អន្តរជាតិ
សិង្ហបុរីកំណត់បរិមាណប្រើប្រាស់ទឹកសម្រាប់មនុស្សម្នាក់១៣០លីត្រក្នុងមួយថ្ងៃត្រឹម ២០៣០ រូបភាព៖ Prime Minister Office
×
ដោយ៖ គី ចំណា
សិង្ហបុរីនឹងកាត់បន្ថយការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនម្នាក់ៗជាមធ្យមមកត្រឹមនៅ១៣០លីត្រក្នុងក្នុងរយៈពេលមួយថ្ងៃនៅត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះ។ កម្រិតប្រើប្រាស់ទឹកជាមធ្យមរបស់ប្រជាជនសិង្ហបុរីស្ថិតនៅកម្រិតខ្ពស់ពោលគឺជាង ១៤០ លីត្រឯណោះ។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Teo Chee Hean នៅថ្ងៃទី២៧ខែតុលានេះបានថ្លែងថាប្រជាជនសិង្ហបុរីត្រូវយល់ដឹង និងចេះគិតគូរពីអនាគតប្រទេសជាតិខ្លួន ដើម្បីធានាសន្តិសុខធនធានទឹក និងដើម្បីកាត់បន្ថយការពឹងផ្អែកពីប្រទេសដទៃទៅលើនាំចូលធនធានទឹកនេះ។
បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia មន្ត្រីជាន់ខ្ពស់រូបនេះរម្លឹកថា សិង្ហបុរីជាប្រទេសកោះតូចមួយជិតប្រទេសម៉ាឡេស៊ី និងហ៊ុមព័ទ្ធដោយសមុទ្រ។ ហេតុដូចនេះ សិង្ហបុរីមានភាពលំបាកក្នុងការផ្គត់ផ្គង់ទឹកសាបប្រើប្រាស់ដល់ប្រជាជនទូទៅ។
ការប្រើប្រាស់ទឹកស្អាតសន្សំសំចៃជាអ្វីដែលរដ្ឋាភិបាលសិង្ហបុរីចង់បាន ហើយជារៀងរាល់ឆ្នាំរដ្ឋាភិបាលនិងអង្គការនានាបានព្យាយាមផ្តល់ការណែនាំដល់ប្រជាជន និងភាគីពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាជំរុញឲ្យការសន្សំសំចៃនេះធ្វើឡើងកាន់តែទូលំទូលាយ។
កន្លងមក ភ្នាក់ងារសិង្ហបុរីមួយចំនួនដែលមានតួនាទីក្នុងការថែទាំ និងរក្សាទឹកស្អាត ក៏បានចាប់ផ្តើមអនុវត្តវិធីសាស្ត្រផ្សេងៗដើម្បីជួយឲ្យប្រជាជនសន្សំសំចៃទឹក។ ក្នុងនោះមានការប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីតាមដានមើលបរិមាណទឹក និងឧបករណ៍ដែលបង្ហាញពីតួរលេខបរិមាណទឹកដែលគេប្រើប្រាស់ជាដើម។
គម្រោងសន្សំសំចៃទឹកនេះបានចាប់ផ្តើមពីការប្រើប្រាស់ទឹក ១៥៥ លីត្រជាមធ្យមក្នុងមួយថ្ងៃនៅឆ្នាំ២០០៩ មកសល់ត្រឹមតែ ១៣០លីត្រក្នុងមួយនាក់ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ខាងមុខ។ សិង្ហបុរីនិងរៀបចំវិធីសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតក្នុងការសន្សំសំចៃទឹក និងការកែច្នៃទឹកសមុទ្រឬទឹកកខ្វក់ឲ្យទៅជាទឹកស្អាតវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com