អន្តរជាតិ
រឿង​អ្វីខ្លះ​ដែល​គួរ​ដឹង​ជុំវិញ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​អាមេរិក​ដើមខែ​ក្រោយ​?
30, Oct 2018 , 9:59 pm        
រូបភាព
​ការបោះ​ពាក់កណ្តាល​អាណត្តិ (Midterm Election) នៅ​អាមេរិក​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៦ ខែវិច្ឆិកា​ខាងមុខនេះ បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​កំពុង​បន្ត​ការឃោសនា​ដើម្បី​ដណ្តើមយក​អាសនៈ​ភាគច្រើន​ក្នុង​សភា​រៀងៗ​ខ្លួន​។



​បច្ចុប្បន្ន​បក្ស​សាធារណរដ្ឋ​នៅ​បន្តកាន់កាប់​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​ទាំងពីរ ប៉ុន្តែ​បើសិនជា​បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​វិញ​ក្នុងការ​បោះឆ្នោត​ខាងមុខ​នោះ រឿង​សំខាន់​មួយចំនួន​នឹង​កើតឡើង​ផង​។​ខាងក្រោយ​នេះ​រឿង​មួយចំនួន​ដែល​គួរ​យល់ដឹង​ជុំវិញ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​៖ 

១.​ហេតុអ្វី​គេ​ហៅ​បោះឆ្នោត​ពាក់កណ្តាល​អាណ​តិ្ត​?
 
​គេ​ហៅ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ធ្វើ​ព្រោះ​វា​ត្រូវ​រៀបចំឡើង​នៅ​ចំពាក់​កណ្តាល​អាណត្តិ​រប​ស់​ប្រធានាធិបតី​ដែលមាន​រយៈពេល​បួន​ឆ្នាំ​នោះ​។ អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា ការបោះឆ្នោត​កើតឡើង ពីរ​ឆ្នាំមុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​។ ឧទាហរណ៍​ជាក់ស្តែង ការបោះឆ្នោត​ធ្វើឡើង​នៅ​ថ្ងៃ ៦ ខែវិច្ឆិកា ព្រោះ​ប្រធានាធិបតី​ដែល​មកពី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​ឆ្នោត​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំ ២០១៦ និង​បាន​ស្បថ​ចូលកាន់​តំណែង​ពីថ្ងៃ ២០ ខែមករា​ឆ្នាំ ២០១៧​។​
 
​ក្រៅតែពី​ការបោះឆ្នោត​រើស​សមាជិកសភា​សហព័ន្ធ ការបោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ និង​អភិបាលក្រុង​ជាមួយនិង​សមាជិកសភា​តាម​បណ្តា​រដ្ឋ​នោះ​ក៏ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​តែមួយ​ដែរ​។ 
២. អាសនៈ​សភា​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​ដណ្តើម​គ្នា​ក្នុងការ​បោះឆ្នោត​?
 
​យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក​មាត្រាមួយ ផ្នែក​ទី​ពីរ ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នេះ អាសនៈ​ទាំងអស់​ចំនួន ៤៣៥ នៅក្នុង​រដ្ឋសភា​ទាំងមូល (House of Representatives) រួមជាមួយ​អាសនៈ​មួយ​ភាគបី​ឬ ៣៥ នៃ​អាសនៈ​ទាំង ១០០​នៅក្នុង​ព្រឹទ្ធសភា (Senate) ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​រវាង​បក្សនយោបាយ​ជាពិសេស​បក្ស​ធំៗ​ទាំងពីរ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​។​
 
៣. បក្ស​ណា​កាន់​អាសនៈ​ភាគច្រើន​ពេលនេះ​? 
 
​ដើម្បី​បាន​សំឡេង​ភាគច្រើន គណបក្សនយោបាយ​ត្រូវ​កាន់​កាន់​អាសនៈ ៥១​ក្នុង​ព្រឹទ្ធសភា និង​អាសនៈ ២១៨ នៅក្នុង​សភាតំណាងរាស្ត្រ​។ បច្ចុប្បន្ន​គណបក្ស​សាធារណរដ្ឋ​ក្តោប​ក្តាប់​អាសនៈ​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ជាន់​ក្នុងនោះ​មាន​អាសនៈ ៥១ នៅក្នុង​ព្រឹទ្ធសភា និង​មាន​អាសនៈ​រហូតដល់ ២៣៥​ឯណោះ​ក្នុង​សភាតំណាងរាស្ត្រ (បក្សប្រជាធិបតេយ្យមានអាសនៈ​ ១៩៣ និងអាសនៈទំនេរ ៧)។​
 
៤.​អត្រា​អ្នកបោះឆ្នោត​នឹង​កើនឡើង​ឆ្នាំនេះ​
 
​រៀងរាល់ឆ្នាំ នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​គឺ​តែងតែមាន​អត្រា​អ្នកចូលរួម​ទាប​បំផុត ពោលគឺ​ទាប​ជាការ​បោះឆ្នោត​ទូទៅ​ដែល​សំដៅលើ​ការបោះឆ្នោត​សភា និង​ការបោះឆ្នោត​ប្រធានាធិបតី​នោះ​។ 
 
​ប៉ុន្តែ​បើតាម​របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន Pew ចំនួន​អ្នកបោះឆ្នោត​នៅ​ឆ្នាំនេះ​នឹង​កើនឡើង​ខ្ពស់ជាង​សព្វដង​។   របាយការណ៍​នោះ​បញ្ជាក់ថា ពាក់កណ្តាល​នៃ​អ្នកចូលរួម​ចុះឈ្មោះ​បោះឆ្នោត​បានបង្ហាញ​ឆន្ទៈ​ទៅ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ឆ្នាំនេះ ដែល​វា​ខ្ពស់ជាង​ចំនួន​ប្រជាជន​ដែល​បោះឆ្នោត​នៅ​ឆ្នាំមុនៗ​។​
 
៥.​លទ្ធផល​បោះឆ្នោត​មាន​ឥទ្ធិពល​បែប​ម៉េច​លើ​នយោបាយ​អាមេរិក​បច្ចុប្បន្ន​?
 
​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នេះ​មាន​ឥទ្ធិពល​សំខាន់​លើ​នយោបាយ​អាមេរិក​ជាពិសេស​លើ​តំណែង​ប្រធានាធិបតី​របស់លោក ត្រាំ និង​ការអនុវត្ត​អំណាចនីតិបញ្ញត្តិ​ក្នុងការ​អនុម័ត​ច្បាប់​ជាដើម​។ 
 
​ក្នុងករណី​ដែល​បក្ស​សាធារណរដ្ឋ​នៅ​អាច​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ដដែល​នោះ លោក ត្រាំ នឹង​អាចអនុវត្ត​គោលនយោបាយ​របស់ខ្លួន​ដែល​ធ្លាប់​សន្យា​ក្នុងពេល​ឃោសនា​ឲ្យ​កាន់តែ​ងាយស្រួល ជាពិសេស​រំលាយ​បទ​ប​ញ្ញ​តិ្ត​សុខាភិបាល Obamacare និង​បន្ត​ការតែងតាំង​មន្ត្រី​ផ្សេងទៀត​ជាពិសេស​ចៅក្រម​តុលាការ​កំពូល​ជាដើម​។ 
 
​ប៉ុន្តែ​បើសិនជា​បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​សភា​ទាំងពីរ​ត្រឡប់មកវិញ​នោះ រឿង​អាក្រក់​នឹង​កើតឡើង​ចំពោះ​លោក ត្រាំ​។ រឿង​ដំបូង​ដែល​គេ​នឹងធ្វើ​គឺ ចាប់ផ្តើម​ដំណើរការ​ចោទប្រកាន់​ប្រធានាធិបតី និង​ឈានទៅ​ដកហូត​តំណែង​ផងដែរ​ដោយ​ប្រើប្រាស់​បទ​ចោទ​ជាច្រើន​ជាពិសេស​ការចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦​នោះ​។ ក្រៅពី​រឿង​លោក ត្រាំ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​នឹង​ចាប់ផ្តើម​បិទផ្លូវ​ប្រធានាធិបតី​ក្នុងការ​តែងតាំង​មន្ត្រីជាន់ខ្ពស់​ដែល​ខ្លួន​មិន​ពេញចិត្ត និង​ឈានទៅ​បញ្ចប់​បំណង​បក្ស​សាធារណរដ្ឋ​ក្នុង​ការលុបចោល​បទបញ្ញត្តិ​សុខាភិបាល Obamacare, រារាំង​ការឈាន​ទៅ​កាត់បន្ថយ​ការចំណាយ​ច្រើន​លើ​វិស័យ​សុខាភិបាល សន្តិសុខ​សង្គម ក៏ដូចជា​ទប់ស្កាត់​បំណង​រដ្ឋបាល​លោក ត្រាំ ក្នុងការ​បន្ត​កាត់​ប​ន្ថ​ពន្ធ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ក្រុមហ៊ុន និង​អ្នកមាន​ផងដែរ​។ 

៦.​បក្ស​ប្រជាធិបតេយ្យ​ទំនង​ដណ្តើម​អាសនៈ​ភាគច្រើន​មកវិញ​? 
 
​បក្ស​ប្រជាធិបតេយ្យ​ត្រូវការ​អាសនៈ​យ៉ាងហោចណាស់ ២៤ ដើម្បី​បាន​សំឡេង​ភាគច្រើន​ក្នុង​សភាតំណាងរាស្ត្រ ដោយសារ​បច្ចុប្បន្ន​បក្ស​នេះ​មាន​អាសនៈ​ត្រឹមតែ​១៩៣ប៉ុណ្ណោះ​។ បច្ចុប្បន្ននេះ គ្មាន​អ្នកណា​អាច​ទាយ​ដឹងថា​បក្ស​ណា​នឹងមាន​ប្រៀប​ទេ​។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​នយោបាយ​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​ដណ្តើម​អាសនៈ​ភាគច្រើន​មកវិញ​ដោយសារ​ហេតុផល​មួយចំនួន​ជាពិសេស​បញ្ហា​ដែល​កើតឡើង​ក្នុង​គោលនយោបាយ​ដឹកនាំ​របស់​រដ្ឋបាល​ដឹកនាំ​ជាពិសេស​ប្រធានាធិបតី​។ រឿងអាស្រូវ​និង​បញ្ហា​របស់លោក ត្រាំ ផ្ទាល់​អាចជា​ហេតុផល​ចម្បង​មួយ​ធ្វើ​ឲ្យ​បក្ស​សាធារណរដ្ឋ​បាត់បង់​សំឡេងគាំទ្រ​។ 
 
​ដូច​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តំណែង​ប្រធានាធិបតី​ដូច្នេះ​ដែរ​។ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​ទាប និង គោលនយោបាយ​មិន​សមប្រកប​មួយចំនួន​បានរួម​ចំណែក​ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​បាត់បង់​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​។​
 
៧. ប្រធានសភា​តំណាង​ថ្មី​នឹងត្រូវ​ជ្រើសរើស​ក្រោយ​ការបោះឆ្នោត​
 
​ទោះជា​បក្ស​ណា​ឈ្នះ​បាន​សំឡេង​ភាគច្រើន​ក៏ដោយ វា​នឹងមាន​ការផ្លាស់ប្តូ​ររ​ប្រធានសភា​តំណាង (Speaker)​។ ប្រធានសភា​បច្ចុប្បន្ន​លោក Paul Ryan មកពី​បក្ស​សាធារណរដ្ឋ​បានប្រកាសថា​លោក​មិន​ឈរឈ្មោះ​ដើម្បី​ស្វែងរក​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ជាថ្មី​ឡើយ​។ ដូច្នេះ​វា​មានន័យថា វា​ចាំបាច់​មាន​បេក្ខជន​ថ្មី​ដើម្បី​ជំនួស​តំណែង​លោក​នៅពេល​បោះឆ្នោត​រួច​។ 
​គណបក្ស​ណា​ដែល​ដណ្តើម​អាសនៈ​ភាគច្រើន​បាន​ក្នុង​សភា​តំណាង​ក្រោយ​បោះឆ្នោត​នេះ​នឹង​អាច​ជ្រើសរើស​ប្រធានសភា​បាន​។ ក្នុងករណី​ដែល​បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​អាសនៈ​ភាគច្រើន​នៅ​សភា​តំណាង​នោះ លោកស្រី Nancy Pelosi អាច​នឹង​ឡើងកាន់តំណែង​ប្រធានសភា​៕
 

Tag:
 ​អាមេរិក​
 ​បោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​
  បក្ស​ប្រជាធិបតេយ្យ​
 ​បក្ស​សាធារណរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com