កីឡាអន្តរជាតិ
អន្តរជាតិ
Leicester៖ Swaffer ជា​វីរបុរស ព្រោះ​លោក​ប្រឹង​បញ្ជា​ចង្កូត​ឲ្យ​ផុតពី​ហ្វូងមនុស្ស​
31, Oct 2018 , 9:25 am        
រូបភាព
​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power មិនមាន​ជនរងគ្រោះ​ផ្សេងទៀត ក្រៅពី​មនុស្ស​៥​នាក់​នោះឡើយ​។ សាក្សី​នានា រួមទាំង​អ្នកសារព័ត៌មាន Sky Sports ផងដែរ​នោះ បាន​អះអាងថា អ្នកបើកបរ​ឧទ្ធម្ភាគចក្រ លោក Eric Swaffer  ប្រៀប​បីដូច​ជា​វីរបុរស ដោយ​លោក​បាន​ព្យាយាម​បញ្ជា​ចង្កូត​ចេញ​ឲ្យ​ផុតពី​ហ្វូងមនុស្ស​។​

 
អត្ថបទទាក់ទង

 
​លោក Eric Swaffer  ជនជាតិ​អង់គ្លេស ដែលមាន​បទពិសោធន៍​ជាង​១៥​ឆ្នាំ លើ​ការបើកបរ​ឧទ្ធម្ភាគចក្រ ត្រូវបាន​ចាត់ទុកជា​វីរបុរស ដោយ​លោក​បាន​ប្រឹង​បញ្ជា​ឧទ្ធម្ភាគចក្រ​គេច​ឲ្យ​ផុតពី​ហ្វូងមនុស្ស ពីព្រោះ​ក្រោយ​បញ្ចប់​ការប្រកួត​ជាមួយ West Ham មនុស្ស​ជាច្រើន​នៅតែ​បន្ត​ធ្វើដំណើរ​ចេញពី​កីឡដ្ឋាន​នៅឡើយ​។​


 
CNN បាន​ផ្សាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​មិនទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ឧបទ្ទវ​ហេតុនេះ​ទេ ខណៈ​ឧទ្ធម្ភាគចក្រ​បាន​ហោះ​ឡើង​កម្ពស់ ៦១ ម៉ែត្រ​ពី​ដី​ទៅហើយ​។ ប៉ូលិស​នៅ​ក្រុង Leicester ក៏បាន​បញ្ជាក់​ដែលថា គ្មាន​នរណាម្នាក់​រងរ​បួស​​នៅ​កន្លែងកើតហេតុ​នោះទេ ហើយ​ការស៊ើបអង្កេត​ក៏​កំពុង​បន្ត​យ៉ាង​ខ្លាំងក្លា​ដែរ​។ 


 
​លោក Dan Cox អ្នក​ថត​វីដេអូ​ប្រចាំ​សារព័ត៌មាន Sky Sports បាន​អះអាង លោក​បានឃើញ​ឧ​ទ្ធ​ម្ភា​ចក្រ​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រក្រតី​។ «​ខ្ញុំ​មិនដឹងថា គាត់ [​លោក Swaffer] ធ្វើយ៉ាងណា​នោះឡើយ ប៉ុន្តែ​គាត់​ហាក់ដូចជា​ព្យាយាម បន្ថយល្បឿន​ឧទ្ធម្ភាគចក្រ ហើយ​ដាក់​គោលដៅ​ឲ្យ​វា​ធ្លា​ក់នៅ​ជ្រុង​មួយ​នៃ​ចំណតរថយន្ត​ក្នុង​កីឡដ្ឋាន​»​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក Dan Cox​។​


 
​អ្នកស្លាប់​ទាំង​៥​នាក់​នោះ​រួមមាន​ម្ចាស់​ក្លិប Leicester លោក Vichai Srivaddhanaprabha ជំនួយការ​ពីរ​នាក់​ដែល​រួមមាន អតីត​បវរកញ្ញា Miss Universe លេខ​២​ថៃ​នាង Nursara Suknamai និង លោក Kaveporn Punpare អ្នកបើក​យន្តហោះ Eric Swaffer និង​នាង Izabela Roza Lechowicz ដែលជា​មិត្តស្រី​ជនជាតិ​ប៉ួ​ឡូញ​របស់លោក Swaffer​។​


 
​អ្នក​បានឃើញ​សកម្មភាព​នៃ​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ ដែល​រួមមាន​ទាំង​អ្នកចាំទី Kasper Schmeichel របស់ Leicester បាន​រត់​ឆ្ពោះទៅ​កន្លែង​ធ្លាក់ និង​ឈរ​មើល​ភ្លើង​ឆាបឆេះ​ក្រោយ​ការផ្ទុះ​យន្តហោះ​នោះ​ទៀតផង​។ «​ខ្ញុំ​មិន​ជឿ​អ្វីដែល​ខ្ញុំ​បានឃើញ​ទាល់តែសោះ​។ វា​ហាក់ដូចជា​មិនមែនជា​ការពិត​»​។​


 
​តារាបាល់ទាត់​ល្បីៗ​នៅ Premier League រួមទាំង​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង នៅក្រោយពេល​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​៕
 


Tag:
 បាល់ទាត់​
  Leicester
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com