ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ការធ្វើរងលើកខ្ពស់ ឬរងកាប់ជ្រៅ ធ្វើឲ្យដំណាំមានជីជាតិល្អ!
30, Oct 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
«រងលើកខ្ពស់ ឬរងកាប់ជ្រៅ» ជាប្រភេទរងមួយ ជារណ្តៅ ឬពំនូន។ រណ្ដៅ ឬពំនូននេះ គេកប់បញ្ចូលនូវសារធាតុសរីរាង្គ ជាពិសេសរុក្ខជាតិផ្សេងៗ។ រងនេះមានល្ខណៈសមស្របបំផុត ចំពោះតំបន់ណាដែលដីមិនសូវផុសល្អ ឬមានការជាំទឹកខ្លាំង។



ការធ្វើរបៀបនេះផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួនដូចជា៖ 
រុក្ខជាតិអាចចាក់ឫសបានស្រួល ដោយសារដីផុសល្អ
រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ)
ផ្តល់ជីជាតិបន្តិចម្តងៗតាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅ ឬពំនូន
ទប់ស្កាត់ការហូរសឹក ឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
អាចដាំដំណាំបន្លែមមួយសារទៀត ក្រោយពីប្រមូលផលដោយមិនទាមទារឱ្យលើកជារងថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ ប៉ុន្តែគេត្រូវដូរប្រភេទដំណាំ។
 ទន្ទឹមនឹងគុណសម្បត្តិរងខ្ពស់ ក៏អាចនាំបញ្ហាមួយចំនួនដែរដូចជា៖
ត្រូវការសារធាតុសរីរាង្គច្រើន
ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា
ពេលដំបូងការលូតលាស់របស់បន្លែរាងយឺត ដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។
 របៀបធ្វើ និងដាំ
ក- គូសចំណាំនូវកន្លែងដែលត្រូវធ្វើរង ហើយចាំងស្មៅចេញ ដោយយកស្មៅទុកមួយដុំសម្រាប់ប្រើដាក់ចូលក្នុងរណ្ដៅវិញ។
 



ខ- ជីករណ្ដៅឱ្យបានជ្រៅ៣តឹក ហើយយកអាចម៌ដីគរទុកមួយដុំ។
 


គ- បន្ទាប់ពីជីកហើយបំផុសបាតរណ្ដៅ។


ឃ- កប់បញ្ចូលនូវស្លឹកឈើស្មៅ និងកាកសំណល់រុក្ខជាតិផ្សេងៗ រួមទាំងលាមកសត្វខ្លះៗ ឬបន្តិចបន្តូច (ប្រហែល១/៤នៃបរិមាណណស្លឹកឈើ)។


ង- យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ ហើយកំរាស់សាច់ដីគឺត្រូវយ៉ាងតិចបំផុតក៏ប្រវែងមួយចំអាមដែរ


ច- យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះ បើអត់ជីកំប៉ុស្តយើងអាចប្រើលាមកសត្វដែលពុកៗ ឬយកដីស្រទាប់លើដែលមានជីជាតិ។


ឆ- ស្រោចទឹកលើផ្ទៃរងឱ្យជោក។


ជ- យកស្លឹកឈើគ្របលើផ្ទៃរង ហើយទុកចោលប្រហែល១អាទិត្យទៅ២អាទិត្យមុនដាំ។ នៅពេលដាំបើយើងដាំពេលល្ងាចគឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។


ឈ- ចាប់ផ្តើមដាំ បន្ទាប់ពីស្រោច ហើយបានប្រហែល៥ម៉ោងក្រោយមក។ សូមកុំស្រោចទឹកថែមទៀត មុនពេលដាំភ្លាមហើយក្រោយពេលដាំ។ សូមរក្សាគម្របដីនៅដដែល។


ញ- មួយថ្ងៃឬ២ថ្ងៃក្រោយមក បើរងមានសភាពស្ងួតយើងអាចស្រោចទឹកបន្ថែម។
 កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ៖
បរិមាណជីលាមកសត្វគួរតែស្មើប្រហែលមួយ១/៤នៃសារធាតុសរីរាង្គទាំងអស់។
បើពិបាកកាប់ចូលទៅជ្រៅខ្លាំង យើងអាចធ្វើជារបៀបពូនឡើងវិញ។ យើងអាចប្រើដើមចេកឬកំណាត់ឈើជារបាំងសងខាងរង ដើម្បីងាយស្រួលគរសារធាតុសរីរាង្គនិងពូនដី
ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់ យើងគួរលាយដីដំបូកន្លះៗ ជាមួយដីដែលពូនជារងខាងលើ។
 
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv។ 
ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ៕
 

Tag:
 កសិកម្ម
  សរីរាង្គ
  ជីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com