ការប្រកួតប្រភេទទំងន់ Flyweight (៦១.២kg) របស់តារាប្រដាល់សេរី ចាន់ រតនា ដែលរំពឹងប៉ះជាមួយកីឡាប្រដាល់ជើងថ្មីរបស់ឥណ្ឌូណេស៊ី Abro Fernandes ដែលមានរហ័ស្សនាម «នាគខ្មៅ» ត្រូវបានលុបចោលវិញដោយសារភាគីម្ខាងទៀតមានរបួស។
លោកគ្រូប្រដាល់សេរី ចាន់ រតនា បង្ហើបឲ្យដឹងថាខ្លួនបានហ្វឹកហាត់ត្រៀមត្រឡប់ចូលវាយលើសង្វៀន ONE: Heart of the Lion នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា នេះនៅសិង្ហបុរី ប៉ុន្តែគំរោងនោះស្រាប់តែត្រូវបានផ្លាស់ប្តូរភ្លាមៗ។
អ្នកដាល់ជើងចាស់ខ្មែរវ័យ ៣២ឆ្នាំរូបនេះ បានទទួលព័ត៌មានពី ONE ស្របពេលខ្លួនកំពុងហ្វឹកហាត់ជាមួយជើងខ្លាំង Phoe Thaw ហៅក្រៅ «Bushido» នៅប្រទេសភូមា។
ថ្វីបើដំបូងរូបគេមានការខកចិត្តខ្លាំង ព្រោះមិនអាចបង្ហាញពីសមត្ថភាពក្បាច់គុនខ្មែរដែលខ្លួនព្យាយាមហ្វឹកហាត់មួយរយៈពេលដើម្បីត្រៀមវាយនៅសិង្ហបុរី ប៉ុន្តែក្រោយមកក៏ទទួលបានសញ្ញាវិជ្ជមានវិញក្នុងកាលៈទេសៈមិនល្អរបស់ខ្លួនក្នុងពេលជាមួយគ្នានោះផងដែរ។
រតនា បង្ហើបប្រាប់ថា៖ «ខ្ញុំមិនសូវសប្បាយចិត្តទេ ពេលគេប្រាប់ខ្ញុំថាការប្រកួតរបស់ខ្ញុំត្រូវលុបចោល»។ តែក៏ល្អម្យ៉ាងដែរ ព្រោះខ្ញុំនឹងមានពេលថែមទៀតសំរាប់ហ្វឹកហាត់បន្ថែមឲ្យកាន់តែខ្លាំងសម្រាប់ការប្រកួតបន្ទាប់»។
ឥឡូវនេះ ONE Championship ពុំទាន់ប្រកាសជាផ្លូវការនៅឡើយទេថានឹងត្រូវឡើងវាយនៅពេលណាបន្ទាប់ ប៉ុន្តែបើតាម រតនា រូបគេនឹងត្រូវវាយក្នុងកម្មវិធី ONE: DESTINY OF CHAMPIONS នៅថ្ងៃសុក្រទី ៧ ខែធ្នូ។
ក្រុមជុំរុំក្បាច់គុនធំបំផុតនៅលើពិភពលោកនឹងបង្ហាញខ្លួនម្តងទៀតនៅពហុកីឡដ្ឋាន Axiata Arena ដ៏ស្រស់ស្អាតនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ រតនា គិតថាខ្លួននឹងបង្ហាញពីក្បាច់គុនខ្មែរដ៏ល្អដ៏អស្ចារ្យនេះដល់អ្នកចូលរួមទាំងអស់ទស្សនា។
បច្ចុប្បន្ននេះរូបគេកំពុងនៅជាមួយមិត្តរួមក្រុមរបស់គាត់នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ទោះបីជាការប្រកួតរបស់កូនសិស្សរបស់គេគឺ Phoe Thaw មិនបានដូចអ្វីដែលលោករំពឹងទុកក៏ដោយក៏ គាត់ទទួលស្គាល់ថាពួកគាត់បានត្រៀមខ្លួនយ៉ាងអស់ពីសមត្ថភាពហើយ។
លោកពន្យល់ថា៖ «គាត់ (Phoe Thaw) បានហ្វឹកហាត់យ៉ាងខ្លាំងរយៈពេលមួយខែហើយ ប៉ុន្តែយ៉ាងណាមិញនៅលើសង្វៀនយើងមិនអាចមើលឃើញទេ»។
រតនា នឹងវិលត្រលប់មកភ្នំពេញវិញដើម្បីបន្តការហ្វឹកហាត់ ដោយសង្ឃឹមថា ONE Championship នឹងទាក់ទងមកប្រាប់ពីការប្រកួតថ្មីឆាប់ៗ។
ស្របពេលនោះដែរ គាត់នឹងចំនាយពេលវេលាជាមួយដៃគូរបស់គាត់លោក Phoe Thaw ក៏ដូចជាក្រុម PT នៅឯប្រទេសភូមា។
គាត់និយាយថា៖ «យើងសប្បាយចិត្តដោយបានផ្លាស់ប្តូរបទពិសោធន៍គ្នា» ។ «ដំបូងវាលំបាកសម្របខ្លួនក្នុងការរស់នៅរបស់គេណាស់ ដោយសារកន្លែងខុសគ្នា ម្ហូបអាហារក៏ខុសគ្នា ប៉ុន្តែពេលបានមកពីរបីលើកក្រោយ វាដូចជាសាមញ្ញធម្មតាវិញ» ។
អត្ថបទ៖ Matias Andre