កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid តែងតាំង Solari ជំនួស Lopetegui ដែល​ទើប​បញ្ចប់​ពី​តំណែង​
30, Oct 2018 , 10:42 am        
រូបភាព
​ក្លិប Real Madrid បានប្រកាស​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ​ទូទៅ​លោក Julen Lopetegui ក្រោយ​ដឹកនាំ​ក្រុម​បាន​រយៈពេល​ជាង​៤​ខែ​ជាមួយនឹង​លទ្ធផល​មិន​គាប់ប្រសើរ​។ ការសម្រេច​នេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាភិបាល​ក្លិប​នេះ នៅ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៨​។


 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានទទួល​តំណែង​ជំនួស​លោក Zinedine Zidane កាលពី​ខែមិថុនា​កន្លងទៅ​។ បន្ទាប់ពី​បាក់មុខ​នៅ El Clasico ៥-១ ក្រោម​ថ្វី​ជើង Barcelona កាលពី​ចុង​សប្តាហ៍​នេះ បានធ្វើ​ឲ្យ Real មានកំណត់​ត្រា​ចាញ់​៣​លើក​ជាប់​គ្នា​នៅ La Liga គិត​ចាប់ពី​ឆ្នាំ​២០០៩ និង​ជាការ​បរាជ័យ​ទី ៥ ក្នុងការ​ប្រកួត ៦ លើក​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​មក​។​
 
​សេចក្តីថ្លែងការណ៍​ក្លិប​បាន​លើកឡើងថា មិនមាន​ភាពស្មើគ្នា​នោះទេ​រវាង​គុណភាព​របស់​កីឡាករ Real Madrid ជាមួយនឹង​លទ្ធផល​ដែល​សម្រេចបាន​រហូត​សព្វថ្ងៃនេះ​។ មានន័យថា​ក្នុងចំណោម​កីឡាករ​៣០​នាក់ មាន​៨​នាក់​កំពុង​ស្ថិតក្នុង​ប​ញ្ជី​ឈ្មោះ ដើម្បី​ប្រជែង​ពាន Ballon d'Or ឆ្នាំ ២០១៨ ប៉ុន្តែ​បែ​ជា​ទទួល​បរាជ័យ​ដែល​មិនគួរ​ឲ្យ​ជឿ​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Lopetegui វ័យ​៥២​ឆ្នាំ ម្ចាស់​ការពារ​ជើងឯក Champions League នេះ រកបាន​តែ​១៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងចំណោម ១០​ប្រកួត​នៅ La Liga ក្នុងនោះ​ឈ្នះ​៤ ចាញ់​៤ និង​ស្មើ​២ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៩​។​
 
​ក្រោយ​ប្រកាស​ចែកផ្លូវ​ជាមួយ​អតីត​គ្រូ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្លិប​រហស្សនាម​ស្តេច​ស ក៏បាន​ចាត់តាំង​ឲ្យ​លោក Santiago Solari ដែល​គ្រូបង្វឹក​ក្រុម​ឈុត B របស់ Real Madrid ឡើងមក​ជំនួស​តំណែង​នេះ​បណ្តោះអាសន្ន​។​


លោក Santiago Solari ដែលត្រូវដឹកនាំ Real Madrid បណ្តោះអាសន្ន 
 
Real នឹងត្រូវ​ប្រកួត​ជាមួយ Valladolid ក្នុង​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ នៅ​រាត្រី​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ មុន​ធ្វើដំណើរ​ទៅ​ជួប Viktoria Plzen នៅ Champions League នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​៕

Tag:
 បាល់ទាត់​
  Real Madrid
  Julen Lopetegui
  Santiago Solari
© រក្សាសិទ្ធិដោយ thmeythmey.com