អន្តរជាតិ
ការកើនឡើង​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ី កំពុង​រុញ​ជប៉ុន និង​ឥណ្ឌា​ឲ្យ​ខិត​ជិតគ្នា​
31, Oct 2018 , 11:09 am        
រូបភាព
ដោយ:
​ជប៉ុន​និង​ឥណ្ឌា នៅ​ថ្ងៃទី​២៩ ខែតុលា បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី គ្របដណ្តប់​លើ​ច្រើន​វិស័យ​ជាពិសេស​វិស័យ​ការពារជាតិ និង​ពាណិជ្ជកម្ម​ផងដែរ​។ ការ​ឈានទៅ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នេះ​ធ្វើឡើង​ដោយ​ឆ្លើយតប​នឹង​ការកើនឡើង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ក្នុង​តំបន់​កាន់តែខ្លាំង​ទៅៗ​។ 

 
​ការឯកភាព​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន និង​ឥណ្ឌា នេះ​ត្រូវបាន​ធ្វើឡើង​អំឡុង​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ន​រិ​ន្ទ្រា ម៉ូ​ឌី ទៅកាន់​ទីក្រុង​តូ​ក្យូ​។​ទស្សនកិច្ច​របស់លោក ម៉ូ​ឌី គឺ​ផ្តោត​សំខាន់​លើ​ការស្វែងរក​លទ្ធភាព​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​បន្ថែមទៀត​។​
 
​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ក្រោយ​ជំនួប​ជាមួយ​លោក​ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​លើកឡើងថា ទំនាក់ទំនង​រឹងមាំ​រវាង​ជប៉ុន និង​ឥណ្ឌា​ជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុង​ការធានា​សន្តិភាព និង​ស្ថិរភាព​តំបន់​ទាំងមូល​ផង​។ 
 
​ឥណ្ឌា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែល​ជប៉ុន​ជ្រើសរើស​ដើម្បី​បង្កើត​ភាពជា​ដៃគូ​វិស័យ​ការពារជាតិ​រួមគ្នា​។ ប៉ុន្តែ​គេ​មើលឃើញថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​មួយរយៈ​ចុងក្រោយ​នេះ​ក៏​កំពុង​ព្យាយាម​ស្វះស្វែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ក្រៅពី​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់ខ្លួន​សហរដ្ឋ​អាមេរិក​។ 
 
​ជាក់ស្តែង​ប្រទេស​ទាំងនោះ​គឺ​រួមមាន​ដូចជា អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​, ហ្វីលីពីន និង​បណ្តា​ប្រជាជាតិ​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ផង​។​
 
​ក្នុងការ​បង្កើន​ភាពជា​ដៃគូ​លើ​វិស័យ​ការពារជាតិ​របស់​ក្រុង​តូ​ក្យូ​បែបនេះ អាច​និយាយបានថា វា​ព្រោះថា លោក អា​បេ ព្រួយបារម្ភ​ពី ការកើនឡើង​នៃ​ឥទ្ធិពល និង​អំណាច​យោធា​ចិន​ក្នុង​តំបន់​អាស៊ី ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ខ្លួន​។ ត្រង់ចំណុច​នេះ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល លោក អា​បេ បាន​លើកឡើងថា ភាគី​ទាំងពីរ​នឹង​បង្កើត​កិច្ចពិភាក្សា​សន្តិសុខ​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ថ្មី​មួយ និង​ពង្រឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​កងកម្លាំង​និង​ទាហាន​រវាង​ប្រជាជាតិ​ទាំងពីរ​។ គោលបំណង​សំខាន់​គឺ ជួយ​ពង្រឹងសមត្ថភាព​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​នៅពេល​អនាគត​។ 
 
​ក្រៅពីនេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​លើ​ការផ្តល់​ព័ត៌មាន​ដែនសមុទ្រ ឬ​ហៅថា MDA ផងដែរ​កាលពី​ថ្ងៃទី​ចន្ទ​កន្លងទៅ​។ កិច្ចព្រមព្រៀង MDA នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការចែករំលែក​ព័ត៌មាន​សំខាន់ៗ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ដើម្បី​ផលប្រយោជន៍​រួម ជាពិសេស ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​ប្រតិបត្តិការ​របស់​នាវាច​ម្បាំ​ង ឬ​នាវាមុជទឹក​ចិន ក្នុង​មហាសមុទ្រ​ឥណ្ឌា​តែម្តង​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥណ្ឌា​និង​ជប៉ុន​ក៏បាន​យល់ព្រម​ចាប់ផ្តើម​កិច្ចចរចា​ជា​ផ្លូវការ​ជុំវិញ​កិច្ចព្រមព្រៀង​ស្តីពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ ឬ​ហៅថា ACSA​។ ប្រសិនបើ​វា​ត្រូវបាន​ចុះហត្ថលេខា​អនុវត្ត​នោះ កិច្ចព្រមព្រៀង ACSA នេះ នឹង​អនុញ្ញាត​ឲ្យ​កងទ័ពជើងទឹក​ឥណ្ឌា​អាច​ប្រើប្រាស់​មូលដ្ឋានទ័ព​រប​ស់ជ​ប៉ុន នៅ​ប្រទេស​ជី​ប៊ូ​ទី (Djibouti) រីឯ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​មូលដ្ឋានទ័ព​រប​ស់​ឥណ្ឌា​លើ​កោះ Andaman  និង កោះ Nicobar ដែល​ស្ថិតក្នុង​មហាសមុទ្រ​ឥណ្ឌា​ដែរ​។  
​បន្ថែម​ពី​វិស័យ​យោធា លោក អា​បេ ក៏បាន​សន្យា​ផ្តល់​កម្ចី​ការប្រាក់​ទាប​ចំនួន ២,៨​ពាន់​លាន​ដុល្លារ​ដល់ទី​ក្រុង​ញូ​វ​ដេលី​ថែម​ទៀតផង សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៧​នៅ​ឥណ្ឌា​។ ពាក់កណ្តាល​នៃ​កម្ចី​នេះ​នឹងត្រូវ​ផ្តល់​ទៅដល់​គម្រោង​ផ្លូវដែក​នៅ​តំបន់​ភាគ​ខាងលិច​ឥណ្ឌា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយបង្អស់​របស់​ជប៉ុន​ដែលមាន​ល្បឿន​លឿន ដែល​គេ​ស្គាល់​ថា «​រថភ្លើង​គ្រាប់កាំភ្លើង (bullet train)»​។​
 
​ជុំវិញ​ការណ៍​ដែល​ជប៉ុន​ដែល​ងាក​ទៅរក​ចិន​ផង និង​ឥណ្ឌា​ផង​នៅពេលនេះ  សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្តរជាតិ លោក Takashi Kawakami យល់ឃើញថា លោក​អា​បេ ដែល​ទើបតែ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង​កាល​សប្តាហ៍​មុន​នោះ កំពុង​ស្វែងរក​តុល្យភាព​ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា​។ តួយ៉ាង​មេដឹកនាំ​ជប៉ុន​នេះ​រូប​បាន​ទៅ​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន ស៊ី ជិន​ភីង ចំពេល​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ក្តៅគគុក​ទាំង​ផ្នែក​ពាណិជ្ជកម្ម និង​យោធា​។ 
 
​ហើយ​ខណៈ​នេះ លោក​អា​បេ​កំពុង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដើម្បី​ធានា​ឲ្យ​បាន​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន ឥណ្ឌា និង​សហរដ្ឋអាមេរិក លើ​គោលការណ៍​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហរ ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​។ នេះ​ជាការ​បញ្ជាក់​របស់លោក​Takash ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕
 

Tag:
 ​ចិន​
  ទំនាក់ទំនង​ជប៉ុន​-​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com