ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ មិន​ឲ្យ​លោកស្រី ស្មី​ត ជួប​លោក កឹម សុខា ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​រឿង​សម្ងាត់
30, Oct 2018 , 2:43 pm        
រូបភាព
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦។ រូបពីទំព័រហ្វេសបុក Cambodian National Rescue Party
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦។ រូបពីទំព័រហ្វេសបុក Cambodian National Rescue Party
ដោយ: ថ្មីៗ
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​និង​ជា​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គ​សហប្រជាជាតិ នៅតែ​ឆ្លៀត​ស្នើសុំ​ជួប​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ សំណើ​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ ច្រានចោល​។   


 
​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បកស្រាយ​ថា ការបដិសេធ​នេះ គឺ​ដោយសារតែ​សំណុំរឿង​របស់លោក កឹម សុខា កំពុងតែ​ស្ថិតក្នុង​នីតិវិធី​នៃ​ការ​ស៊ើបសួរ​នៅឡើយ ដោយ​មិនទាន់​ត្រូវបាន​បញ្ចប់​នោះទេ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​គេ ខ្លាច​ប៉ះពាល់​ការសម្ងាត់​»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ពន្យល់ថា ករណី​លោក កឹម សុខា ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ឡើយ​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារ​ព័ត៌​មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​ជួប​ឬ​មិន​ឲ្យ​ជួប​គឺជា​ការសម្រេច​របស់​តុលាការ​។ រដ្ឋាភិបាល មិនអាច​លូកដៃ​ចូល​បាន​នោះទេ​»​។​
 
​លោកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​អះអាងថា លោកស្រី ពុំទាន់បាន​ឃើញ​ដីកា​របស់​តុលាការ ដែល​បដិសេធ​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត នោះទេ​។ ដូច្នេះ លោកស្រី​ មិន​អធិប្បាយ​អ្វី​ឡើយ​។ 
 
​តែ​យ៉ាងណា លោកស្រី​មេធាវី យល់ថា តុលាការ គួរតែអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត ជួប​លោក កឹម សុខា​។ លោកស្រី ប្រាប់​សារ​ព័ត៌​មាន​ថ្មីៗ បែបនេះ​ថា​៖«​លោកស្រី រ៉ូ​ណា ស្មី​ត មិនមែនជា​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ទេ អ៊ីចឹង​តុលាការ មិនគួរ​ហាមឃាត់​លោកស្រី​ឡើយ​»​។    
 
​តាម​កម្មវិធី​ដែល​គ្រោងទុក លោកស្រី រ៉ូ​ណា ស្មី​ត នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជា និង អង្គការ​-​សង្គម​ស៊ីវិល​នានា​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ជាលើកទី៥ នៅកម្ពុជា មាន​រយៈពេល​១១​ថ្ងៃ គឺចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ កាលពី​ឆ្នាំ​២០១៧ លោកស្រី ក៏​សុំ​ជួប​លោក កឹម សុខា ដែរ តែ​ត្រូវបាន​បដិសេធ​ដូចគ្នា​។ កាលនោះ លោក កឹម សុខា នៅជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ 
 
​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់​លក្ខខណ្ឌ​យ៉ាង​តឹងរឹង​ចំពោះ​លោក​។ 
 
​បើតាម​លក្ខខណ្ឌ​របស់​ចៅក្រម​ស៊ើបសួរ អតីត​ប្រធាន​គណបក្សប្រឆាំង មិនអាចដើរហើរ​ឆ្ងាយ​ពី​ផ្ទះ​របស់លោក​ឡើយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹងសំណុំរឿង​ដែរ​។ សូម្បីតែ អ្នកនយោបាយ​ឬ​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង ក៏​ចៅក្រម​ស៊ើបសួរ ហាម​លោក មិន​ឲ្យ​ជួប​ដែរ​។ 
 
​អតីត​គណបក្សប្រឆាំង និង​មជ្ឈដ្ឋាន​ខ្លះ  យល់ឃើញថា លោក កឹម សុខា មិនទាន់មាន​សេរីភាព​ពេញលេញ​នោះទេ ដោយ​គ្រាន់តែ​ត្រូវបាន​ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំខ្លួន​ក្នុងផ្ទះ​ប៉ុណ្ណោះ​៕ 
 

Tag:
 រ៉ូ​ណា ស្មី​ត​
  កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com