អន្តរជាតិ
ខ្មែរ​អាមេរិកាំង​ដំបូង​ប្រកួត​ផ្តាច់​ព្រ័ត​ជា​តំណាងរាស្ត្រ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​
31, Oct 2018 , 8:56 am        
រូបភាព
កញ្ញា​ អេលីហ្សាបែត ហេង​ បេក្ខជន​តំណាងរាស្ត្រ​​ខាង​គណបក្សសាធារណរដ្ឋដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌលសភា​​ទី​១៦​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកាខាងមុខនេះ។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)
កញ្ញា​ អេលីហ្សាបែត ហេង​ បេក្ខជន​តំណាងរាស្ត្រ​​ខាង​គណបក្សសាធារណរដ្ឋដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌលសភា​​ទី​១៦​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកាខាងមុខនេះ។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)
ដោយ: ថ្មីៗ
​វ៉ាស៊ីនតោន —​វីដេអូ​ឃោសនា​រក​សំឡេងឆ្នោត​ ដែល​បើកឆាក​ឡើង​មាន​រំលេច​ដោយ​រូបថត​ខ្លះៗ​ស្តីពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រទេស​កម្ពុជា​នៅក្រោម​របប​ខ្មែរក្រហម​បានក្លាយ​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​បេក្ខជន​អភិរក្សនិយម​ដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌល​សភា​ទី​១៦​ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​ខាងមុខនេះ​។


 
​វីដេអូ​ឃោសនា​នេះ​ក៏​ធ្លាប់បាន​បណ្តាលឱ្យ​មានកា​រត​វ៉ា​ដ៏​ខ្លាំងក្លា​ប្រឆាំងនឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​និង​ធ្វី​ត​ធឺ​ផងដែរ​នៅពេលដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំងពីរ​នេះ​បាន​ផ្អាក​មិនឱ្យ​ផ្សាយ​បណ្តោះអាសន្ន​ហើយ​វា​គឺជា​ការបង្ហាញ​នូវ​លក្ខណៈពិសេស​របស់​បេក្ខជន​តំណាងរាស្ត្រ​អេ​លីហ្សា​បែ​ត ហេង​(Elizabeth Heng) ដែល​កំពុងធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត​ដោយ​ទិស​ស្លោ​កថា​«​ជោគជ័យ​ធំៗ​អាច​ទទួលបាន​ពី​គូប្រជែង​ដ៏​ខ្លាំ​ង‍​»​នៅក្នុង​ការខិតខំ​ប្រឹង​ប្រែង​ដើម្បី​ផ្តួល​គូប្រជែង​ដែល​កំពុង​កាន់តំណែង​គឺ​លោក​ជី​ម កូ​ស្តា (Jim Costa) អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​ដែលមាន​អាយុ​៣៣​ឆ្នាំមាន​កំណើត​នៅ​ទីក្រុង​សាន់​ហូ​ស្សេ រដ្ឋកា​លី​ហ្វ​ញ៉ា មាន​គោលបំណង​ប្រែក្លាយ​មណ្ឌល​សភា​នេះ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទៅជា​សាធារណរដ្ឋ​វិញ​ដោយ​នាង​មានជំនឿថា​នឹង​ផ្តល់ឱកាស​ការងារ​ដល់​អ្នកបោះឆ្នោត​អាច​សម្រេច​ជោគជ័យ​បាន​ដោយ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​។ 
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​វី​អូ​អេ​ថា​៖
 
«​ខ្ញុំ​ពិតជា​មានជំនឿថា​យើង​ត្រូវការ​សំឡេង​ថ្មី​មួយ​ដែលមាន​ទស្សនវិស័យ​ថ្មី​ដើម្បី​ប្រយុទ្ធ​សម្រាប់​សហគមន៍​យើង​និង​បញ្ហា​នានា​ដែល​សហគមន៍​ជួប​ប្រ​ទះ»​។​
​នាង​បាន​បន្ថែមថា​ការរស់នៅ​ក្នុង​សហគមន៍​នេះ​និង​បទពិសោធន៍​ដែល​បានធ្វើការ​នៅ​រដ្ឋសភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​ខ្វះ​ការងារ​ធ្វើ ច្បាប់​ប្បញ្ញត្តិ​នានា​ដាក់​លើ​របរជំនួញ​ខ្នាតតូច​ប៉ុន្តែ​គាំទ្រ​ច្បាប់​ប្បញ្ញត្តិ​ណា​ដែល​កាត់បន្ថយ​ការិយាធិបតេយ្យ និង​ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ស្តារឡើងវិញ​នូវ​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែក​កសិកម្ម​។​
 
​មណ្ឌល​សភា​ទី​១៦​នេះ​ដែល​រួមមាន​ក្រុង​ហ្វ្រែ​ស​ស្នូ (Fresno) ម៉ា​ដេ​រ៉ា (Madera) និង​មឺ​ស៊ីដ (Merced) គឺជា​មណ្ឌល​ដែល​ពលរដ្ឋ​មាន​ចំណូល​ទាប​ជាងគេ​នៅក្នុង​រដ្ឋ​។ តាមរយៈ​វីដេអូ​ឃោសនា​រក​សំឡេងឆ្នោត​នេះ កញ្ញា​អេ​លីហ្សា​បែ​ត ហេង​បានបង្ហាញ​ពី​សង្កាត់​ដែល​មិនមាន​ការអភិវឌ្ឍ​ដោយ​ដើរកាត់​មុខ​ហាង​ដែល​មិនមាន​សកម្មភាព​លក់ដូ​រហើយ​ត្រូវ​បិទ​ចោល​និង​បាន​ថ្លែងថា​៖«​សូម​ក្រឡេកមើល​នៅ​ជុំវិញ​ទីនេះ​។ នេះ​គឺជា​អ្វីដែល​អ្នកនឹង​ទទួលបាន​ក្នុង​រយៈពេល​១៤​ឆ្នាំ​ទៀត​ចាប់ពីពេលនេះ​ទៅ​បើសិនជា​អ្នក​មិន​រៀបចំ​ផែនការ​សម្រាប់​អនាគត​ដ៏​ប្រសើរ​ជាង​ពេលនេះ​ទ‍េ​»​។ រយៈពេល​១៤​ឆ្នាំ​គឺជា​ពេលដែល​លោក​ជី​ម កូ​ស្តា​កាន់តំណែង​ជា​អ្នកតំណាងរាស្ត្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ មណ្ឌល​នេះ​មាន​ពលរដ្ឋ​ដើមកំណើត​អាស៊ី​ចំនួន​ជិត​៩​ភាគរយ ស្បែក​ស​ជាង​២៥​ភាគរយ និង​ដើមកំណើត​អាមេរិក​ឡាទីន​ចំនួន​ជាង​៥៨​ភាគរយ​។​
 
​កញ្ញា​បាន​បន្ថែមថា​៖
 
«​ដូច្នេះ​ខ្ញុំ​ជឿថា​វា​ជាការ​សំខាន់​ណាស់​សម្រាប់​យើង​វិនិយោគ​លើ​ការហ្វឹកហ្វឺន​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​សម្រាប់​ការងារ​និង​ជំនាញ​ខាង​ពាណិជ្ជក​ម្ម‍​»​។​
​ជំនាញ​ដែល​បេក្ខជន​អេ​លីហ្សា​បែ​ត ហេង​យល់ថា​ចាំបាច់​សម្រាប់​សហគមន៍​នោះ​មានដូចជា​ជំនាញ​ផ្សារ​ដែក ជួសជុល​គ្រឿងអគ្គិសនី ជួសជុល​បំពង់​ទឹក និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដូចជា​វិទ្យាសាស្ត្រ​កំ​ព្យូ​ទ័​រ​។​
 
​ដោយមាន​ឪពុកម្តាយ​ជា​អតីតជន​ភៀសខ្លួន​មកពី​ប្រទេស​កម្ពុជា កញ្ញា​អេ​លីហ្សា​បែ​ត ហេង​បាន​ធំ​ឡើង​នៅក្នុង​ទីក្រុង​ហ្វ្រេស​ស្នូ រដ្ឋកា​លី​ហ្វ​ញ៉ា​។ លោកឪពុក​ជាវ ហេង និង​ម្តាយ​ស៊ីវ ឃឺ បាន​មកដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៣​បន្ទាប់ពី​បានរស់នៅ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​ក្រោម​របប​កុម្មុយនីស្ត​ខ្មែរក្រហម​។ លោក​ជាវ ហេង​ជា​អ្នក​ភ្នំពេញ​រីឯ​លោកស្រី​ស៊ីវ ឃឺ​ជា​អ្នក​ខេត្តកណ្តាល​ហើយ​ពួកគាត់​អាចនិយាយបាន​ច្រើន​ភាសា​ដែលមាន​ដូចជា​ខ្មែរ ឡាវ បារាំង និង​ភាសា​ចិន​។​
 
​ពេលមកដល់​សហរដ្ឋ​អាមេរិក​ដំបូង លោក​ជាវ ហេង​បានធ្វើការ​ជា​កម្មករសំណង់​និង​ប្រពន្ធ​ធ្វើការ​ជាជាង​កាត់ដេរ​សម្លៀកបំពាក់​ដើម្បី​សន្សំ​ថវិកា​បាន​គ្រប់គ្រាន់​បើកហាង​គ្រឿងទេស​មួយ​នៅ​ទីក្រុង​ហ្វ្រេស​ស្នូ​រហូតដល់​សព្វថ្ងៃនេះ​។ នេះ​ជា​របរ​ប្រចាំត្រកូល​មួយ​ដែល​បាន​បន្ត​តាំងពី​ជីដូន​ជីតា​របស់​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​ហើយ​នាង​បាន​ជួយ​ការងារ​នៅក្នុង​ហាង​នេះ​ផង​និង​ទៅ​រៀន​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ផង​។​
 
​ការចាប់អារម្មណ៍​នឹង​នយោបាយ​របស់​បេក្ខជន​តំណាងរាស្ត្រ​អេ​លីហ្សា​បែ​ត​បានបង្ហាញ​ឱ្យដឹង​ក្នុង​ឆ្នាំ​២០០៧​តាមរយៈ​បទ​សម្ភាស​មួយ​ជាមួយនឹង​ព្រឹត្តិបត្រ​របស់​សាកលវិទ្យាល័យ​Stanford ដែល​នៅពេល​ត្រូវ​សួរថា​តើ​នាង​នឹង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ខាងមុខ​ទេ​។ ពេលនោះ​នាង​ឆ្លើយថា​«​ប្រាកដ​ណា​ស‍់​»​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​បាន​តំណាងឱ្យ​សិស្ស​វិទ្យាល័យ​សាន់​នី​សាយ (Sunnyside High School) ឡើង​ថ្លែង​សុន្ទរកថា​ទទួល​សញ្ញាបត្រ​សម្រាប់​សិស្ស​រួម​ជំនាន់​ក្នុង​ឆ្នាំ​២០០៣​។ អេ​លីហ្សា​បែ​ត​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​និង​នយោបាយ​សហរដ្ឋអាមេរិក​ពី​សាកលវិទ្យាល័យ​ស្តែ​ន​ហ្វ​ដ (Stanford University) ក្នុង​ឆ្នាំ​២០០៧​ហើយ​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ជំនួញ​ក្នុង​ឆ្នាំ​២០១៧​ពី​សាកលវិទ្យាល័យ​យេ​ល (Yale University) ។​
 
​មណ្ឌល​សភា​ដែល​បេក្ខជន​អេ​លីហ្សា​បែ​ត ហេង​កំពុង​ប្រកួតប្រជែង​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ​។ លោក​ជី​ម កូ​ស្តា គឺជា​អ្នកតំណាងរាស្ត្រ​ដែល​បាន​តំណាងឱ្យ​មណ្ឌល​នេះ​តាំងពី​ឆ្នាំ​២០១៣​។ លោក​គឺជា​អ្នកនយោបាយ​ជើងចាស់​ដែល​បាន​ជាប់ឆ្នោត​តាំងពី​ឆ្នាំ​១៩៧៨ ដោយ​កាន់តំណែង​ជាច្រើន​ជា​បន្តបន្ទាប់ ដូចជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋកា​លី​ហ្វ​ញ៉ា សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ និង​តំណាងរាស្ត្រ​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ​២០០៥​ដល់​បច្ចុប្បន្ន​។​
 
​មណ្ឌល​សភា​នេះ​បាន​គាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦​ដោយ​ឈ្នះ​នាំមុខ​បាន​កម្រិត​២១,៣​ពិន្ទុ​។​
 
​រដ្ឋកា​លី​ហ្វ​ញ៉ា​មាន​អាសនៈ​សភាជាតិ​ចំនួន​៥៣​ហើយ​ក្នុងនោះ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​បាន​ចំនួន​៣៩​។​
 
​លោ​កកូ​ស្តា​រៃអង្គាស​ថវិកា​បាន​ច្រើនជាង​បេក្ខជន​អេ​លីហ្សា​បែ​ត ហេង ដោយ​ទទួលបាន​ទឹកប្រាក់​ចំនួន​១,៥៦​លាន​ដុល្លារ​ទល់នឹង​១​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មការ​បោះឆ្នោត​របស់​សហព័ន្ធ​ត្រឹម​ថ្ងៃទី​៣០​ខែកញ្ញា​។​
 
​ក្រុមការងារ​បោះឆ្នោតរ​បស់​លោក​ជី​ម កូ​ស្តា​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​សម្ភាស​ពី​វី​អូ​អេ​ទេ​។ ប៉ុន្តែ​វីដេអូ​ឃោសនា​រក​សំឡេងឆ្នោត​របស់លោក​បាន​បង្ហាញ​ពី​ជោគជ័យ​របស់លោក​កូ​ស្តា​នៅ​មណ្ឌល​នេះ​និង​បាន​រិះគន់​បេក្ខជន​អេ​លីហ្សា​បែ​ត ហេង​ថា​មិនបាន​ទៅ​បោះឆ្នោត​ចំនួន​១០​ដង​ក្នុងការ​បោះឆ្នោត​ចំនួន​១៩​លើក​។​
 
​មណ្ឌល​សភា​នេះ​មាន​ពលរដ្ឋ​ចំនួន​៧៦០.០០០​នាក់​ប៉ុន្តែ​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​តែ​ចំនួន​២៦០.០០០​នាក់​ប៉ុណ្ណោះ​ហើយ​នេះ​គឺជា​អ្វីដែល​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​ប្តេជ្ញា​ថា​ខិតខំ​ធ្វើការ​ដើម្បីឱ្យ​ពលរដ្ឋ​ចេញមក​បោះឆ្នោត​ឱ្យបាន​ច្រើន​ដោយ​ត្រូវ​គោះទ្វារ​ហៅ​ពួកគេ​ចេញមក​បោះឆ្នោត​។​
 
​នាង​បានបញ្ជាក់​បន្ថែមថា​៖
 
«​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជំរុញ​ពលរដ្ឋ​ឱ្យ​ចេញមក​បោះឆ្នោត​។ វា​ជាការ​សំខាន់​ណាស់​សម្រាប់​សហគមន៍​យើង​ចូលរួម​ពាក់ព័ន្ធ​ដើម្បីឱ្យ​ពួកគេ​បានជា​ផ្នែក​មួយ​នៃ​ការសម្រេច​ចិ​ត្ត‍​»​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​ដែល​បាន​ឈាន​មកដល់​កម្រិត​ខ្ពស់​នេះ​នៅក្នុង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​បាន​ផ្តួល​គូប្រជែង​នានា​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា​នៅក្នុង​ការបោះឆ្នោត​បឋម​កាលពី​ថ្ងៃទី​៥​ខែមិថុនា​។ កាលពី​ឆ្នាំ​២០១០​លោក សេម មាស​នៃ​ទីក្រុង​ហា​វើ​ហ៊ីល (Haverhill) នៅ​រដ្ឋ​ម៉ាស្សា​ឈូ​សិត​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​តំណាងឱ្យ​មណ្ឌល​សភា​ទី​៥​នៅ​រដ្ឋសភាជាតិ​ប៉ុន្តែ​មិនបាន​ជោគជ័យ​ដោយ​លោក​បាន​ចាញ់​ត្រឹម​កម្រិត​ការប្រកួតប្រជែង​បឋម​នៅក្នុង​បក្ស​។​បច្ចុប្បន្ន​លោក​មុំ រ៉ា​ឌី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តែ​ម្នាក់​គត់​ដែល​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​ប្រចាំ​សភា​ប្រចាំ​រដ្ឋ​ម៉ាស្សា​ឈូ​សិត​ដោយ​តំណាងឱ្យ​មណ្ឌល​លេខ​១៨​នៃ​ក្រុង​មី​តដល់​សិច (Middlesex) ។
​លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់ថា​៖
 
«​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង អតីត​កុមារ​ភៀសខ្លួន និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ខ្ញុំ​ពិតជា​មាន​មោទនភាព​នឹង​ជោគជ័យ​របស់​នាង​អេ​លីហ្សា​បែ​ត ហេ​ង‍​»​។​
​លោក​អ៊ូ វីរៈ​ធ្លាប់បាន​រស់នៅក្នុង​ទីក្រុង​ហ្វ្រេស​ស្នូ​និង​សាន់​ហូ​ហ្សេ​រដ្ឋ​កាលី​ហ្វ​ញ៉ា​។​

​លោក​បាន​បន្ថែមថា​៖
 
«​ខ្ញុំ​សង្ឃឹមថា​ជោគជ័យ​របស់​នាង​នឹង​នាំមក​នូវ​មោទនភាព​សម្រាប់​សហគមន៍​ខ្មែរ​ដែល​ត្រូវការ​ឱ្យមាន​ជោគជ័យ​បន្ថែមទៀត​ដើម្បី​ជា​គំរូ​សម្រាប់​ពួកគេ​។ បើសិនជា​នាង​ជោគជ័យ​ក្នុងនាម​ជា​ខ្មែរ​អា​មេ​កាំ​ង​ដំបូង​ទៅកាន់​តំណែង​ក្នុង​រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក ខ្ញុំ​សង្ឃឹមថានឹង​ជួយ​ឱ្យ​យុវជន​ខ្មែរ​-​អាមេរិកាំង​ជាច្រើន​ទៀត​ចាប់អារម្មណ៍​នឹង​នយោបាយ​សហរដ្ឋអាមេរិក​និង​ធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ដើម្បី​បាន​សំឡេង​តំណាង​ច្រើន​កាន់តែ​ធំ​ជាង​មុន​លើ​ទិសដៅ​របស់​សហរដ្ឋ​អា​មេ​រិ​ក‍​»​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង ជឿថា​ដំណើររឿង​របស់​ក្រុមគ្រួសារ​នាង​ដែល​ខិតខំ​ប្រឹងប្រែង​នៅក្នុង​សហរដ្ឋអាមេរិក​នឹង​ជា​ចំណាប់អារម្មណ៍​មួយ​ដល់​អ្នកបោះឆ្នោត​អាស៊ី​នៅក្នុង​សហគមន៍​នេះ​ដោយសារតែ​នាង​នៅតែ​ផ្សារភ្ជាប់​នឹង​ពួកគេ​ដដែល​បើទោះបីជា​នាង​ទទួលបាន​ការសិក្សា​ខ្ពង់ខ្ពស់​ពី​សាកលវិទ្យាល័យ​Stanford និង សាកលវិទ្យាល័យ​Yale​ដែលជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចង្កោម​សាកលវិទ្យាល័យ​លំដាប់​កំពូល​នៅ​សហរដ្ឋអាមេរិក​។​
 
​លោក​អៀ សុផល​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​សហគមន៍​Occidental បាន​និយាយថា​លោក​អាច​នឹង​គាំទ្រ​កញ្ញា​អេ​លីហ្សា​បែ​ត​ហេង​ដរាបណា​បេក្ខជន​រូបនេះ​អាច​បង្ហាញថា​គាត់​ប្រើប្រាស់​រឿងរ៉ាវ​ពី​ជនជាតិខ្មែរ​អាមេរិកាំង​«​ប្រកបដោយ​ភាព​ត្រឹម​ត្រូ​វ‍​»​គឺ មិនមែន​«​គ្រាន់តែ​ជា​ឈ្នាន់​ឈានទៅ​បាន​អំណាច​ទ‍េ​»​។​
 
«​អ្វីដែល​ខ្ញុំ​សង្ឃឹមថា​នាង​នៅចាំ​បាន​គឺថា​រឿងរ៉ាវ​ជា​ជនភៀសខ្លួន​នៃ​គ្រួសារ​របស់​នាង​ដែល​តស៊ូ​នេះ​គឺ​មិន​គ្រាន់តែ​ជា​អ្វីមួយ​ដែល​នាង​យកមកប្រើ​ដើម្បី​កេងចំណេញ​នយោបាយ​ក្នុងនាម​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ទេ​។ នាង​មិនអាច​យកបាន​អំណាច​ហើយ​និង​ងាក​មក​បម្រើ​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​ត្រាំ​ទេ​។ នាង​ត្រូវតែ​ចងចាំ​ថាបើ​គេ​ឱ្យ​អ្វី​ហើយ​គេ​ក៏​ចង់បាន​អ្វីមួយ​មកវិញ​ដែ​រ‍​»​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​គឺជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ នាង​បាន​និយាយ​តាម​បន្ទាត់នយោបាយ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​រិះគន់​គោលនយោបាយ​អន្តោប្រវេសន៍​នាពេល​បច្ចុប្បន្ន​ថា​«​មិន​ដំណើរកា​រ‍​»​ហើយ​នាង​នឹង​ធ្វើការ​ដើម្បី​ការពារ​ព្រំដែន​និង​បង្កើន​វិធានការ​សន្តិសុខ​ដើម្បី​«​រារាំង​ឧក្រិដ្ឋជន​និង​ភេរវ​ករ‍​»​មិនឱ្យ​ចូលក្នុង​សហរដ្ឋអាមេរិក​ប៉ុន្តែ​លើកទឹកចិត្ត​ឱ្យមាន​ជនអន្តោប្រវេសន៍​ស្របច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​គេហទំព័រ​របស់​នាង​។​
 
​កាលពី​ខែកញ្ញា​ឆ្នាំមុន លោក​ប្រធានាធិបតី​ត្រាំ​ក៏បាន​បញ្ជា​ឱ្យ​បញ្ចប់​កម្មវិធី​ការពារ​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​ឪពុកម្តាយ​នាំចូល​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​កាលពី​នៅ​ក្មេងៗ​ដែល​បាន​ផ្តល់ជូន​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​។ លោក​ត្រាំ​បាន​ស្នើឱ្យ​សភាជាតិ​អនុម័ត​ច្បាប់​ថ្មី​ជំនួស​វិញ​។ មាន​យុវជន​ចំនួន​៨០០.០០០​នាក់​ត្រូវបាន​ច្បាប់​នេះ​ការពារ​។ សម្រាប់​សហគមន៍​ខ្មែរ​វិញ​គឺមាន​យុវជន​ចំនួន​៤០​នាក់​ដែល​ត្រូវការពារ​ដោយ​ច្បាប់​«​ការបង្អាក់​សកម្មភាព​លើ​ជន​ដែល​មកដល់​ពី​កុមារ​ភា​ព‍​»​។ នេះ​បើតាម​តួលេខ​នៃ​ក្រសួងអន្តោប្រវេសន៍​និង​សញ្ជាតិ​របស់​សហរដ្ឋអាមេរិក​។​
 
​នៅពេលដែល​វី​អូ​អេ​សួរថា​តើ​នាង​នឹង​ដោះស្រាយ​យ៉ាងណា​ពី​បញ្ហា​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​ហើយ​ត្រូវបញ្ជូន​ត្រឡប់​ទៅវិញ នាង​អេ​លីហ្សា​បែ​ត ហេង បានស្នើ​ថា​គឺ​ត្រូវ​ដោះស្រាយ​ករណី​នីមួយៗ​ប្រកបដោយ​«​មេត្តា​ធ​ម៌‍​»​ដោយ​បញ្ជាក់ថា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​មកដល់​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ជនភៀសខ្លួន​ត្រូវ​សម្រប​ខ្លួន​តាម​សង្គម​ថ្មី​ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុងនោះ​មាន​ភាសា​និង​វប្បធម៌​។

អ្នកខ្លះ​ទៀត​មិន​យល់​ពី​សារៈប្រយោជន៍​នៃ​ការចូល​សញ្ជាតិ​ផង​ដែលជា​ហេតុ​អាច​ត្រូវ​បណ្តេញ​ទៅ​កម្ពុជា​វិញ​ក្នុង​គ្រា​ដែលមាន​ការធ្វើ​ខុសច្បាប់​។​
 
​មាន​ពលរដ្ឋ​កម្ពុ​ជាជាង​៦០០​នាក់​ហើយ​ត្រូវបាន​បណ្តេញចេញ​តាំងពី​សហរដ្ឋអាមេរិក​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​។​
 
​កញ្ញា​អេ​លីហ្សា​បែ​ត ហេង​បាន​បន្ថែមថា​៖
 
«​បញ្ហា​អន្តោប្រវេសន៍​គឺជា​អាទិភាព​មួយ​ក្នុង​យុទ្ធនាការ​របស់ខ្ញុំ ដូច​លោក​បានឃើញ​តាម​បណ្តាញសារព័ត៌មាន​ជាតិ​ហើយ​ថា​នេះ​ជា​បញ្ហា​ដែល​យើង​ជជែក​គ្នា​ជាប្រចាំ​ហើយ​ខ្ញុំ​ចង់​ជួយ​កែទម្រង់​បញ្ហា​អន្តោប្រវេសន៍​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​ប្រទេស​របស់​យើ​ង‍​»​។​
 
​យ៉ាងណាក៏ដោយ នាង​អេ​លីហ្សា​បែ​ត ហេង បញ្ជាក់ថា​នាង​មាន​វិធី​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​ការងារ​ឱ្យបាន​ជោគជ័យ​ហើយនឹង​មិន​ធ្វើជា​«​អ្នក​ប្រថាប់​ត្រ‍ា​»​សម្រាប់​គណបក្សនយោបាយ​ណាមួយ​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com