កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យ​ប្រធាន​សហព័ន្ធ​ហ្គា​ណា មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​បាល់ទាត់​មួយជីវិត
31, Oct 2018 , 9:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ហាម​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ហ្គា​ណា (GFA) លោក Kwesi Nyantakyi មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​វិស័យ​កីឡាបាល់ទាត់​អស់​មួយជីវិត​បន្ទាប់ពី​រក​ឃើញថា​លោក បាន​ប្រព្រឹត្ត​បទល្មើស និង​ការរំលោភបំពាន​ជាច្រើន​ដែល​រាប់បញ្ចូល​ទាំង​ការស៊ីសំណូក និង​អំពើពុករលួយ​ជាដើម​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក Nyantakyi ដែលជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ទូទៅ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ផង​នោះ ត្រូវបាន​រកឃើញថា​បានទទួល​ប្រាក់​សំណូក​ចំនួន ៦៥០០០​ដុល្លារ​អាមេរិក ពី​សំណាក់​អ្នកជំនួញ​ម្នាក់​ជុំវិញ​ការឧបត្ថម្ភ​ក្នុង​លី​គ​កីឡាបាល់ទាត់​ហ្គា​ណា ដែល​ថត​បាន​ដោយ​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​ម្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​។​

ប្រធាន FIFA លោក Gianni Infantino និងអតីតប្រធាន GFA លោក Kwesi Nyantakyi
 
​លោក Nyantakyi ដែលជា​បុគ្គល​ដ៏​មានអំណាច​បំផុត​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​នៅ​តំបន់​អាហ្វ្រិក ក៏ត្រូវ​បាន FIFA ពិន័យ​ជា​ប្រាក់ ៥០០,០០០ ហ្វ្រ​ង់​ស្វី​ស ប្រហែល ៤៩៧០០០ ដុល្លារ​អាមេរិក​ផងដែរ ជុំវិញ​ការប្រព្រឹត្តិ​អំពើពុករលួយ​របស់លោក​។​
 
​បុរស​សញ្ជាតិ​ហ្គា​ណា​រូបនេះ​បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន GFA កាលពី​ខែមិថុនា​កន្លងទៅ បន្ទាប់ពី​ខ្សែភាពយន្ត​ដែល​និយាយ​ពី​ការទទួលយក «​កាដូ​ជា​សាច់ប្រាក់​» របស់លោក​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

 

​អ្នកសារព័ត៌មាន Anas Aremeyaw Anas និង​អង្គភាព​ស៊ើបអង្កេត​របស់ BBC ប្រចាំ​តំបន់​អាហ្វ្រិក បាន​កាត់​យក​ចំនុច​សំខាន់​ពី​ខ្សែភាពយន្ត​នោះ​ដែល​និយាយ​ពី​ការប្រព្រឹត្តិ​អំពើពុករលួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​អាហ្វ្រិក​៕
 

Tag:
 ​បាល់ទាត់​
  FIFA
  ពុករលួយ​
  Kwesi Nyantakyi
© រក្សាសិទ្ធិដោយ thmeythmey.com