មន្ទីប៉ង់តាហ្កូនកំពុងរពង្រាយទ័ពប្រហែលជាង ៥ពាន់នាក់ទៅកាន់ព្រំដែនម៉ិកស៊ិកដើម្បីពង្រឹងសន្តិសុខព្រំដែនទប់ទល់នឹងការបន្តកើនឡើងនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ពីអាមេរិកកណ្តាលឥតឈប់នោះ។ ការពង្រាយទ័ពតាមព្រំដែននេះគឺជាបំណងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
កងទ័ពសកម្ម ៥២០០នាក់ត្រូវពង្រាយទៅការពារសន្តិសុខនៅតាមព្រំដែនភាគខាងត្បូងអាមេរិកដែលជាប់ជាមួយម៉ិកស៊ិកនៅដើមសប្តាហ៍នេះ។ នេះជាការប្រកាសរបស់មន្ត្រីការពារជាតិអាមេរិកនៅថ្ងៃចន្ទទី ២៩ ខែតុលា។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការពង្រាយកងទ័ពបន្ថែមច្រើនសន្ធឹកនេះធ្វើឡើងតាមបំណងរបស់ប្រធានាធិបតី ត្រាំ ដែលម្តងជាពីរដងបានលើកឡើងពីការដាក់ចេញវិធានការទប់ទល់នឹងការឆ្លងដែនខុសច្បាប់របស់ជនអន្តោប្រវេសអាមេរិកកណ្តាលច្រើនសន្ធឹកកន្លងមកនោះ។
តាមពិតទៅ ការពង្រាយកងទ័ព ៥២០០នេះទៅព្រំដែនគឺបន្ថែមទៅលើចំនួនកងឆ្មាំការពារជាតិ២០០០នាក់ដែលមានវត្តមាននៅតាមព្រំដែនរួចទៅហើយនោះ។ វាជាការបង្កើនកងកម្លាំងសន្តិសុខនៅតាមព្រំដែនទ្រង់ទ្រាយធំបំផុតមួយដែលកម្រកើតមានឡើងនៅអាមេរិក។
ថ្វីបើអាមេរិកបន្តបង្កើនកម្លាំងទ័ព និងពង្រឹងសន្តិសុខតាមព្រំដែនដូច្នេះក្តី គេឃើញថា ក្រុមជនអន្តោប្រវេសហាក់មិនមានថមថយឡើយ ហើយពួកគេបន្តព្យាយាមឆ្លងដែនពីប្រទេសអាមេរិកខាងត្បូង ក្វាតេម៉ាឡា មកកាន់ម៉ិកស៊ិកក្នុងគោលបំណងឆ្លងដែនចូលទឹកដីអាមេរិក។
បើតាមស្នងការទទួលបន្ទុកគយនិងការពារព្រំដែន Kevin McAleenan ស្ថានការណ៍នៅតាមព្រំដែនក្លាយជារឿងរក្សាសន្តិសុខ និងវិបត្តិមនុស្សជាតិ ព្រោះអាជ្ញាធរឃាត់ខ្លួនអ្នកព្យាយាមឆ្លងដែនខុសច្បាប់ប្រហែល ១៩០០នាក់រៀងរាល់ថ្ងៃ។ បច្ចុប្បន្ន អាជ្ញាធរអាមេរិកនៅតាមព្រំដែនកំពុងបន្តព្យាយាមគ្រប់គ្រងស្ថានការណ៍តាមព្រំដែនជាពិសេសទប់ស្កាត់ជនអន្តោប្រវេសន៍ប្រហែល ៣៥០០នាក់ដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់ Chiapas-Oaxaca ប្រទេសម៉ិកស៊ិកសំដៅមកភាគខាងជើង។
លោកក៏បន្ថែមផងដែរថា អាជ្ញាធរក៏កំពុងព្យាយាមឃ្លាំមើលជនអន្តោប្រវេសន៍មួយក្រុមទៀតដែលមានប្រហែល ៣០០០នាក់ដែលបានប្រមូលផ្តុំគ្នានៅតាមព្រំដែនរវាងក្វាតេម៉ាឡា និងម៉ិកស៊ិកនោះ។ ភាគច្រើននៃជនអន្តប្រវេសន៍មកតាមមេខ្យល់ ហើយក៏ចំណាយលុយច្រើនពាន់ដុល្លារដែរដើម្បីមកដល់ព្រំដែនអាមេរិក។
លោក McAleenan និយាយដូច្នេះ៖«ជនអន្តោប្រវេសន៍លើពីពាក់កណ្តាលដែលបានមកដល់ព្រំដែនគឺមកជាលក្ខណៈគ្រួសារ និងមានខ្លះជាក្មេងតូចៗដែលគ្មានអាណាព្យាបាលមកជាមួយ។ ពួកគេស្ថិតក្រោមការដឹកនាំរបស់ឈ្មួញរត់ពន្ធមនុស្ស ហើយពួកគេត្រូវចំណាយប្រហែល ៧០០០ដុល្លារក្នុងមនុស្សម្នាក់ដើម្បីធ្វើដំណើរផ្សងព្រេងនេះផងដែរ»។
ដោយឡែកប្រធានាធិបតីអាមេរិកដែលកំពុងមរមាញឹកនឹងការឃោសនាត្រៀមបោះឆ្នោតសភាពាក់ណ្តាលអាណត្តិនោះបានបង្ហាញអារម្មណ៍ធុញទ្រាន់នឹងជនអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកដែលប៉ងឆ្លងចូលព្រំដែនអាមេរិកនោះ។ លោកបានសរសេរតាមបណ្តាញសង្គម Twitter ដោយហៅការបន្តលួចឆ្លងដែនរបស់ជនអន្តោប្រវេសន៍ទាំងនោះថាជាការឈ្លានពាន និងស្នើឲ្យពួកគេត្រឡប់ទៅផ្ទះវិញផង។
«សមាជិកក្រុមជើងកាងជាច្រើន និងជនពាលជាច្រើននៅនៅលាយឡំគ្នាក្នុងចំណោមក្រុមជនអន្តោប្រវេសន៍ដែលមកដល់ភាគខាងត្បូងព្រំដែនយើង។ សូមអ្នកត្រឡប់ទៅវិញចុះ។ អ្នកនឹងមិនត្រូវបានការអនុញ្ញាតឲ្យចូលទឹកដីអាមេរិកឡើយ វាលែងតែអ្នកបានឆ្លងកាត់នីតិវិធីសុំចូលជាផ្លូវការតាមផ្លូវច្បាប់។ នេះវាជាការឈ្លានពានប្រទេសយើង ហើយទាហានរបស់យើងនឹងរង់ចាំអ្នកនៅព្រំដែន»។ លោក ត្រាំ សរសេរដូច្នេះ៕