ជាតិ
សេដ្ឋកិច្ច
ផ្លូវ​មួយ​ខ្សែ​ថ្មី​ភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​ផ្លូវ​៣៧១ ជំនួស​ការឆ្លងកាត់​ច្រមុះជ្រូក​ក្បាលថ្នល់​
30, Oct 2018 , 7:19 pm        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦​ខែតុលា បាន​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​មួយ​ខ្សែ​។ នេះ​ជា​ផ្លូវ​ដែល​បំពេញបន្ថែម​ចម្ងាយ​របស់​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្ដី​ហ៊ុន​នាង​។ នៅពេល​សាងសង់​រួចរាល់ មហាវិថី​ឧកញ៉ា​ហ៊ុន​នាង ដែល​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​២ មក​ផ្លូវ ៦០​ម៉ែត្រ នឹងត្រូវ​លាតសន្ធឹង​មកដល់​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​បឹងទំពុន​។


 
​នៅពេល​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​រួចរាល់ ទីតាំង​មុខ​ក្រុមហ៊ុន​រថយន្ត​មែក​សឺ​ដេ​ស នឹង​ក្លាយជា​ផ្លូវ​ចំណុចប្រសព្វ​៤​ទិស​។​


 
​កំណាត់​ផ្លូវ ដែល​ត្រូវ​បើក​ការដ្ឋាន​នេះ មាន​ប្រវែង ២,៨​គីឡូម៉ែត្រ និង​ទទឹង ៣០​ម៉ែត្រ ព្រមទាំង​មាន​ស្ពាន​មួយ​ផងដែរ​។ ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សមិទ្ធផល​ថ្មី​នេះ​ជា​អំណោយ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​មិនបាន​បញ្ជាក់​ចំនួន​ទឹកប្រាក់​សាងសង់​នោះទេ​។​


 
​នៅពេល​កំណាត់​ផ្លូវ​នេះ​ដាក់​ឲ្យ​ប្រើប្រាស់ ប្រជាពលរដ្ឋ​នឹង​អាចធ្វើ​ដំណើរ​ពី​ផ្លូវ​៣៧១ ទៅ​មហា​វិធី​សម្ដេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ដោយ​មិនចាំបាច់​ធ្វើដំណើរ​តាមផ្លូវ​២៧១ កាត់​ច្រមុះជ្រូក​ក្បាលថ្នល់​នោះឡើយ​។ ផ្លូវ​៣៧១ គឺ​ភ្ជាប់​ពី​ស្ពានដែក​ស្ទឹងមានជ័យ (​ឥឡូវ​ស្ពានថ្ម​) ចំការ​ដូង តាម​បណ្ដោយ​បឹងទំពន់ មក​ផ្លូវ​២៧១ ។​


 
​សាលា​រាជធានី​ភ្នំពេញ អះអាងថា ការស្ថាបនា​កំណាត់​ផ្លូវ​ថ្មី​នេះ នឹង​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ក្បាលថ្នល់ និង​អិ​វឌ្ឍន៍​ភ្នំពេញ​ភាគខាងត្បូង​។​តំបន់​ផ្លូវ​៦០​ម៉ែត្រ​នាពេល​បច្ចុប្បន្ននេះ កំពុងតែ​ទាក់ទាញ​ការវិនិយោគ បុរី ផ្សារ​ទំនើប ជាដើម​ឲ្យ​ចូលមក​តំបន់​នេះ​៕
 


Tag:
 ផ្លូវ​៦០​ម៉ែត្រ
© រក្សាសិទ្ធិដោយ thmeythmey.com