កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ken Shellito អតីតគ្រូ Chelsea និង Sabah ទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ លោក Ken Shellito ពេលក្លាយជាគ្រូ Chelsea និងពេលមកចែករំលែកបទពិសោធន៍នៅភ្នំពេញក្រោន។ រូបថត Chelsea និង Andy Brouwer
× លោក Ken Shellito អតីតកីឡាករ និងជាគ្រូបង្វឹកក្លិប Chelsea បានទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែតុលា នេះ នៅគេហដ្ឋានរបស់លោកនៅក្រុង Inanam រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ អតីតខ្សែការពារអង់គ្លេសរូបនេះ ក៏ធ្លាប់ដឹកនាំក្លិប Sabah FA របស់ម៉ាឡេស៊ី កាលពីអំឡុងឆ្នាំ១៩៩៨ ផងដែរ។
លោក Ken Shellito ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ដើម្បីព្យាបាលជំងឺសួត និងតម្រងនោម ដែលញាំញីលោកតាំងពីខែឧសភាមកម្ល៉េះ។ កាលពីថ្ងៃអង្គារលោកត្រូវបញ្ជូនទៅកាន់គេហដ្ឋានរបស់ខ្លួនវិញនៅម៉ាឡេស៊ី ហើយមួយថ្ងៃបន្ទាប់ អ្នកស្រី Jeany Shellito ដែលជាភរិយា បានប្រកាសពីដំណឹងមរណភាព។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន New Stratis Times។
លោក Shellito បានលេងឲ្យក្លិប Chelsea តែមួយគត់ ចន្លោះពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៥ និងធ្លាប់បង្ហាញវត្តមាន១លើកផងដែរឲ្យក្រុមជម្រើសជាតិអង់គ្លេសនៅឆ្នាំ១៩៦៣ ។ លោកបានរៀបការជាមួយអ្នកស្រី Jeany ដោយមានកូនស្រី២នាក់។
លោក Shellito ធ្លាប់ដឹកនាំរយៈពេលខ្លីនៅ Chelsea (ឆ្នាំ១៩៧៨) និងក្លិប Cambridge United (ឆ្នាំ១៩៨៥)។ នៅទសវត្សន៍ឆ្នាំ១៩៩០ លោកបានទៅរស់នៅម៉ាឡេស៊ី និងមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅទីនោះ ហើយលោកបានបន្តអាជីពជាគ្រូបង្វឹកនៅក្លិប Kuala Lumpur, Perak និងចុងក្រោយ Sabah នៅឆ្នាំ១៩៩៨។
គ្រូបង្វឹករូបនេះ ជាមនុស្សម្នាក់ដែលបានបង្កើតក្លិបយុវជនថ្នាលរបស់ Chelsea និងធ្លាប់ធ្វើជាប្រធានបច្ចេកទេសនៅក្លិប Selangor និងបម្រើការនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងនាមជាអ្នកវិភាគការប្រកួតផងដែរ។
បន្ថែមពីលើនេះ លោកបានបង្កើតក្រុមថ្នាលមួយដែលមានឈ្មោះថា Ken Shellito Football Academy នៅ Penampang។ កាលពីឆ្នាំ២០១១ លោក និងក្រុមការងារក៏ធ្លាប់មកចែករំលែកបទពិសោធន៍បង្វឹកបាល់ទាត់នៅកម្ពុជា ជាពិសេសជាមួយក្លិបភ្នំពេញក្រោនផងដែរ៕
Tag:
Ken Shellito
Chelsea
Sabah
© រក្សាសិទ្ធិដោយ thmeythmey.com