ជាតិ
សង្គមជាតិ
​បងប្អូន​បង្កើត​៣​នាក់ បាន​បាត់​ខ្លួន​ក្នុង​ទន្លេបាសាក់ ដោយសារ​លិច​ទូក​
30, Oct 2018 , 9:59 am        
រូបភាព
ភ្នំពេញ​៖ បងប្អូន​បង្កើត​៣​នាក់ បាន​បាត់​ខ្លួន ក្នុង​កណ្តាលទន្លេ​បាសាក់ ដោយសារតែ​ការ​លិច​ទូក​។  បងប្អូន​ទាំង​៣​នាក់​នោះ មានឈ្មោះ  រិ​ន មករា អាយុ​១៨​ឆ្នាំ (​ប្រុស​) រិ​ន ស្រីអូន អាយុ​១៣​ឆ្នាំ និង រិ​ន ស្រីរ័ត្ន អាយុ​៩​ឆ្នាំ​។ យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហេតុការណ៍​លិច​ទូក​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៩​តុលា នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

 
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា  ហេតុការណ៍​ខាងលើ បានកើត​ឡើង​ដោយ​បុរស​ឈ្មោះ រិ​ន មករា និង​មិត្តស្រី បាន​បបួលគ្នា​ជិះទូក​លេង​តាម​ដង​ទន្លេបាសាក់ ដោយ​ពួកគេ​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក​។ ភ្លាមនោះ បុរស​ឈ្មោះ រិ​ន មករា បាន​ហៅ​ឪពុក​របស់ខ្លួន ឈ្មោះ មួង រិ​ន មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកគេ​ដើរលេង​។ ជាមួយគ្នា​នោះ ឪពុក​ក៏បាន​ហៅ​កូនស្រី ២​នាក់​ទៀត (​រិ​ន ស្រីអូន និង រិ​ន ស្រី​រ័តន្ន​) ឡើង​ជិះទូក​លេង​ជាមួយគ្នា​ផងដែរ​។ 
 
​ក្រោយពេល​ទូក​បាន​បើក​ឃ្លាត​ចេញពី​ច្រាំងទន្លេ បាន​ប្រហែល​៤០​ម៉ែត្រ ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង បណ្ដាល​ឲ្យ​ទូក​នោះ​លិច​តែម្ដង​។  ដោយមាន​ការជួយ​សង្គ្រោះ​ពី​អ្នកផ្សេង លោក មួង រិ​ន និង​មិត្តស្រី​របស់​កូន បាន​រួច​ផុតពី​គ្រោះថ្នាក់​។​
 
​ដោយឡែក បងប្អូន​ទាំង​៣​នាក់​នោះ ដែលជា​កូន​របស់លោក មួង រិ​ន បាន​បាត់​ខ្លួន នៅក្នុង​ទន្លេ ជាមួយ​ទូក​តែម្តង​។ ពេលនេះ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ កំពុង​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​៕
 

Tag:
 លិចទូក​
© រក្សាសិទ្ធិដោយ thmeythmey.com