ជាតិ
សេដ្ឋកិច្ច
លោក គួច ចំរើន ប្រាប់​សហគមន៍​ថា​«​ដាំ​ស្លឹកគ្រៃ រហូត​ទាល់​តែមួយ​ប្រទេស​ស្គាល់​យើង​»
30, Oct 2018 , 8:19 pm        
រូបភាព
(រូបពីរដ្ឋបាលខេត្តកំពង់ចាម)
(រូបពីរដ្ឋបាលខេត្តកំពង់ចាម)
ដោយ:
​កំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម ហាក់​មិន​ស្ងប់​ចិត្តនឹង​ការហូរចូល​បន្លែ​ពី​ក្រៅ មក​កម្ពុជា​នោះឡើយ​។ «​យើង​មានលទ្ធភាព​ធ្វើ​ការដាំដុះ​ដោយ​ខ្លួនឯង ប៉ុន្តែ​រាល់ថ្ងៃនេះ​យើង​ទិញ​ចូល​ពី​បរទេស​នូវ​ស្លឹកគ្រៃ និង​បន្លែ​ផ្សេងៗ​ទៀត ដែល​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​សុខភាព​របស់​យើង​»​។ លោក គួច ចំរើន ថ្លែង​បែបនេះ​នៅមុខ​សហគមន៍​កសិកម្ម​នាក​ម្ម​វិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​មួយ​នៅ​ថ្ងៃទី​២៥​ខែតុលា​។​


 
​ស្របពេល​មានការ​នាំចូល​ស្លឹកគ្រៃ​ច្រើន​ពី​ក្រៅប្រទេស លោក គួច ចំរើន បាន​ថ្លែង​ដល់​សហគមន៍​សំបូរ​មានជ័យ​ថា​៖«​ធ្វើ​អ្វី​ធ្វើ​ឲ្យ​ខ្លាំង រហូតដល់​ខ្មែរ​មួយ​ប្រទេស​ដឹងថា បើ​ត្រូវការ​ស្លឹកគ្រៃ គឺ​ទៅរក​សហគមន៍​សំបូរ​មានជ័យ​»​។ 
 
​ប្រសាសន៍​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​៖
 

 
 
​សព្វថ្ងៃ សហគមន៍​សំបូរ​មានជ័យ ក្នុង​ឃុំ​សំបូរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្គត់ផ្គង់​ស្លឹកគ្រៃ ៣,៥​តោន និង​ល្ហុង ២​ទៅ​៣​តោន​ក្នុង​មួយថ្ងៃ​ទៅ​ទីផ្សារ​។ តែ​លោក​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​សហគមន៍​ផ្ដោត​ការដាំ​ស្លឹកគ្រៃ​ខ្លាំងក្លា​ជាងនេះទៅទៀត ខណៈ​លោក​ដឹងថា​ទីផ្សារ​ដើម​គរ​នៅ​ភ្នំពេញ ដែលជា​ផ្សា​របោះ​ដុំ​ដ៏​ធំ មាន​តម្រូវការ​ស្លឹកគ្រៃ​ប្រមាណ ៧០​តោន​ក្នុង​មួយថ្ងៃ​ឯណោះ​។​
 
​ក្រៅពី​ស្លឹកគ្រៃ​សហគមន៍​នេះ​បាន​ផ្គត់ផ្គង់​ចេក ១០០០​ស្ទង ឪឡឹក ៥០០០​ផ្លែ ម្នាស់ ៥០០​ផ្លែ សម្រាប់​ផ្សារ​ម៉ាក្រូ​ក្នុង​មួយខែៗ​។ 


 
​លោក ឆាយ ថុង ប្រធាន​សហគមន៍​សំបូរ​មានជ័យ​ឲ្យ​ដឹងថា សហគមន៍​នេះ​ក្នុងពេល​ដំបូង​មាន​ដើមទុន​ត្រឹមតែ ៨​លាន​រៀល​ប៉ុណ្ណោះ តែ​រហូតមកដល់​សព្វ​ថ្ងៃនេះ​ដើមទុន​បាន​ឈានដល់ ១១៧៦​លាន​រៀល​។ លោក ឆាយ ថុង មានប្រសាសន៍​ដូច្នេះ​ថា​៖«​កសិករ​ធ្លាប់​ទុក​ដី​នៅ​ជុំវិញ​ផ្ទះ​ឲ្យ​ទំនេរ តែ​បច្ចុប្បន្ន​ដី​ទាំងនោះ​បានប្រែក្លាយ​ទៅជា​ដី​ដាំ​ស្លឹកគ្រៃ និង​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​»​។​


 
​នេះ​ជា​សហគមន៍​មួយ​ក្នុងចំណោម​សហគមន៍​ជាច្រើន ដែល​លោក គួច ចំរើន បានធ្វើ​បទ​បង្ហាញ​ណែនាំ និង​សាកសួរ ក្នុង​ខេត្តកំពង់ចាម​។ លោក​បាន​ជំរុញ​ឲ្យ​កសិករ​ឈានដល់​ការដាំដុះ​ដែល​អាច​គ្រប់គ្រង​ទីផ្សារ​ដោយ​ខ្លួនឯង​។ 
 
«​ដោយសារ​រាល់ថ្ងៃ យើង​ដាំ​នេះ​បន្តិច ដាំ​នោះ​បន្តិច បានជា​គេ​ក្រឡុក​យើង​បាន​។ បើ​យើង​ធ្វើ​ឲ្យ​ទៅជា​ប៉ូល​មួយ​នៃ​ការផ្គត់ផ្គង់ នោះ​យើង​វិញ​ទេ​ដែល​គ្រប់គ្រង​ទីផ្សារ​»​។​



​បន្ថែម​ពីនេះ លោក គួច ចំរើន ណែនាំ​ដល់​កសិករ​ឲ្យ​ដាំ​ដុះ​ដំណាំ​ដែលមាន​សក្ដានុពល​មួយចំនួន​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​រក​ទីផ្សារ និង​មាន​ជំនាញ​ច្បាស់លាស់ ចៀសវាង​ការចាប់យក​ច្រើន​មុខ​ដំណាំ​ពេក​។​
 
​អភិបាលខេត្ត​កំពង់ចាម​ដែល​ទើប​ឡើងកាន់តំណែង​ជាង​មួយឆ្នាំ​រូបនេះ បាន​រម្លឹក​ដល់​កសិក​រ​ទៀតថា សាមគ្គី​ក្នុង​ក្រុម គឺជា​ការចាំបាច់ ដែល​នាំទៅដល់​ការចែករំលែក និង​ការរៀនសូត្រ​ពីគ្នា​ក្នុង​សហគមន៍ ហើយ​លោក​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​បទពិសោធ​ន៍​ជាមួយ​សហគមន៍​ដទៃទៀត​៕
 

Tag:
 ស្លឹកគ្រៃ​
  គួច ចំរើន​
  សហគមន៍​សំបូរ​មានជ័យ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com