ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តម្រងនោម​នឹង​ឆាប់​ខូច​ជាមិនខាន ប្រសិនបើ​អ្នក​មិន​បញ្ឈប់​នូវ​ទម្លាប់​ទូទៅ​បំផុត​មួយចំនួន​នេះ​ភ្លាម​ទេ​…
31, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម គឺមាន​រូបរាង​ដូចជា​គ្រាប់សណ្ដែក​អញ្ចឹង ហើយ​វា​ជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ​។ តម្រងនោម មាន​ដើរតួនាទី​ច្រោះ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ផ្សេងៗ ក៏ដូចជា​ជាតិ​ទឹក​ដែល​លើស​ចេញពី​រាងកាយ និង​ថែមទាំង​ជួយ​ដល់​មុខងារ​សំខាន់ៗ​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ ហើយ​ដើម្បី​ជៀស​ផុតពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងៗ​នោះ ការរក្សាបាន​នូវ​តម្រងនោម​ដែលមាន​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​។ យ៉ាងណាមិញ តម្រងនោម គឺ​ងាយ​នឹង​ទទួលរង​គ្រោះ ដោយសារតែ​ទម្លាប់​ទូទៅ​មួយចំនួន​ដែល​មនុស្ស​ភាគច្រើន​មិនបាន​ស្មាន​ដល់​។



អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ទម្លាប់​ទូទៅ​បំផុត​ដែល​ធ្វើ​ឲ្យ​ខូច​តម្រងនោម ៖
 
១. ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់​រាល់ថ្ងៃ នោះ​អ្នក​កំពុងតែ​ធ្វើ​ឲ្យ​តម្រងនោម​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​គួរ​ឲ្យ​ព្រួយបារម្ភ​ហើយ​។ ដូចដែល​បានដឹងហើយថា មុខងារ​ដ៏​សំខាន់​នៃ​តម្រងនោម គឺ​បញ្ចេញ​ចោល​កាកសំណល់​មេ​តា​ប៉ូ​លី​ក​ចេញពី​ប្រព័ន្ធ​រាងកាយ និង​ធ្វើ​ឲ្យ​កោសិកា​ឈាមក្រហម​ក្នុង​រាងកាយ​មាន​តុល្យភាព​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​មិនបាន​គ្រប់គ្រាន់ ដើម្បី​រក្សា ឬ​សម្រួល​ដំណើរការ​នេះ​ទេនោះ ជាតិពុល​គ្រោះថ្នាក់​ផ្សេងៗ គឺ​មិនអាច​ត្រូវបាន​បញ្ចេញ​ចោល​ឡើយ ហើយ​វា​នឹង​ប្រមូលផ្ដុំ​ពេញ​ក្នុង​ឈាម ក៏ដូចជា​រាងកាយ​។​
 
២. ទប់​នោម​យូរពេក​
 
​ការ​នោម ឬ​បង្ហូរ​កាកសំណល់​ចេញពី​ប្លោកនោម គឺ​ត្រូវតែ​ធ្វើឡើង​ដើម្បី​រក្សាបាន​នូវ​តម្រងនោម​ដែលមាន​
​សុខភាព​ល្អ​។ នៅពេល​អ្នក​ទប់​នោម​យូរពេក​សឹងតែ​រាល់​ថ្ងៃនោះ វា​អាច​នាំ​ឲ្យ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា បង្កើន​សម្ពាធ​ទឹកនោម​ក្នុង​តម្រងនោម ឬ​ហៅថា hydronephrosis ហើយ​អាច​បណ្ដាល​ឲ្យ​ខ្សោយតម្រងនោម ឬ​ជំងឺរាក​នោម​។​
 
៣. ទទួលទាន​ជាតិ​ប្រៃ​ច្រើនពេក​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ជាតិ​ប្រៃ​ច្រើន​លើស​កម្រិត​ដែល​រាងកាយ​ត្រូវការ​នោះ វា​នឹងធ្វើ​ឲ្យ​ខូច​តម្រងនោម​ជាក់​ជាមិនខាន​។ អំបិល ឬ​ជាតិ​ប្រៃ​មាន​ផ្ទុក​នូវ​ជាតិ​សូ​ដ្យូ​ម ហើយ​ការទទួល​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ផ្ដល់​សម្ពាធ​ខ្លាំង​លើ​តម្រងនោម​។ ដូច្នេះ​អ្នក​មិនគួរ​ទទួលទាន​អំបិល​ច្រើនជាង ៥.៨ ក្រាម ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាកុល​ច្រើន​
 
​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង គឺជា​ជាតិពុល​មួយ​ដែល​ដាក់​សម្ពាធ​ខ្លាំង​លើ​តម្រងនោម និង​ថ្លើម​។ ការទទួល​ទាន​
​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ពេក​អាច​បណ្ដាល​ឲ្យ​អាស៊ីត​អ៊ុយ​រិ​ក​ត្រូវ​ស្ដុក​ទុក​នៅក្នុង​បំពង់​តម្រងនោម​បង្ក​ជាការ​ស្ទះ ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ខ្សោយតម្រងនោម​។​
 
៥. ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​
 
​ការទទួលបាន​នូវ​ជាតិ​ប្រូតេអ៊ីន គឺ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រូតេអ៊ីន​ច្រើន​ហួសប្រមាណ​ពេក​អាច​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​តម្រងនោម​។ ប្រូតេអ៊ីន​ច្រើនពេក​បង្កើន​ការផ្ទុក​មេ​តា​ប៉ូ​លី​ក​ដែល​បង្ក​ការបំផ្លាញ​ដល់​តម្រងនោម​។​
 
៦. ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
 
​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ដែលមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន​កម្រិត​ខ្ពស់​ដូចជា សូកូឡា​, កាហ្វេ និង​ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ​ទៀត​អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​។ ជា​លទ្ធផល​វា​នឹងដាក់​សម្ពាធ​ទៅលើ​តម្រងនោម ហើយក៏​អាចធ្វើ​ឲ្យ​ខូច​តម្រងនោម​ផងដែរ​។​
 
៧. ជក់បារី​
 
​ការជក់បារី គឺអាច​បង្ក​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម និង​អត្រា​ចង្វាក់បេះដូង​កើនឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស​។ លើសពីនេះ​ទៀត វា​បណ្ដាល​ឲ្យ​មានការ​ថយចុះ​នៃ​លំហូរ​ឈាម ហើយក៏​ធ្វើ​ឲ្យ​ស​សៃ​ឈាម​ក្នុង​តម្រងនោម​រួម​តូច​ផងដែរ​។ ការជក់បារី​ព​ន្លឿ​នប​ញ្ហា​ខូច​មុខងារ​តម្រងនោម​និង​ធ្វើឱ្យ​រោគសញ្ញា​នៃ​ជំងឺ​ដែល​កំពុងតែ​កើតមាន​ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
៨. ទទួលទាន​ថ្នាំ​បំបាត់​ការឈឺចាប់​
 
​ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​បំបាត់​ការឈឺចាប់​ដែល​អាច​ទ្រាំ​បាន​នោះ គឺ​មិនល្អ​ចំពោះ​សុខភាព​តម្រងនោម​ឡើយ​។ ការទទួល​ទាន​ថ្នាំ​នេះ​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ហើយ​វា​ក៏បង្ក​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​លើ​មុខងារ​នៃ​តម្រងនោម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com