កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ ការដើរ​ចេញពី Real ព្រោះ​ដឹងថា​ប្រធាន​ក្លិប​លែង​ចាត់ទុក​ខ្លួន​ជាម​នុស្ស​សំខាន់​
30, Oct 2018 , 9:19 pm        
រូបភាព
Cristiano Ronaldo ថា​មូល​ហេតុដែល​រូបគេ​សម្រេចចិត្ត​ចាក​ចេញពី Real Madrid ទៅ​ចូលរួម​ជាមួយ Juventus គឺ​នៅក្រោយពេល​ដឹងថា​ប្រធាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​លោក Florentino Perez លែង​ចាត់ទុក​ខ្លួន​ជាម​នុស្ស​ដែល​មិនអាច​ខ្វះ​បាន​ដូច​មុន​។ នេះ​បើតាម​កា​រស​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


 
«​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅក្នុង​ក្លិប​ដូចជា​មាន​បញ្ហា ជាពិសេស​ប្រធាន​ក្លិប​តែម្តង គឺ​ខ្ញុំ​លែង​សំខាន់​ក្នុង​កែវភ្នែក​គាត់​ទៀតហើយ​។ Ronaldo លើកឡើង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនា​វ​ដ្តី​បាល់ទាត់​បារាំង​។ រូបគេ​ថែមទាំង​បន្ថែមថា ក្នុង​រយៈពេល ៤ ឬ ៥ ឆ្នាំ​ដំបូង​មាន​អារម្មណ៍​ថា​គឺជា Cristiano Ronaldo ប​ន្តែ​ក្រោយៗ​មកវា​បាន​បាត់អស់​។​
 
«​ប្រធាន​ក្លិប​លែង​មើល​មក​ខ្ញុំ​ថា​ជា​កីឡាករ​ដែល​មិនអាច​ខ្វះ​បាន​តទៅ​ទៀតហើយ ហើយ​នេះ ជា​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ចាកចេញ​»​។​


Ronaldo និងប្រធានក្លិន Real Madrid លោក Perez
 
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​លវ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ពី​ទឹកដី Bernabeu ទៅ​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​អ៊ីតាលី ក្នុងតម្លៃ ១១៥ លាន​ដុល្លារ​អាមេរិក កាលពី​ខែកក្កដា បន្ទាប់ពី​ស្នាក់នៅ​ទឹកដី​អេ​ស្ប៉ា​រយៈពេល ៩ រដូវ​កាល​។​
 
​ការបង្ហាញ​ខ្លួន​ចុងក្រោយ​របស់ Ronaldo សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ គឺ​ក្នុង​ការប្រកួត​ដែល Real ឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League និង​ជាការ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​៣​រដូវ​កាល​ជាប់ៗ​គ្នា​នៅក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane​។ បើទោះជា​បាន​នាំ​ក្រុម​ទទួលបាន​ជោគជ័យ​យ៉ាងនេះ​ក្តី ប៉ុន្តែ​ទំនាក់ទំនង​រវាង​ក្លិប និង​អ្នកចាត់ការ​សញ្ជាតិ​បារាំង​មិនមាន​ភាពប្រសើរ​ឡើយ ដោយ​លោក​បាន​សម្រេចចិត្ត​ចាកចេញ​។​
 
​ជុំវិញ​បញ្ហា​ខាងលើ ម្ចាស់​ពាន Ballon d'Or ៥​សម័យ​បញ្ជាក់​យ៉ាងច្បាស់​ថា ការចាកចេញ​របស់គេ​មិន​ផ្អែកលើ​ការចាកចេញ​របស់លោក Zidane ឡើយ តែ​វា​ជា​ស្ថានភាព​រវាង​រូបគេ​ជាមួយ​ក្លិប​ប៉ុណ្ណោះ​៕
​ 

Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  Real Madrid
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com