញ់រះនេះដែរ។ អង្គរក្សរបស់នោះត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការសួរចម្លើយ ប៉ុន្តែលោក Ranatunga បានពន្យល់ថា អង្គរក្សលោកប្រើប្រាស់អាវុធដោយសារក្រុមបាតុករព្យាយាមធ្វើឃាតរូបលោកប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែគេបារម្ភថា វិបត្តិនយោបាយដែលដុនដាបនេះនឹងបង្កបញ្ហាកាន់តែធំ ខណៈដែលអ្នកនយោបាយមិនទាន់រកដំណោះស្រាយបញ្ចប់ភាពតានតឹងបាននៅឡើយជុំវិញការបណ្តេញនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនេះ។
ក្រុមគាំទ្រនាយករដ្ឋមន្ត្រីចាស់ និងថ្មីចាប់ផ្តើមបង្ហាញខ្លួននៅតាមតំបន់ផ្សេងៗគ្នាពាសពេញរដ្ឋធានីកូឡុំបូ ដើម្បីបង្ហាញភក្តីភាពចំពោះមេដឹកនាំរបស់ខ្លួន។ ប៉ុន្តែវាមិនមែនជាសញ្ញាវិជ្ជមានឡើយ ហើយក្រុមបាតុករគាំទ្រលោក Rajapaksa បានចូលកាន់កាប់ស្ថានីយ៍ផ្សព្វផ្សាយរបស់រដ្ឋផងដែរ។
២. ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រែពីសម្ព័ន្ធមិត្តទៅជាសត្រូវនយោបាយដោយរបៀបណា?
គេមិនត្រូវភ្លេចទេថា ប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងនាយករដ្ឋមន្ត្រី Ranil Wickramasinghe ដែលត្រូវបានបណ្តេញចេញពីតំណែងនេះធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាចាប់ពីឆ្នាំ ២០១៥ ក្នុងពេលអ្នកនយោបាយទាំងពីររកវិធីបញ្ចប់របបផ្តាច់ការរបស់លោក Rajapaksa។
អ្នកទាំងពីរសុទ្ធតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សជាពិសេសនាំយកអ្នកពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងសង្គ្រាមស៊ីវិលស្រីលង្កាក្រោមអាណត្តិរបស់លោក Rajapaksa មកឲ្យទទួលខុសត្រូវ និងទទួលការកាត់ទោសដែរ។
ដើមឡើយ លោក Sirisena ខ្លួនឯងធ្លាប់ធ្វើជារដ្ឋមន្ត្រីសុខាភិបាលក្រោមការដឹកនាំរបស់បុរសខ្លាំង Rajapaksa នៅក្នុងសម្ព័ន្ធបក្សកាន់អំណាចសម្ព័ន្ធសេរីភាពនៃឯកភាពប្រជាជន (UNPA) ដូចគ្នា។ ប៉ុន្តែលោកដកខ្លួនចេញឈរឈ្មោះជាបេក្ខជនប្រធានាធិបតីប្រជែងនឹងលោក Rajapaksa ក្នុងឆ្នាំ ២០១៤ ដោយមានការគាំទ្រពីបក្សប្រឆាំងរួមរួមជាតិ (UNP)របស់លោក Wickramasinghe ផងដែរ ។
នៅដើមឆ្នាំ ២០១៥ ក្នុងការបោះឆ្នោតប្រធានាធិបតី លោក Sirisena បានឈ្នះឆ្នោតបញ្ចប់របបផ្តាច់ការ ហើយលោកក៏បានប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតមុនអាណត្តិដែរ។ ក្នុងការបោះឆ្នោតនេះ គណបក្សប្រឆាំងរួមរួមជាតិ (UNP) ដណ្តើមបានអាសនៈ ១០៦ ក្នុងចំណោមអាសនៈទាំងអស់ ២២៥ ។ ឯបក្សកាន់អំណាចបក្សសេរីភាពស្រីលង្កាវិញបានអាសនៈត្រឹម ៩៥ប៉ុណ្ណោះពេលនោះ។
ក្រោយបោះឆ្នោតសភា ប្រធានាធិបតីលោក Sirisena ដឹកនាំបក្ស UPLA ទៅចងសម្ព័ន្ធភាពនេះ ជាមួយបក្សរួមរួមជាតិដែលមានអាសនៈច្រើនក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះឬ រដ្ឋាភិបាលរួមរួមជាតិមួយក្នុងគោលដៅធ្វើយ៉ាងណាធានាឲ្យការកែទម្រង់គោលនយោបាយអាចធ្វើទៅបានឆាប់រហ័ស។ លោក Wickramasinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលចាប់ពីពេលនោះមក និងបន្តធ្វើការជាមួយគ្នារហូតដល់ថ្ងៃសុក្រទី ២៦ខែតុលា។
ប៉ុន្តែគេនៅចាំបានថា ប្រធានាធិបតីបានដកគណបក្ស UPLA ពីរដ្ឋាភិបាលរួមរួបជាតិ មុនមានការដកតំណែងនាយករដ្ឋមន្ត្រី។ ហើយការខ្វែងគំនិតគ្នារវាងមេដឹកនាំទាំងនេះក៏កើនឡើងច្រើនដែរជុំវិញគោលនយោបាយថ្នាក់ជាពិសេសជាពិសេសគោលនយោបាយសេដ្ឋកិច្ច ខណៈដែលស្រីលង្កាកាន់តែលង់ខ្លួនបន្តិចម្តងៗនឹងបំណុលរបស់មហាយក្សចិនក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់មួយវិថីមួយ»នោះ។
ក្នុងពេលថ្លែងទៅកាន់ប្រជាជាតិយប់ថ្ងៃអាទិត្យទី ២៨ ខែតុលា ប្រធានាធិបតី Sirisena បានប្រកាសថា លោកបណ្តេញនាយករដ្ឋមន្ត្រី Wickramasinghe និងគណៈរដ្ឋមន្ត្រីទាំងមូលចេញពីតំណែងដោយសារបញ្ហាជាច្រើនក្នុងនោះមាន អសមត្ថភាពដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ច,ពុករលួយ និងមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើឃាតរូបលោកផង។ លោកអធិប្បាយថា វាគ្មានការឯកភាពគ្នាសោះរវាងលោក និងនាយករដ្ឋមន្ត្រី លើគោលនយោបាយ ហើយជាញឹកញាប់ការទាស់ទែងខ្វែងគំនិតគ្នាកើតឡើងខ្លាំងរវាងអ្នកទាំងពីរដែលរុញច្រានឲ្យវិបត្តិកើតឡើងទាំងក្នុងផ្នែកនយោបាយនិងសេដ្ឋកិច្ចផង។
ប្រធានាធិបតីខាងលើបានបញ្ជាក់ថា អសមត្ថភាពនោះគឺ សំដៅលើរឿងខាតបង់លុយរដ្ឋរាប់លានដុល្លារក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋ។ ហើយលោកចោទថា នាយករដ្ឋមន្ត្រី Wickmasinghe ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតរូបលោកក៏ដោយសារកន្លងមក រដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់លើព័ត៌មានជុំវិញការរៀបចំធ្វើគម្រោងធ្វើឃាតប្រធានាធិបតីឡើយ ហើយប៉ូលិសវិញក៏បានព្យាយាមរារាំងការស៊ើបអង្កេតដើម្បីវែកមុខអ្នកនៅពីក្រោយទៀត។
៣. ការត្រឡប់មកវិញនៃមេដឹកនាំផ្តាច់ការក្នុងបរិបទនយោបាយស្រីលង្កា
ដោយឡែក គ្រាន់តែទទួលបានការតែងតាំងភ្លាមពីប្រធានាធិបតី លោក Rajapaksa ប្រញាប់ប្រញាល់រៀបចំពិធីស្បថចូលកាន់តំណែងភ្លាម ដែលបង្ហាញឲ្យឃើញថា អ្នកនយោបាយជើងចាស់រូបនេះទន្ទឹងរង់ចាំឱកាសយូរមកហើយ។
បន្ទាប់ពីស្បថចូលកាន់តំណែង លោក Rajapaksa បានអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនអាណត្តិឲ្យបានកាន់តែឆាប់ផងដែរ ចំពេលដែលស្ថានការណ៍នយោបាយកាន់តែក្តៅ។ លោកជឿជាក់ថា ការបោះឆ្នោតនេះនឹងផ្តល់ឱកាសឲ្យប្រជាជនស្រីលង្កាជ្រើសរើសការដឹកនាំថ្មីដើម្បីស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងនយោបាយដែលកំពុងដិតដាមដោយបញ្ហា។
មិនមែនបញ្ចប់ត្រឹមក្លាយជានាយករដ្ឋមន្ត្រីទេ លោក Rajapaksa ចង់ត្រឡប់ទៅកាន់តំណែងប្រធានាធិបតីឡើងវិញផង បើសិនជាឱកាសហុចឲ្យ។
កាលពីខែកុម្ភៈកន្លងទៅ គណបក្សថ្មី SLPP របស់លោក Rajapaksa បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋាន។ ម្យ៉ាងទៀតការទទួលបានតំណែងនាយករដ្ឋមន្ត្រីនៅពេលនេះផ្តលឱកាសកាន់តែច្រើនក្នុងការត្រឡប់ទៅរកកៅអីប្រធានាធិបតីនៅពេលខាងមុខផង។
យ៉ាងណាក៏ដោយចុះ ការត្រឡប់ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលវិញរបស់បុរសខ្លាំងរូបនេះមិនមែនជារឿងសាមញ្ញ ហើយក៏មិនមែនជារឿងគួរឲ្យត្រេកអរសម្រាប់ប្រជាជនស្រីលង្កាដែរ។ ខាងក្រុមសិទ្ធិមនុស្ស និងប្រជាពលរដ្ឋជាពិសេសប្រជាជនតាមិលដែលរងទុក្ខបុកម្នេញដោយសារបបដឹកនាំលោក Rajapaksa នោះកំពុងភ័យបារម្ភខ្លាំង។
Rajapaksa ជាប់ឈ្មោះជាមេដឹកនាំបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងពេលដែលរដ្ឋាភិបាលលោកប្រើប្រាស់កម្លាំងកម្ទេចក្រុមឧទ្ទាមខ្លាតាមិលទាំងស្រុងឆ្នាំ ២០០៩ ប៉ុន្តែលោកក៏ទទួលបានក្រេឌីតដែរក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយរាប់ទសវត្សរ៍នេះ។
រដ្ឋាភិបាលលោក Rajapaksa រងការរិះគន់និងចោទប្រកាន់ខ្លាំងដោយសារ ការប្រើប្រាស់រាល់វិធានការព្រៃផ្សៃជាពិសេសកាប់សម្លាប់ប្រជាជនតាមិលច្រើននាក់ក្នុងរយៈពេលប្រយុទ្ធគ្នានប៉ុន្មានខែចុងក្រោយ។ ជម្លោះហិង្សារយៈពេល ២៦ ឆ្នាំនេះបានឆក់យកជីវិតមនុស្សពីប្រាំបីម៉ឺនដល់ មួយសែននាក់ ហើយក្រុមឧទ្ទាមខា្លតាមិល និងកងកម្លាំងរដ្ឋាភិបាលចោទគ្នាទៅវិញទៅមករឿងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងប្រជាជនស្លូតត្រង់នេះ។
៤. មហាយក្សចិន៖ បាតដៃទីបី?
ខណៈដែលស្ថានការណ៍នយោបាយស្រីលង្កាកាន់តែដុនដាប សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក និងឥណ្ឌាបានអំពាវនាវឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយដើម្បីបន្ធូរបន្ថយកម្តៅនយោបាយ និងបញ្ចៀសរាល់គ្រោះថា្នក់ដែលអាចកើតមានឡើង។ ឥណ្ឌាមិនសូវស្រួលចិត្តទេពេលស្រីលង្កាប្រឈមបញ្ហា ហើយអ្នកនយោបាយដែលស្និទ្ធចិនលោក Rajapaksa លេចមុខឡើងជាថ្មីក្នុងរដ្ឋាភិបាលនៅពេលនេះ។
ក្រសួងការបរទេសអាមេរិកទទូចនៅថ្ងៃអាទិត្យឲ្យភាគទាំងអស់បញ្ចៀសឲ្យបានរាល់ការប្រើប្រាស់ហិង្សា ហើយវ៉ាស៊ីនតោនក៏ស្នើឲ្យប្រធានាធិបតី Sirisena ប្រញាប់បើកផ្លូវឲ្យសភាប្រជុំដើម្បីបំពេញការងារខ្លួន និងកំណត់ថា តើអ្នកណានឹងត្រូវដឹកនាំរដ្ឋាភិបាលនោះ។
ចំណែកឥណ្ឌាដែលជាកល្យាណមិត្តវិញនោះបានបញ្ជាក់ថា ខ្លួនកំពុងតានដានស្ថានការណ៍នយោបាយយ៉ាងជិតស្និទ្ធ ហើយក៏សង្ឃឹមផងដែរថា រដ្ឋាភិបាលស្រីលង្កាបន្តរក្សាតម្លៃប្រជាធិបតេយ្យ និងធានាដំណើរការធម្មនុញ្ញ និងប្រក្រតីភាពនៃស្ថាប័ននយោបាយផង។
ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍ គឺមហាយក្សចិនតែមួយប៉ុណ្ណោះដែលបានអបអរសាទរលោក Rajapaksa ក្នុងឱកាសដែលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ។ កាយវិកានេះធ្វើឲ្យមានការចោទប្រកាន់លើចិនថាជាអ្នកនៅពីក្រោយការនាំលោក Rajapaksa ត្រឡប់ចូលនយោបាយវិញផងដែរ។
ប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្រង់សម្តីប្រភពមួយចំនួនចោទប្រកាន់ចិនថា បានចំណាយលុយជាច្រើនលានដើម្បីទិញទឹកចិត្តក្រុមសមាជិកសភាបក្សផ្សេងឲ្យងាកមកគាំទ្រលោក Rajapaksa ផងដែរ ក្នុងពេលដែលសភាបើកកិច្ចប្រជុំខាងមុខនោះ។ គេលេចលឺដំណឹងខ្លាំងថា សមាជិកសភាមួយចំនួនបានផ្តាច់ខ្លួនចេញពីបក្សបក្សរួបរួមជាតិ (UNP) របស់នាយករដ្ឋមន្ត្រីដែលត្រូវគេបណ្តេញចេញ Wickremesinghe ដើម្បីងាកទៅគាំទ្រលោក Rajapaksaវិញ។ ចំនួនសមាជិកសភានេះនឹងកើនឡើងថែមទៀតនៅពេលខាងមុខ។
លោក Ranjan Ramanayake សមាជិកសភាដែលមកពីបក្សរួបរួមជាតិ (UNP) បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សមាជិកសភាខ្លះអាចទទួលអំណោយជាទឹកប្រាក់រហូតដល់ ៤,៦ លានដុល្លារឯណោះ បើគេព្រមងាកមកគាំទ្រលោក Rajapaksa។ តំណាងរាស្ត្ររូបនេះបន្តថា លុយទាំងនេះគឺឧបត្ថម្ភដោយក្រុងប៉េកាំង។
ជុំវិញការចោទប្រកាន់នេះ មន្ត្រីស្ថានទូតចិនប្រចាំនៅកូឡុំបូ បដិសេធឆ្លើយតបការស្នើសុំឲ្យបកស្រាយរបស់អ្នកសារព័ត៌មាន។ ប៉ុន្តែមន្ត្រីនោះគ្រាន់តែអះអាងជាថ្មីថា ចិនប្រឆាំងដាច់ខាតលើការលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។
គេដឹងច្បាស់ថា ចិនធ្លាប់គាំទ្ររបបដឹកនាំលោក Rajapaksa ពេលលោកកាន់អំណាចពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៥ ហើយការលេចមុខជាថ្មីក្នុងក្បាលម៉ាស៊ីនដឹកនាំស្រីលង្កានេះជាអ្វីដែលចិនចង់ឃើញខ្លាំង។
ដូច្នេះហើយ បញ្ហាភូមិសាស្ត្រនយោបាយ ប្រហែលជាកត្តាមួយសំខាន់ដែរក្នុងការជំរុញឲ្យវិបត្តិនយោបាយកើតឡើងនៅស្រីលង្កានៅពេលនេះ។ កោះមួយនេះសិ្ថតក្រោមការប្រកួតប្រជែងអំណាចរវាងមហាយក្សឥណ្ឌា និងមហាយក្សចិន។ ឥណ្ឌាមានទំនាក់ទំនងប្រហែល ២៥០០ឆ្នាំមកហើយជាមួយស្រីលង្កា ហើយទំនាក់ទំនងនេះបន្តស្អិតល្មួតរហូតមក ជាពិសេសនយោបាយ សង្គមនិងវប្បធម៌។ ឯចិនឯណេះវិញគឺមានឥទ្ធិពលខ្លាំងលើស្រីលង្កាដោយសារទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាពិសេសជាម្ចាស់បំណុលធំដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅស្រីលង្កាច្រើន។ ជាក់ស្តែង ប្រធានបទស្តីពីស្ថានភាពស្រីលង្កាលង់ខ្លួនក្នុងបំណុលចិនរហូតដល់ផ្ទេរកំពង់ផែឲ្យចិនកាន់កាប់បន្តជារឿងពេញនិយមសម្រាប់ការពិភាក្សារហូតមក៕